គម្រោង​ ៥​១១ ​ចាក់​បញ្ចូល​ទុន ​​៨​,​៥ ​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​រយៈពេល​ជិត​ ៣ ​ឆ្នាំ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គម្រោង​ ៥​១១ ​ចាក់​បញ្ចូល​ទុន ​​៨​,​៥ ​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​រយៈពេល​ជិត​ ៣ ​ឆ្នាំ​

គម្រោង​ ៥​១១ ​ចាក់​បញ្ចូល​ទុន ​​៨​,​៥ ​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​រយៈពេល​ជិត​ ៣ ​ឆ្នាំ​

​ភ្នំពេញ​៖​ ​រយៈពេល​ជិត​ ៣ ​ឆ្នាំ ​ចាប់​តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ​កាលពី​ដើម​ឆ្នាំ​២០២៤ ​រហូតដល់​ខែ​តុលា ​ឆ្នាំ​២០២៦ ​ក្រុម​ការងារ​ជំរុញ​ការ​វិនិយោគ​ខេត្ត​ព្រះសីហនុ ​បាន​សម្រេច​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​គម្រោង​វិនិយោគ​សរុប​ចំនួន​ ៥១១ ​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​សរុប​ ៨​,​៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមការងារ​ជំរុញ​ការ​វិនិយោគ​ខេត្ត​ព្រះសីហនុ​ ​គម្រោង​វិនិយោគ​ទាំង​ ៥​១១​ ​គម្រោង​នេះ​ ​នឹង​ផ្តល់​ឱកាស​ការងារ​សរុប​ជាង​ ៦​ម៉ឺន​កន្លែង​ ​ក្នុង​វិស័យ​ផ្សេង​ៗ​។

​ក្នុង​ចំណោម​គម្រោង​ទាំង ​៥​១១ ​មាន​គម្រោង​ពាក់ព័ន្ធ​នឹង​អគារ​ជាប់​គាំង​ចំនួន​ ២១៨ ​គម្រោង​ ​ខណៈ​គម្រោង​មិន​ពាក់ព័ន្ធ​នឹង​អគារ​ជាប់គាំង ​ឬ​គម្រោង​ថ្មី​ ​មាន​ចំនួន​ ​២៥២​ ​គម្រោង​។ ​ក្រៅ​ពី​នេះ​ មាន​គម្រោង​ពង្រីក​ចំនួន​ ២៦ ​និង​គម្រោង​មាន​ស្រាប់​ចំនួន​ ​១៥​។

​ដោយឡែក​ ​នៅ​ថ្ងៃ​ទី​២៧​ ​ខែ​តុលា ​ឆ្នាំ​២០២៦​ ​គម្រោង​វិនិយោគ​ចំនួន​ ១៤ ​ដែល​មាន​ទុន​វិនិយោគ​សរុប​ ២៣៧​លាន​ដុល្លារ​អាម៉េរិក​ ​បាន​ស្នើសុំ​ចុះ​ ​ហើយ​ក្រុមការងារ​ជំរុញ​ការ​វិនិយោគ​ខេត្ត​ព្រះសីហនុ ​បាន​បើក​កិច្ច​ប្រជុំ​ពិនិត្យ​លើ​គម្រោង​វិនិយោគ​ ​និង​ធុរកិច្ច​ទាំងនេះ​ ​ដើម្បី​រៀបចំ​អនុម័ត​ឱ្យ​ដំណើរការ​វិនិយោគ​ជា​ផ្លូវការ​។

ប្រសិនបើ​ចាប់ផ្តើម​ដំណើរការ​ ​គម្រោង​ទាំង ​១៤ ​នេះ​ ​ត្រូវ​បាន​រំពឹង​ថា​នឹង​ផ្តល់​ឱកាស​ការងារ​ប្រមាណ​ ​២ ៧០០​កន្លែង​ ​ដល់​ប្រជា​ពលរដ្ឋ​។

​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ ​គម្រោង​ទាំង ​១៤ ​រួម​មាន​ ​គម្រោង​អគារ​ពហុ​មុខងារ​ ​សណ្ឋាគារ​ ​សួន​ឧស្សាហកម្ម ​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់ រោង​ចក្រ​ផលិត​ក្តារ​បន្ទះ​គ្រប់​ប្រភេទ​ ​រោងចក្រ​ផលិត​កាវ ​និង​រោងចក្រ​ផលិត​ឧបករណ៍​ពេទ្យ​។​

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ពិនិត្យ​ ​និង​ពិភាក្សា​លើ​គម្រោង​ទាំងនេះ​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ​ហ៊ាន​ ​សាហ៊ីប មានប្រសាសន៍​ថា​ ​ក្រៅ​ពី​ការ​ផ្តល់​ការ​អនុម័ត​លើកទឹកចិត្ត​គម្រោង​វិនិយោគ​ ​និង​ធុរកិច្ច​ ​ក្រុម​ការងារ​បាន​ ​និង​កំពុង​ដឹកនាំ​សម្របសម្រួល​ការ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​។​

​ឯកឧត្តម​បន្ត​ថា​ ​ក្រុមការងារ​ជំរុញ​ការ​វិនិយោគ​ខេត្ត​ព្រះសីហនុ ​ក៏​មាន​តួនាទី​ជា ​«​ច្រក​ចេញ​ចូល​តែ​មួយ​» ​ក្នុង​ការ​ពិនិត្យ​សម្រេច​ផ្តល់​ការ​លើកទឹកចិត្ត​ពិសេស​ ​ផ្តល់​សេវា​ថែទាំ​វិនិយោគ​ ​បន្ត​នីតិវិធី​ផ្តល់​ការ​លើកទឹកចិត្ត​ជាក់ស្តែង​ ​ផ្តល់​ការ​ប្រឹក្សា​យោបល់​ និង​ធ្វើ​ការ​ផ្សព្វផ្សាយ​ប្រកប​ដោយ​បុរេ​ស​កម្ម ​ឆាប់រហ័ស ​និង​មាន​តម្លាភាព​។

ការងារ​នេះ​មាន​គោលដៅ​ជំរុញ​ការ​វិនិយោគ​លើ​គម្រោង​អគារ​ជាប់គាំង ​និង​គម្រោង​ក្នុង​វិស័យ​ឧស្សាហកម្ម​ ​កសិកម្ម ​និង​ទេសចរណ៍​ ​ក្រោម​កិច្ច​សហការ​រវាង​ក្រសួង​ ​ស្ថាប័ន​ ​និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​។​

​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ក៏​បាន​គូសរំលេច​ពី​ការងារ​សំខាន់​ៗ​ដែល​ក្រុមការងារ​ត្រូវ​រៀបចំ​បន្ត ​រួមមាន​ការ​រៀបចំ​របាយការណ៍​វាយតម្លៃ​លើ​ការ​បន្ត​អនុវត្ត​ ​«​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​»​ ​ក្នុង​ឆ្នាំ​២០២៦ ​និង​ការ​ចងក្រង​ឯកសារ​សំខាន់​ៗ​ដែល​ក្រុមការងារ​ ​ក្រសួង​ ​ស្ថាប័ន​ ​និង​អង្គភាព​ពាក់ព័ន្ធ​បាន​រៀបចំ​ក្នុង​រយៈពេល​ ៣​ឆ្នាំ ​ចាប់​ពី​ឆ្នាំ​២០២៤ ​ដល់​ឆ្នាំ​២០២៦​។

​ការងារ​បន្ត​ទៀត​រួម​មាន​ ការ​ផលិត​វីដេអូ​ស្តីពី​លទ្ធផល​ការងារ​រយៈពេល​ ៣​ឆ្នាំ​របស់​ក្រុមការងារ​ ​និង​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ស្ថានភាព​គម្រោង​ដែល​បាន​ទទួល​គោលការណ៍​លើកទឹកចិត្ត​ ​ដើម្បី​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​គម្រោង​ ​និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ឱ្យ​បាន​ទាន់​ពេលវេលា​ ​សំដៅ​ធានា​ប្រសិទ្ធភាព​នៃ​ការ​ជំរុញ​ការ​វិនិយោគ ស្រប​តាម​គោលដៅ​នៃ​កម្មវិធី​ពិសេស​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា