រយៈពេល ៣ឆ្នាំ កម្ពុជា​ទទួលបានគម្រោងវិនិយោគសរុប​ចំនួន​ជាង​ ១៤៩០​គម្រោង ​ក្នុង​ទំហំទុនវិនិយោគជិត ​២៦​ពាន់លានដុល្លារ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រយៈពេល ៣ឆ្នាំ កម្ពុជា​ទទួលបានគម្រោងវិនិយោគសរុប​ចំនួន​ជាង​ ១៤៩០​គម្រោង ​ក្នុង​ទំហំទុនវិនិយោគជិត ​២៦​ពាន់លានដុល្លារ​

រយៈពេល ៣ឆ្នាំ កម្ពុជា​ទទួលបានគម្រោងវិនិយោគសរុប​ចំនួន​ជាង​ ១៤៩០​គម្រោង ​ក្នុង​ទំហំទុនវិនិយោគជិត ​២៦​ពាន់លានដុល្លារ​

ភ្នំពេញ ៖ គិតចាប់តាំងពី​ខែសីហា ឆ្នាំ២០២៣ ពោលគឺចាប់តាំងពីការកកើតរាជរដ្ឋាភិបាល​ក្នុងអាណត្តិ​ទី៧ រហូតដល់​ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ទទួលបានគម្រោ​ងវិនិយោគចុះបញ្ជីសរុបចំនួន ១ ៤៩៣​គម្រោង ជាមួយនឹងដើមទុនសរុបចំនួនជិត ​២៦​ពាន់​លានដុល្លារ​អាម៉េរិក ។ នេះបើតាម​ ឯកឧត្តម ​ប៉ែន បូណា ប្រធាន​អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថ្លែង​ក្នុង​វេទិកា​សារព័ត៌មាន​លើកទី​៩ កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦​ ។

បើតាម​របាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បានបង្ហាញឱ្យឃើញថា ក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានអនុម័តគម្រោងវិនិយោគ​ចំនួន​ ២៨៦គម្រោង​ជាមួយនឹងទុន​វិនិយោគសរុប​ប្រមាណ​ ៤,៨ពាន់​លានដុល្លារអាម៉េរិក ឆ្នាំ២០២៤ ទទួលបានគម្រោងវិនិយោគ​ចំនួន ៤១៤គម្រោង​ជាមួយទុនវិនិយោគប្រមាណ ៦,៩​ពាន់​លានដុល្លារ ឆ្នាំ២០២៥ ទទួលបាន​៦១០គម្រោង​ជាមួយនឹងទុនវិនិយោគ​ប្រមាណ ១០​ពាន់លានដុល្លារអាម៉េរិក ។

ឯកឧត្តម ប៉ែន បូណា ប្រធាន​អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា​ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ បានសម្របសម្រួល​ដល់​វិនិយោគិនទាំងក្នុងស្រុក ​និងបរទេស​ឱ្យ​កាន់តែមានភាពងាយស្រួល​ដោយប្រកាន់​ខ្ជាប់នូវគោលការណ៍​បើកចំហ តម្លាភាព និងការ​ប្រកួត​ប្រជែង​ពេញលេញ គ្មានការ​រើស​អើង ។ ទន្ទឹមនឹងនេះ សម្ដេច​មហា​បវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីបានពុះពារយ៉ាង​ខ្លាំង ដើម្បីលើក​ស្ទួយ​ផលិតផលក្នុងស្រុក​តាមរយៈការ​យកចិត្តទុកដាក់គាំពារ​ដល់​សហគ្រាស​ធុនតូច និងមធ្យមនៅកម្ពុជា ។

ឯកឧត្តមបន្តថា​ ក្នុ​ងអាណត្តិទី៧​នេះ រាជរដ្ឋាភិបាល​ក៏បានសម្រេច​នូ​វសមិទ្ធផល​ដ៏ធំធេង​​មួយ​ក្នុងវិស័យដីធ្លី​ ដែល​ចាត់ទុកជា​កាដូផ្ដល់ជូនប្រជាពលរដ្ឋ​នូ​វមូលដ្ឋាន​នៃជីវិត​ដ៏រឹង​មាំ ។ ក្នុ​ងអាណត្តិ​ទី៧​នេះ រាជរដ្ឋាភិបាលបានប្រគល់​ភារកិច្ច​ជូន​ក្រសួ​ងរៀបចំដែន​ដី​ រៀបចំនគរូបនីយកម្ម​ និងសំណង់ ដើម្បីបញ្ចប់​ការងារ​វាស់វែង​ចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ។ គិតមកដល់ពេលនេះ ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​និងសំណង់ បានវាស់វែង​ដីធ្លី​បានបន្ថែមជាង​ ៦,៣លានក្បាលដី ដែលនាំឱ្យការ​វាស់វែង​ក្បាលដីសរុប​កើនឡើងដល់ជិត​ ១៤​លានក្បាលដី ។ ជាមួយគ្នា​នេះដែរ រាជរដ្ឋាភិបាលបានចេញបណ្ណបន្ថែម​ជាង​ ២,៦លាន​ធ្វើឱ្យចំនួន​បណ្ណ​ដែលធ្វើឱ្យ​​ចំនួន​បណ្ណ​ដែលបានចេញសរុបជិត​ ១០​លានបណ្ណ និងបានចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ប្រមាណ ៩លាន​បណ្ណ ស្មើនឹ​ងជិត ​៩០​ភាគរយ​នៃក្បាលដី ដែលបានបិទផ្សាយរួច​។

ឯកឧត្តម​បន្ថែមថា តាមទិសដៅរបស់រាជរដ្ឋាភិបាល​នឹងជំរុញការ​ចុះបញ្ជីដីធ្លី​បង្ហើយ​ឱ្យចប់សព្វគ្រប់​នៅក្នុងឆ្នាំ២០២៦នេះ និង​បញ្ចប់ការ​ចែកបណ្ណ​នៅឆ្នាំ២០២៧ ដែលនេះគឺជា​លទ្ធផលធំធេង​នៅក្នុង​វិស័យដីធ្លីនៅកម្ពុជា និងជា​ប្រវត្តិសាស្ត្រ​សម្រាប់វិស័យដីធ្លី ។

ការបញ្ចប់ការ​វាស់វែង ចុះបញ្ជីដីធ្លី និងចេញ​បណ្ណ​កម្មសិទ្ធិ​ជូនពលរដ្ឋ​ក៏ដូចជា​ម្ចាស់អចលនទ្រព្យ​នាពេលនេះ គឺជា​យុទ្ធសាស្ត្រមួយក្នុងការទាក់ទាញ​វិនិយោគិនទាំងក្នុង និងបរទេស​មក​បណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដោយរាជរដ្ឋាភិបាល​ ​អាចធានា​ចំពោះទីតាំង​ស្របច្បាប់​ដែល​វិនិយោគិន​បាន​វិនិយោគ ។

កន្លងមក​សម្ដេច​មហា​បវរធិបតី​ ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ផងដែរថា នៅពេលគ្រប់​ក្បាលដីទាំង​អស់​មាន​បណ្ណ​ស្រ​បច្បាប់ អ្នកវិនិយោគ​នឹងលែងបារម្ភចំពោះការ​វិនិយោគលើ​ទីតាំង​ដីណាមួយទៀតហើយ ដោយរាល់ការទិញលក់​ដីធ្លី​សុទ្ធតែមាន​បណ្ណ មានប្លង់​រឹង​ត្រឹមត្រូវ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា