អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ។

Advertisement

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានថ្លែងដូច្នេះកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំ និងជំនួបពាណិជ្ជកម្មកម្ពុជា-វៀតណាម ដែលប្រព្រឹត្តទៅក្នុងកំឡុងពេលអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា និង លោកជំទាវបណ្ឌិត បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និង ចូលរួមវេទិកាអនាគតអាស៊ានលើកទី៣ (ASEAN Future Forum-AFF) នៅទីក្រុងហាណូយ។

អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា៖

“រដ្ឋាភិបាលប្រទេសទាំងពីបានកំណត់ទិសដៅទំហំពាណិជ្ជកម្មទ្វេភាគីកើនដល់ ២០ ពាន់លានដុល្លារ។ ទិសដៅប្រកបដោយសក្តានុពលខ្ពស់នេះ នឹងអាចសម្រេចបានក្នុងរយៈពេលដ៏ខ្លីខាងមុខ តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការរួមគ្នាកសាងសេដ្ឋកិច្ច។”

អ្នកឧកញ៉ា បានថ្លែងបន្តថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងជួយសម្របសម្រួលនីតិវិធីពាណិជ្ជកម្មឆ្លងដែន និងដំឡើងកម្រិតច្រកទ្វារព្រំដែនទាំងអស់ ទៅជាច្រកទ្វារអន្តរជាតិ។

ក្នុងកិច្ចប្រជុំនេះដែរ លោក ង្វៀន ក្វាងវីញ (Nguyen Quang Vinh) អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម បានគូសបញ្ជាក់ពី កិច្ចសហប្រតិបត្តិការល្អប្រសើររវាងសភាពាណិជ្ជកម្ម និង ឧស្សាហកម្មវៀតណាម និងសភាពាណិជ្ជកម្មកម្ពុជា ដែលដើរតួជាស្ពានចម្លងដ៏សំខាន់មួយរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។

លោក ង្វៀន ក្វាង វិញ បានលើកឡើងអំពីវិស័យអាទិភាពសំខាន់ៗចំនួនបីសម្រាប់កិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត រួមមាន៖ ១) ការលើកកម្ពស់ការតភ្ជាប់ទីផ្សារសម្រាប់អ្នកប្រើប្រាស់ផលិតផលវៀតណាមដែលកំពុងរីកចម្រើនយ៉ាងខ្លាំងហូតដល់ទៅជាងមួយរយលាននាក់ ២) ការអភិវឌ្ឍខ្សែច្រវាក់តម្លៃរួមគ្នា និ​ង ​៣) ការរៀបចំកម្មវិធីបណ្តុះបណ្តាលរួមគ្នាដើម្បីពង្រឹងសមត្ថភាពសម្រាប់សហគ្រាសធុនតូចនិងមធ្យម​។

ក្នុងឱកាសនៃកិច្ចប្រជុំនេះ ក៏មានជំនួបពាណិជ្ជកម្មរវាងធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ ដោយភាគីទាំងអស់បានពិភាក្សាគ្នាដោយផ្ទាល់ទៅតាមវិស័យសំខាន់ៗ រួមមាន៖- បច្ចេកវិទ្យា និងឌីជីថល៖ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងដំណោះស្រាយព័ត៌មានវិទ្យាសហគ្រាស។- កសិកម្ម និងភស្តុភារកម្ម៖ ការកែច្នៃកសិផលកម្រិតខ្ពស់ និងភស្តុភារកម្មខ្សែច្រវាក់ផ្គត់ផ្គង់។- ផលិតកម្ម និងឧស្សាហកម្ម៖ ការផលិត ឧស្សាហកម្មធុនធ្ងន់ និងសម្ភារៈឧស្សាហកម្ម។- អចលនទ្រព្យ៖ ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍគម្រោងសំណង់ធំៗ។

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៦ កម្ពុជាបាននាំចេញទំនិញទៅប្រទេសវៀតណាមប្រមាណ ២.៣២ ប៊ីលានដុល្លារ ខណៈការនាំចូលទំនិញមានតម្លៃប្រមាណ ១.៧៨ ប៊ីលានដុល្លារ។

តួលេខខាងលើនេះ នាំឱ្យពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរកើនឡើងដល់ ៤.១ ប៊ីលានដុល្លារ កើនឡើង ៦,៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលប្រទេសទាំងពីរបានសន្យាថា នឹងធ្វើការឆ្ពោះទៅរកការបង្កើនតួលេខនេះឱ្យដល់ ២០ប៊ីលានដុល្លារ៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា