យុវជនជិត ១៧ម៉ឺននាក់ បាន និងកំពុងទទួលយកកិច្ចអភិវឌ្ឍពីកម្មវិធីបណ្តុះបណ្តាលជំនាញ និងបច្ចេកទេសរបស់រដ្ឋាភិបាល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យុវជនជិត ១៧ម៉ឺននាក់ បាន និងកំពុងទទួលយកកិច្ចអភិវឌ្ឍពីកម្មវិធីបណ្តុះបណ្តាលជំនាញ និងបច្ចេកទេសរបស់រដ្ឋាភិបាល

យុវជនជិត ១៧ម៉ឺននាក់ បាន និងកំពុងទទួលយកកិច្ចអភិវឌ្ឍពីកម្មវិធីបណ្តុះបណ្តាលជំនាញ និងបច្ចេកទេសរបស់រដ្ឋាភិបាល

ភ្នំពេញ៖ ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ១,៥ លាននាក់ (TVET 1.5 M) ដែលជាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា បានបន្តសកម្មភាពយ៉ាងសស្រាក់សស្រាំ ដោយគិតមកដល់ចុងខែមីនា កន្លងទៅនេះ ការស្នើសុំចុះឈ្មោះចូលរៀន និងទទួលបានការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសស្ថិតនៅក្រោមក្រសួងការងារ មានចំនួនប្រមាណជាង ១៦ ម៉ឺន ៤ ពាន់នាក់ ហើយក្នុងនោះ មានប្រមាណជា ៧ ម៉ឺននាក់ គឺជាបងប្អូនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។នេះបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រាប់ AMS Economy នារសៀលថ្ងៃទី២១ ខែមេសា នេះ។

Advertisement

អ្នកនាំពាក្យក្រសួងការងាររូបនេះ បានឱ្យដឹងថា៖ សិស្សដែលកំពុងរៀន និងបានបញ្ចប់ការសិក្សាមានប្រមាណជាង ១០ ម៉ឺននាក់ ក្នុងនោះ អ្នកដែលទទួលបានការងារធ្វើមានប្រមាណជិត ៦ ម៉ឺននាក់ ខណៈដែលពលរដ្ឋមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យប្រមាណជាង ៣ ម៉ឺននាក់ បានចាកចេញពីភាពក្រីក្រ។

ឯកឧត្តម ស៊ុន មេសា បានលើកឡើងថា៖

«ការរៀនជំនាញបច្ចេកទេស​ និងវិជ្ជាជីវៈ គឺជាផ្លូវកាត់មួយសម្រាប់បងប្អូនទាំងអស់គ្នាដែលមានជីវភាពលំបាក។ វាគឺជាកន្លែងមួយសម្រាប់ឱ្យបងប្អូនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យទទួលបាននូវចំណេះជំនាញ ទទួលបានអត្ថប្រយោជន៍ ទទួលបានប្រាក់ខែ និងកសាងជីវភាពខ្លួនឯងឱ្យកាន់តែលឿនរហ័ស ចាកចេញពីភាពក្រីក្រ»។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នាពេលកន្លងមកថា៖ ការដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងធ្វើឱ្យយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានជីវភាពល្អ ប្រសើរឡើង ដោយរក្សាបាននូវស្ថិរភាពការងារ កំណើនផលិតភាព ប្រាក់ចំណូលសមរម្យ លក្ខខណ្ឌការងារល្អប្រសើរ និងចាកផុតពីបន្ទាត់នៃភាពក្រីក្រ ព្រមទាំងចូលរួមចំណែកបំពេញបន្ថែមគ្នាក្នុងការឈានឆ្ពោះទៅសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រទាំង៥ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ឱ្យ​អនុវត្ត​នូវ​កម្មវិធីបណ្តុះបណ្តាល​ជំនាញ វិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យទូទាំង​ប្រទេស​ចំនួន ១.៥លាននាក់ កាលពីកំឡុងខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ។ កម្មវិធីបណ្តុះបណ្តាលនេះ មានតួនាទីចម្បងចំនួន៣ ទី១ គឺការផ្តល់ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, ទី២ ជួយកាត់បន្ថយគម្លាតជំនាញ និង​លើក​កម្ពស់ផលិតភាពនៅក្នុងសកម្មភាពផលិតកម្ម និង​អាជីវកម្ម ខណៈ​ដែលកម្ពុជាកំពុងខិតខំប្រែក្លាយ​ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មដែលពឹងផ្អែកលើជំនាញ និងទី៣ ជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ តាមរយៈ​ការផ្តល់នូវកម្លាំងពលកម្មជំនាញ ដើម្បីគាំទ្រការអភិវឌ្ឍឧស្សា​ហ​កម្មដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន។សិស្សដែលបានចុះឈ្មោះចូលរៀន នឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ, ទទួលបានការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, ចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន, ជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ, និងឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់។

ដោយឡែក ក្នុងគោលបំណងជំរុញការអភិវឌ្ឍពលកម្មជំនាញឱ្យបានកាន់តែច្រើន ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី ឆយ ម៉ូន ជុង(CHOI Moon Jung)នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជាបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាស្តីពី “គម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្មនៅកម្ពុជា” នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ។ កិច្ចព្រមព្រៀងនេះមានគោលដៅបណ្តុះបណ្តាលកម្លាំងពលកម្មនៅកម្ពុជាឱ្យកាន់​តែមានជំនាញ ដើម្បីបំពេញតម្រូវការទីផ្សារការងារទាំងនៅកម្ពុជា និងសាធារណរដ្ឋកូរ៉េ តាមរយៈការពង្រឹងសមត្ថភាពប្រព័ន្ធ TVET នៅវិទ្យាស្ថាន TVET ចំនួន ៣ គឺ វិទ្យាស្ថានជាតិ​ពហុបច្ចេកទេសកម្ពុជា (NPIC) វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI)។ គម្រោងដែលចាប់ផ្តើមអនុវត្តពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ គ្របដណ្តប់សកម្មភាពសំខាន់ៗលើការពង្រីកឱកាសក្នុងការទទួលបានការបណ្តុះបណ្តាលជំនាញ TVET នៅកម្ពុជា លើកកម្ពស់ការយល់ដឹងជាសាធារណៈពី TVET និងពង្រឹងយន្តការគាំទ្រដល់អ្នកសិក្សា។ សូមបញ្ជាក់ថា​​ គិតមកដល់ពេលបច្ចុប្បន្ននេះ មានពលករកម្ពុជាប្រមាណជា ៤ ម៉ឺននាក់ កំពុងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា