ឧកញ៉ា​ តែ តាំងប៉ ៖ ក្រោយបញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍នៅចុងសប្ដាហ៍នេះ ផលិតផលខ្មែរនឹងកាន់ចំណែកទីផ្សារច្រើនជាង ៣០ភាគរយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឧកញ៉ា​ តែ តាំងប៉ ៖ ក្រោយបញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍នៅចុងសប្ដាហ៍នេះ ផលិតផលខ្មែរនឹងកាន់ចំណែកទីផ្សារច្រើនជាង ៣០ភាគរយ

ឧកញ៉ា​ តែ តាំងប៉ ៖ ក្រោយបញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍នៅចុងសប្ដាហ៍នេះ ផលិតផលខ្មែរនឹងកាន់ចំណែកទីផ្សារច្រើនជាង ៣០ភាគរយ

ភ្នំពេញ ៖ នៅត្រឹមចុងសប្ដាហ៍នេះ ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលជាតិលើកទី៣ នឹងរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៩-១២ ខែមេសា ឆ្នាំ២០២៦ នៅសាលសន្និបាត និងមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលមានការដាក់តាំងបង្ហាញផលិតផលខ្មែរសរុបរាប់រយប្រភេទនៅលើស្តង់ជាង ៣០០ ដោយនឹងមានអ្នកចូលរួមជាច្រើនម៉ឺននាក់។ តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យបង្ហាញពីផលិតផលជាតិគួរជាទីមោទនៈ គេរំពឹងថា​ នឹងទទួលបានការគាំទ្រលិតផលខ្មែរកាន់តែច្រើន ដែលយ៉ាងហោចណាស់អាចកាន់កាប់ចំណែកទីផ្សារច្រើនជាង ៣០ភាគរយដែលមានស្រាប់។

Advertisement

លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាស ធុន​តូច និងមធ្យម កម្ពុជា (FASMEC)បានមានប្រសាសន៍បង្ហាញពីជំនឿចិត្តយ៉ាងមុតមាំថា តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរដែលផលិតនៅក្នុងស្រុក ក៏ដូចជាផលិតផលម៉ាកសញ្ញាខ្មែរដែលសហការផលិតនៅស្រុកនាចុងសប្ដាហ៍នេះ ពិតជាអាចបង្កើននូវស្មារតីគាំទ្រផលិតជាតិយ៉ាងពិតប្រាកដ ខណៈដែលព្រឹត្តការណ៍ពិព័រណ៍បែបនេះទទួលបានភាពជោគជ័យចំនួន២ដងរចមកហើយ។

លោកឧកញ៉ាបានបញ្ជាក់ថា ៖ «តាមរយៈការរៀបចំព្រឹត្តិការណ៍ចំនួន២លើកកាលពីពេលកន្លងទៅនេះ ជាការកត់សម្គាល់គឺយើងទទួលបានជោគជ័យខ្ពស់ក្រោមការចូលរួមគាំទ្រពីសំណាក់ប្រជាជនខ្មែរយ៉ាងកុះករ ហើយបណ្តាក្រុមហ៊ុន សហគ្រាសដែលចូលរួមដាក់តាំងបង្ហាញផលិតផលក៏រីករាយ ព្រោះអាចពង្រីកទីផ្សាររបស់ខ្លួនបានលើសពីការរំពឹងទុក»។

ជាមួយនឹងការរៀបចំព្រឹត្តិការណ៍ដាក់តាំងបង្ហាញពីផលិតខ្មែរ ម៉ាកសញ្ញាខ្មែរ ដើម្បីជំរុញ និងបង្កើនការគាំទ្រនេះដែរ លោកឧកញ៉ាបានបញ្ជាក់ឱ្យដឹងថា កាលពីមិនទាន់មានបញ្ហាព្រំដែនកម្ពុជា-ថៃ ផលិតផលខ្មែរមានចំណែកនៅលើទីផ្សារត្រឹមតែប្រមាន២ភាគរយប៉ុណ្ណោះ ប៉ុន្តែក្រោយមានចលនាធ្វើពហិការមិនប្រើផលិតផលថៃចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក បានធ្វើឱ្យសន្ទុះនៃការគាំទ្រមកលើផលិតក្នុងស្រុកកើនឡើងយ៉ាងខ្លាំងរហូតអាចកាន់កាប់បានចំណែកទីផ្សារប្រមាណជាង ៣០ភាគរយ​​។

លោកឧកញ៉ាបានបន្តថា ៖ «បច្ចុប្បន្ននេះយើងឃើញថា​ បងប្អូនប្រជាជនខ្មែរភាគច្រើនបានងាកមកគាំទ្រផលិតផលខ្មែរយើងច្រើន ខណៈដែលអ្នកផលិតក៏ខិតខំបង្កើនការផលិតដូចគ្នា​។ ជាក់ស្ដែង ផលិតផលដែលកំពុងចរាចរនៅលើទីផ្សារគឺមានរាប់រយ និងឈានជិតដល់ពាន់ប្រភេទ ទាំងប្រភេទផលិតផលសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេស ផលិតផលក្នុងឧស្សាហកម្មចំណីអាហារ ដែលជាមុខទំនិញអាទិភាព។ ដោយឡែក តាមរយៈពិព័រណ៍៤ថ្ងៃនៅចុងសប្ដាហ៍នេះខ្ញុំជឿថា​​ នឹងកាន់តែមានការគាំទ្រច្រើនបន្ថែមទៀតជាមិនខាន»។

សូមជម្រាបថា បច្ចុប្បន្ន ផលិតផលក្នុងស្រុកជាច្រើន ត្រូវបានបង្កើតឡើងតាមរយៈការផលិត និងកែច្នៃវត្ថុធាតុដើម ដែលមានស្រាប់នៅតាមមូលដ្ឋាន ឱ្យក្លាយជាគ្រឿងឧបភោគបរិភោគ វត្ថុប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទ។ ផលិតផលទាំងនេះពោរពេញដោយគំនិតច្នៃប្រឌិត ការរក្សាទុកប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់ របស់ជាតិខ្មែរ ហើយបង្ហាញយ៉ាងច្បាស់អំពីអត្តសញ្ញាណជាតិ និងតម្លៃវប្បធម៌របស់កម្ពុជា ជាមួយនឹងគុណភាពល្អ តម្លៃសមរម្យ និងបរិមាណគ្រប់គ្រាន់តាមតម្រូវការទីផ្សារ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហាញពីការគាំទ្រ និងបានចេញសារលិខិតអបអរសាទរក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» និងបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ គាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ។

ជាមួយគ្នានេះ សម្ដេចបានកត់សម្គាល់ឃើញថា ក្នុងចំណោមគោលនយោបាយជាតិជាច្រើនដែលបានដាក់ចេញក្នុងរយៈពេលចុងក្រោយ គោលនយោបាយ «ភូមិមួយផលិតផលមួយ» នៅតែត្រូវបានចាត់ទុកថាជា ដៃឃ្នាស់ដ៏សំខាន់​មួយសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកសាងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស ដោយប្រកាន់យកស្មារតី «សហគមន៍ជាមូលដ្ឋាននៃការអភិវឌ្ឍ» និងរដ្ឋធ្វើតួនាទីជាអ្នកគាំទ្រ បណ្តុះបណ្តាល និងបង្កើតបរិយាកាសសមស្រប សម្រាប់ទីផ្សារធ្វើជាមូលដ្ឋាន។

តាមរយៈការដាក់ចេញនូវគោលនយោបាយនេះ ឃើញថា ចលនាភូមិមួយផលិតផលមួយ បានរួមចំណែកយ៉ាងសកម្មក្នុងការជួយលើកកម្ពស់ផលិតផលជនបទឱ្យក្លាយជាផលិតផលពាណិជ្ជកម្ម ជួយបង្កើតការងារ និងចំណូលសម្រាប់គ្រួសារ ជួយអភិរក្សវប្បធម៌ សិប្បកម្មបុរាណ ជួយបង្កើតអត្តសញ្ញាណផលិតផលតាមតំបន់ និងជួយជំរុញឱ្យសហគមន៍មានសមត្ថភាព គ្រប់គ្រងអាជីវកម្ម និងបង្កើនភាពច្នៃប្រតិដ្ឋដោយខ្លួនឯងផងដែរ៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា