តម្លៃប្រេងបន្តឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាន ក្រោយអាម៉េរិកគំរាមបិទផ្លូវទឹករបស់ប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលវែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃប្រេងបន្តឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាន ក្រោយអាម៉េរិកគំរាមបិទផ្លូវទឹករបស់ប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលវែង

តម្លៃប្រេងបន្តឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាន ក្រោយអាម៉េរិកគំរាមបិទផ្លូវទឹករបស់ប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលវែង

បរទេស៖ តម្លៃប្រេងបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ៤ ឆ្នាំកន្លងទៅនេះ បន្ទាប់ពីប្រធានាធិបតីអាម៉េរិកគំរាមឡោមព័ទ្ធបិទផ្លូវទឹកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់អាចឈានដល់រយៈពេលជាច្រើនខែ ខណៈបើកិច្ចចរចាបញ្ចប់សង្គ្រាម រួមជាមួយកិច្ចព្រមព្រៀងនុយក្លេអ៊ែរមិនត្រូវបានធ្វើឡើងដោយជោគជ័យ​ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA ។

Advertisement

នៅក្នុងសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ៧,៦% ឬ ១១៩,៦៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) បានឡើងថ្លៃ ៧,៤% ឬ ១០៧,៣ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងទាំងពីរនេះឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ពោលគឺចាប់តាំងពីមានសង្គ្រាមរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន ក្នុងឆ្នាំ២០២២។

នៅក្នុងជំនួបជាមួយនាយកប្រតិបត្តិប្រេងធំៗកាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានអះអាងថា ការបិទខ្ទប់ ឬ ការឡោមព័ទ្ធកំពង់ផែរបស់អ៊ីរ៉ង់មានប្រសិទ្ធភាពជាងការទម្លាក់គ្រាប់បែកទៅទៀត។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Axios លោក Trump បានប្រើសម្ដីធ្ងន់ៗថា ៖

«ពួកគេកំពុងតែថប់ដង្ហើមដូចជាសត្វជ្រូកដែលគេញាត់ចំណីឱ្យណែនបំពង់កអញ្ចឹង ហើយវានឹងកាន់តែអាក្រក់ទៅៗសម្រាប់ពួកគេ»។

យោងតាមមន្ត្រីសេតវិមានម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ផែនការបិទខ្ទប់អុីរ៉ង់នេះ លោក Trump បានពិភាក្សាយ៉ាងលម្អិតជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់អាម៉េរិក ដើម្បីសម្រាលសម្ពាធលើទីផ្សារប្រេងពិភពលោក តាមរយៈការអូសបន្លាយលើការបិទខ្ទប់អ៊ីរ៉ង់ឱ្យបានច្រើនខែទៀតប្រសិនបើចាំបាច់ ដែលអាចកាត់បន្ថយផលប៉ះពាល់ដល់អ្នកប្រើប្រាស់អាម៉េរិក។ សូមជម្រាបថា ចាប់តាំងពីមានសង្គ្រាមកាលពីចុងខែកុម្ភៈរហូតមក អ៊ីរ៉ង់ បានព្យាយាមដាក់សម្ពាធលើច្រកសមុទ្រ Hormuz ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃប្រេងពិភពលោក។ ដូច្នោះហើយ លោក Trump ជឿជាក់លើការតបតវិញដោយប្រើប្រាស់សម្ពាធសេដ្ឋកិច្ច និងយោធាជើងទឹកបិទខ្ទប់អ៊ីរ៉ង់់។

យ៉ាងណាក៏ដោយ លោក Trump កំពុងប្រឈមមុខនឹងសម្ពាធនយោបាយយ៉ាងខ្លាំងដើម្បីបញ្ចប់សង្រ្គាមមួយនេះ ខណៈដែលពលរដ្ឋអាម៉េរិកកំពុងតែបង្កើនការចំណាយលើជីវភាពប្រចាំថ្ងៃដោយសារការកើនឡើងតម្លៃប្រេង។ លើសពីនេះ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) បានព្រមានថា សង្រ្គាមនឹងរុញមនុស្សជាង ៣០ លាននាក់នៅក្នុង ១៦០ ប្រទេស ឱ្យធ្លាក់ចូលក្នុងភាពក្រីក្រ។ ទន្ទឹមនឹងនេះ កិច្ចចរចារបញ្ចប់សង្គ្រាមហាក់មានភាពមិនច្បាស់លាស់នោះទេ ខណៈដែលរាល់ពេលដែលមានកិច្ចចរចាកើតឡើងម្តងៗ ស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ។ ពលរដ្ឋអ៊ីរ៉ងមួយចំនួនបានលើកឡើងថា រាល់ពេលដែលមានកិច្ចចរចា ពួកគេតែងតែត្រឡប់មកវិញជាមួយនឹងទណ្ឌកម្មកាន់តែច្រើនជាងមុន ជាពិសេសគឺបញ្ហាទាក់ទងនឹងនុយក្លេអ៊ែរ។ អ៊ីរ៉ង់ ព្យាយាម​បន្ធូរបន្ថយ​សម្ពាធរបស់​ខ្លួន​នៅ​លើ​ច្រក​សមុទ្រ Hormuz ជាថ្នូរនឹងការដែលទីក្រុងវ៉ាស៊ីនតោនដកការបិទខ្ទប់ផ្លូវទឹកវិញ ដើម្បីបើកផ្លូវឱ្យមានចរាចរឡើងវិញ។ យ៉ាងណាមិញ រដ្ឋបាល Trump ហាក់មិនទុកចិត្តលើសំណើនេះ ខណៈដែលប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានលើកឡើងថា គោលបំណងនៃការបិទខ្ទប់ដោយកងទ័ពជើងទឹកអាម៉េរិក គឺដើម្បីឲ្យផ្ទៃក្នុងរបស់អ៊ីរ៉ង់បែកបាក់គ្នា និងដួលរលំតែប៉ុណ្ណោះ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា