កម្មវិធីថ្មី គាំទ្រដោយសហភាពអឺរ៉ុប កំណត់គោលដៅធ្វើសវនកម្មថាមពលបៃតងចំនួន ២១០ លើក នៅតាមរោងចក្រកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្មវិធីថ្មី គាំទ្រដោយសហភាពអឺរ៉ុប កំណត់គោលដៅធ្វើសវនកម្មថាមពលបៃតងចំនួន ២១០ លើក នៅតាមរោងចក្រកម្ពុជា

កម្មវិធីថ្មី គាំទ្រដោយសហភាពអឺរ៉ុប កំណត់គោលដៅធ្វើសវនកម្មថាមពលបៃតងចំនួន ២១០ លើក នៅតាមរោងចក្រកម្ពុជា

ភ្នំពេញ ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា នឹងទទួលបានការធ្វើសវនកម្មថាមពលចំនួន ២១០ លើក លើការគាំទ្រផ្នែកថាមពលកកើតឡើងវិញ និងការលើកកម្ពស់សុវត្ថិភាពនៅកន្លែងការងារ ក្រោម «ភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងវិស័យឧស្សាហកម្ម» ដែលត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) នៅតែជាកម្លាំងចលករដ៏សំខាន់សម្រាប់សេដ្ឋកិច្ច និងការបង្កើតការងារនៅកម្ពុជា ជាពិសេសសម្រាប់ស្ត្រី ហើយវិស័យនេះបានរួមចំណែកប្រមាណ ២ ភាគ ៣ នៃការនាំចេញទំនិញសរុបរបស់ប្រទេស ខណៈដែលទីផ្សារអន្តរជាតិកំពុងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើនិរន្តរភាព ការកែលម្អប្រសិទ្ធភាពថាមពល និងការអនុវត្តផលិតកម្ម កំពុងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការរក្សាភាពប្រកួតប្រជែងរបស់វិស័យនេះ។

កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីពន្លឿនការវិនិយោគលើប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញនៅទូទាំងវិស័យឧស្សាហកម្មកម្ពុជា ទន្ទឹមនឹងការពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ ការកសាងសមត្ថភាពបច្ចេកទេស ការកែលម្អលក្ខខណ្ឌការងារដែលគិតគូរពីយេនឌ័រ និងការសម្រួលដល់ការទទួលបានហិរញ្ញប្បទានសម្រាប់គម្រោងថាមពលប្រកបដោយចីរភាព។

ជាមួយគ្នានេះដែរ គំនិតផ្តួចផ្តើម«ភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងវិស័យឧស្សាហកម្ម»ក៏បានគាំទ្រដល់អន្តរកាលបៃតងដ៏ទូលំទូលាយរបស់កម្ពុជា ដោយគាំទ្រដោយផ្ទាល់ដល់គោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល និងរួមចំណែកដល់គោលបំណងនៃយុទ្ធសាស្ត្រជាតិផ្សេងទៀត រួមមាន យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប និងយុទ្ធសាស្ត្រ និងផែនការសកម្មភាពស្តីពីប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាត ឆ្នាំ២០២១–២០៣០។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យដំណើរការ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់យ៉ាងច្បាស់ថា៖ ថាមពលដែលមានតម្លៃបំផុតមួយ គឺជាថាមពលដែលមិនចាំបាច់ប្រើប្រាស់។

ឯកឧត្តមបញ្ជាក់ថា ៖ «កម្ពុជាទទួលស្គាល់ថា ឥន្ធនៈលាក់មុខ នេះ គឺជាសសរស្តម្ភស្នូលនៃយុទ្ធសាស្ត្រថាមពលជាតិរបស់យើង ខណៈដែលតម្រូវការបន្តកើនឡើង ការកែលម្អការប្រើប្រាស់ថាមពលក្នុងវិស័យកម្មន្តសាល នឹងជួយឱ្យឧស្សាហកម្មរបស់យើងអភិវឌ្ឍប្រកបដោយចីរភាពជាងមុន។ យើងសូមស្វាគមន៍ចំពោះភាពជាដៃគូរបស់សហភាពអឺរ៉ុប ក្នុងការជំរុញកិច្ចការងារនេះឱ្យឆ្ពោះទៅមុខ»។

ថ្លែងអំពីថាមពល ឯកឧត្តមបានមានប្រសាសន៍ថា កម្ពុជាមានគោលដៅប្រើប្រាស់ថាមពលស្អាត ដើម្បីកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល បង្កើតភាពប្រកួតប្រជែងដែលវិស័យឧស្សាហកម្ម ព្រមទាំងផ្តល់ការយកចិត្តទុកដាក់លើដំណោះស្រាយបរិស្ថាន។ 

ឯកឧត្តម កែវ រតនៈ បានបន្ថែមថា៖ «ភាពជាដៃគូដែលយើងដាក់ឱ្យដំណើរការនៅថ្ងៃនេះ នឹងគាំទ្រដល់ការអនុវត្តនៅក្នុងវិស័យឧស្សាហកម្ម។ វានឹងជួយអភិវឌ្ឍស្តង់ដារអប្បបរមានៃប្រសិទ្ធភាពថាមពល ការបិទស្លាកសញ្ញាប្រសិទ្ធភាពថាមពលលើឧបករណ៍ និងក្របខ័ណ្ឌសម្រាប់ការគ្រប់គ្រងថាមពលឧស្សាហកម្ម។ នៅកម្រិតរោងចក្រ កម្មវិធីនេះនឹងគាំទ្រដល់ការធ្វើសវនកម្មថាមពល និងការទទួលយកបច្ចេកវិទ្យាដែលមានប្រសិទ្ធភាពជាងមុន ទន្ទឹមនឹងការជួយសមាគមឧស្សាហកម្មក្នុងការអភិវឌ្ឍជំនាញបច្ចេកទេស»។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានកត់សម្គាល់ផងដែរថា ប្រសិទ្ធភាពថាមពល គឺជាផ្នែកមួយដ៏សំខាន់នៃការធ្វើទំនើបកម្មវិស័យកម្មន្តសាលរបស់កម្ពុជា និងការពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន។

ឯកឧត្តមបានបន្ថែមថា៖ «ភាពជាដៃគូនេះនឹងជួយរោងចក្រកសាងសមត្ថភាពបច្ចេកទេស អនុវត្តផលិតកម្មដែលស្អាត និងមានប្រសិទ្ធភាពជាងមុន ព្រមទាំងបង្កើនផលិតភាព។ តាមរយៈការប្រែក្លាយគោលនយោបាយទៅជាការកែលម្អជាក់ស្តែងនៅតាមរោងចក្រ យើងអាចកសាងឧស្សាហកម្មដែលមាននិរន្តរភាព និងភាពប្រកួតប្រជែងជាងមុន ដែលឆ្លើយតបទៅនឹងការរំពឹងទុកដែលកំពុងវិវត្តនៃទីផ្សារអន្តរជាតិ»។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham​ Cambodia) លទ្ធផលរំពឹងទុកទី២ នៃ «ភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងវិស័យឧស្សាហកម្ម» ផ្តោតលើការអនុវត្តប្រសិទ្ធភាពថាមពលនៅកម្រិតរោងចក្រ ការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់ជីវម៉ាសប្រកបដោយចីរភាព និងការលើកកម្ពស់បរិយាកាសការងារដែលមានសុវត្ថិភាព និងគិតគូរពីយេនឌ័រ។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ កម្មវិធីនេះគ្រោងនឹងគាំទ្រការធ្វើសវនកម្មថាមពលចំនួន ២១០ លើក នៅតាមបណ្តារោងចក្រក្នុងវិស័យ GFT រួមជាមួយនឹងជំនួយតាមដានបន្ត ដើម្បីអនុវត្តតាមអនុសាសន៍នៃសវនកម្ម។ ការបណ្តុះបណ្តាលរោងចក្រស្តីពីការគ្រប់គ្រងថាមពលប្រកបដោយចីរភាព គឺជាផ្នែកមួយដ៏សំខាន់នៃលទ្ធផលរំពឹងទុកនេះ ដែលមានគោលបំណងកសាងសមត្ថភាពរបស់វិស័យនេះក្នុងការកំណត់អត្តសញ្ញាណ និងអនុវត្តវិធានការសន្សំសំចៃថាមពល។

សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា ក្នុងពេលជាមួយគ្នានេះ ដោយផ្តល់អាទិភាពលើគោលការណ៍ការងារសមរម្យ លទ្ធផលរំពឹងទុកនេះក៏នឹងដោះស្រាយបញ្ហាសម្ពាធកម្ដៅ និងបញ្ហាផ្សេងទៀតនៅកន្លែងការងារដែលទាក់ទងនឹងថាមពល ដូចជា កង្វះពន្លឺ ការបំពុលដោយសំឡេង និងខ្យល់ចេញចូលមិនគ្រប់គ្រាន់។

យោងតាមឯកឧត្តម ហែម វណ្ណឌី ដោយមានកំណើននាំចេញពីប្រមាណ ៩,៧ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ដល់ជិត ១៦ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ និងរក្សាបាននូវសន្ទុះកំណើនយ៉ាងរឹងមាំជាង ៧% ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ វិស័យ GFT គឺជាឆ្អឹងខ្នងនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាតិ ដោយបានផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាចំនួន ១,១ លាននាក់ ជាពិសេសស្ត្រី។

ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងថា ខណៈដែលកម្ពុជាត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) វិស័យឧស្សាហកម្មដែលមាននិរន្តរភាព និងប្រសិទ្ធភាពថាមពលជាងមុន អាចជួយអាជីវកម្មកាត់បន្ថយថ្លៃដើម ពង្រឹងផលិតភាព និងឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃការរំពឹងទុករបស់ទីផ្សារ។

ឯកឧត្តមបានមានប្រសាសន៍ថា៖ «តាមរយៈភាពជាដៃគូរបស់យើងជាមួយកម្ពុជា និងក្រោមយុទ្ធសាស្ត្រ Global Gateway របស់សហភាពអឺរ៉ុប សហភាពអឺរ៉ុបកំពុងនាំយកគោលនយោបាយ ឧស្សាហកម្ម និងការវិនិយោគមករួមបញ្ចូលគ្នា ដើម្បីគាំទ្រដល់កំណើនរយៈពេលវែង ភាពធន់ និងអត្ថប្រយោជន៍យូរអង្វែងសម្រាប់អាជីវកម្ម កម្មករ និងសហគមន៍កម្ពុជា»។

ទន្ទឹមនឹងនេះ លទ្ធផលរំពឹងទុកទីបីនៃ«ភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងវិស័យឧស្សាហកម្ម»  មានគោលបំណងលើកកម្ពស់សមត្ថភាពរបស់សមាគមឧស្សាហកម្ម ក្នុងការជួយរោងចក្រឱ្យទទួលបានហិរញ្ញប្បទានសម្រាប់ការវិនិយោគលើថាមពលប្រកបដោយចីរភាព។ កិច្ចការនេះរួមមាន ការអភិវឌ្ឍបណ្តុំគម្រោងដែលត្រៀមខ្លួនរួចរាល់សម្រាប់ការវិនិយោគ ការសម្រួលដល់ការទទួលបានហិរញ្ញប្បទានបៃតង និងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារក្រុមហ៊ុនសេវាកម្មថាមពល (ESCO) នៅកម្ពុជា៕

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា