ការវាយប្រហារគ្នាថ្មីៗរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ​រុញឱ្យតម្លៃប្រេងឡើងថ្លៃជិត ៣ ភាគរយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការវាយប្រហារគ្នាថ្មីៗរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ​រុញឱ្យតម្លៃប្រេងឡើងថ្លៃជិត ៣ ភាគរយ

ការវាយប្រហារគ្នាថ្មីៗរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ​រុញឱ្យតម្លៃប្រេងឡើងថ្លៃជិត ៣ ភាគរយ

បរទេស៖ តម្លៃប្រេងហក់ឡើងថ្លៃជិត ៣ ភាគរយ នៅក្នុងទីផ្សាអាស៊ី បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនដងទៅកាន់អ៊ីស្រាអែល ដែលធ្វើឱ្យមានការធ្លាក់ចុះនៃក្តីសង្ឃឹមក្នុងការចរចាបញ្ចប់ជម្លោះ។ នេះបើយោងតាមការរាយការណ៍ពី Investing។

Advertisement

ទន្ទឹមនឹងនេះ តម្លៃប្រេង Brent ឡើងថ្លៃ ២,៦ ភាគរយ ឬ ៩៥,៤៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេង West Texas Intermediate (WTI) ឡើងថ្លៃ ២,៤ ភាគរយ ឬ ៩២,៧០ ដុល្លារក្នុងមួយបារ៉ែល។ កាលពីសប្តាហ៍មុន តម្លៃប្រេងទាំងពីរកើនឡើងតិចតួចប៉ុណ្ណោះ ដោយសារវិនិយោគិនមានក្តីសង្ឃឹមចំពោះការឈានដល់បទឈប់បាញ់។

យ៉ាងណាមិញ អ៊ីរ៉ង់​បាន​បាញ់​មីស៊ីល​ជាច្រើន​គ្រាប់​ឆ្ពោះ​ទៅ​កាន់​ភាគ​ខាងជើង​អ៊ីស្រាអែល​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ ខណៈដែល​មាន​ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​អ៊ីស្រាអែល​ស្ទាក់​ចាប់​គ្រាប់​មីស៊ីលទាំងនោះ។ ទីក្រុងតេអេរ៉ង់លើកឡើងថា ការវាយប្រហារនេះគឺជាការឆ្លើយតបទៅនឹងប្រតិបត្តិការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងនៃទីក្រុង Beirut ប្រទេសលីបង់ ដោយកំណង់គោលដៅលើក្រុម Hezbollah ដែលជាសម្ព័ន្នមិត្តរបស់អ៊ីរ៉ង់។

ការខូចខាតណាមួយលើក្រុម Hezbollah នៅលីបង់ ត្រូវបានអ៊ីរ៉ង់ចាត់ទុកជាការគំរាមកំហែងផ្ទាល់ដល់សន្តិសុខរបស់ខ្លួន។ ការវាយប្រហារគ្នាទៅវិញទៅមកនេះបង្ហាញពីការរំលោភបំពានបទឈប់បាញ់យ៉ាងធ្ងន់ធ្ងរបំផុត ចាប់តាំងពីចូលជាធរមានកាលពីខែមេសា។ មិនត្រឹមតែប៉ុណ្ណោះ វាកាន់តែបង្កការព្រួយបារម្ភដល់ការរំខានលំហូរប្រេងតាមរយៈច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងពិភពលោកដ៏សំខាន់។

កាលពីថ្ងៃអាទិត្យដដែល ប្រធានាធិបតីអាម៉េរិក លោក Donald Trump អះអាងថា លោកនឹងប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កុំឱ្យសងសឹកចំពោះការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់។

ទោះបីជាក្រុមប្រទេសផលិតប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងគ្នាដំឡើងទិន្នផលប្រេងបន្ថែមចំនួន ១៨៨,០០០ បារ៉ែលក្នុងមួយថ្ងៃសម្រាប់ខែកក្កដាក៏ដោយ ប៉ុន្តែអ្នកផលិតភាគច្រើននៅតែប្រឈមនឹងឧបសគ្គក្នុងការនាំចេញ ដោយសារតែប្រេងទាំងនោះត្រូវដឹកជញ្ជូនចេញពីតំបន់ឈូងសមុទ្រពែក្ស ដែលដាច់ខាតត្រូវឆ្លងកាត់ច្រកសមុទ្រ Hormuz។

នេះមានន័យថា ការបង្កើនកូតាផលិតកម្មរបស់ OPEC+ហាក់មិនមានឥទ្ធិពលខ្លាំងដល់ទីផ្សារពិតប្រាកដនោះទេ ដោយសារតែការបិទច្រកសមុទ្រ Hormuz ធ្វើឱ្យអ្នកផលិតភាគច្រើនពិបាកដឹកជញ្ជូនប្រេងចេញ។ មិនត្រឹមតែប៉ុណ្ណោះ ផលិតកម្មប្រេងជាក់ស្តែងរបស់ក្រុម OPEC+ ធ្លាក់ចុះពី ៤២.៧៧ លានបារ៉ែលក្នុងមួយថ្ងៃក្នុងខែកុម្ភៈ មកត្រឹមតែ ៣៣.១៩ លានបារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះក្នុ្ងងខែមេសា៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា