ស្តង់ដារជាតិជាង ១២០០ អាចជួយឱ្យវិស័យឧស្សាហកម្ម និងផលិតកម្មមានភាពប្រកួតប្រជែងខ្ពស់

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្តង់ដារជាតិជាង ១២០០ អាចជួយឱ្យវិស័យឧស្សាហកម្ម និងផលិតកម្មមានភាពប្រកួតប្រជែងខ្ពស់

ស្តង់ដារជាតិជាង ១២០០ អាចជួយឱ្យវិស័យឧស្សាហកម្ម និងផលិតកម្មមានភាពប្រកួតប្រជែងខ្ពស់

ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈក្រុមប្រឹក្សាស្តង់ដារជាតិ សម្រេចអនុម័តស្តង់ដារជាតិជាង ១ ២០០ ស្តង់ដា គិតត្រឹមដំណាច់ឆ្នាំ២០២៥។​ ការសម្រចបាននូវការអនុម័តស្តង់ដារជាតិទាំងនេះ នឹងជួយគាំទ្រកម្ពុជាក្នុងដំណើរឆ្ពោះទៅការអភិវឌ្ឍឧស្សាហកម្ម និងផលិតកម្មដែលកាន់តែមានសុវត្ថិភាព និងភាពប្រកួតប្រជែងខ្ពស់។

Advertisement

របាយការណ៍លទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២៥ កម្ពុជាមានស្តង់ដារជាតិសរុបចំនួន ១២០៣ ស្តង់ដារ។ ក្នុងចំណោមស្តង់ដារជាតិសរុបចំនួន ១២០៣ ស្តង់ដារ ក្នុងនោះរួមមានស្តង់ដារម្ហូបអាហារចំនួន ៣៨៩, ស្តង់ដារអគ្គិសនីនិងអេឡិចត្រូនិក ២៣៩, វិធីសាស្រ្តធ្វើតេស្ត ១៧២, សារធាតុគីមី ៤០, សំណង់ ៤៧, ផលិតផលយានយន្ត ៦៣, ផលិតផលកៅស៊ូ ៦៧, ផលិតផលពីឈើ ៧៦, ក្រមអនុវត្ត ៩, ស្តង់ដា វាក្យស័ព្ទ ១, ប្រព័ន្ធគ្រប់គ្រង ៥៣, ឌីជីថល ២០, គ្រឿងសំអាង ១៩ និងវាយនភ័ណ្ឌ ៩។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ បានមានប្រសាសន៍ថា ស្តង់ដារទាំងនេះនឹងរួមចំណែកពង្រឹងភាពអនុលោមរបស់កម្ពុជា ជាមួយនឹងឧត្តមានុវត្តអន្តរជាតិ ព្រមទាំងគាំទ្រដំណើរឆ្ពោះទៅការអភិវឌ្ឍឧស្សាហកម្ម និងផលិតកម្មដែលកាន់តែមានសុវត្ថិភាព និងភាពប្រកួតប្រជែងខ្ពស់។

ឯកឧត្តមបានបន្ថែមថា៖ 

«ស្តង់ដារទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះនវានុវត្តន៍ សុវត្ថិភាព និងនិរន្តរភាព ហើយនឹងរួមចំណែកពង្រឹងការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងការអភិវឌ្ឍឧស្សាហកម្មជឿនលឿន និងបច្ចេកវិទ្យាចម្រើនថ្មីៗ»។

លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មចិន-កម្ពុជា (CCCA) បានថ្លែងប្រាប់ AMS Economy ថា ស្របពេលកម្ពុជាកំពុងធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន និងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មផលិតផលនាំចេញទៅក្រៅប្រទេស ការបង្កើតស្តង់ដារច្រើន ក៏ជួយដល់ការអនុលោមភាពរបស់សហគ្រាសក្នុងស្រុកផងដែរ។

លោកបានបញ្ជាក់ថា ៖

«ប្រសិនបើកម្ពុជាចង់ធ្វើពិពិធម្មកម្មសេដ្ឋកិច្ចជាមួយនឹងវិស័យកសិកម្ម គឺតម្រូវឱ្យស្តង់ដារម្ហូបអាហាររបស់កម្ពុជា អនុលោមជាមួយស្តង់ដារនៅក្នុងតំបន់ និងអន្តរជាតិ។ ក្រៅពីស្តង់ដារម្ហូបអាហារ សម្រាប់ជំនួយការនាំចេញទៅក្រៅប្រទេស យើងក៏មានស្តង់ដាអគ្គិសនី និងអេឡិចត្រូនិក ដែលវាទាក់ទងនឹងសុវត្ថិភាព និងឯកជនភាពរបស់អ្នកប្រើប្រាស់ដែរ ដូច្នេះការអនុវត្ត និងបង្កើតស្តង់ដារ នឹងបង្កើតទំនុកចិត្តដល់អ្នកប្រើប្រាស់»។

លោក ឡោ វិចិត្រ បានគូសបញ្ជាក់ទៀតថា ៖

«ការដែលបង្កើតឱ្យស្តង់ដារច្រើន មានគោលចម្បងដូចជា ទី១ ធានានូវសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ទី២ លើកកម្ពស់គុណភាពទំនិញ​ ដែលកម្ពុជាផលិត ទាំងសម្រាប់លក់ក្នុងស្រុក និងទីផ្សារនាំចេញទៅក្រៅប្រទេស និងចុងក្រោយ គឺការបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់កាន់តែច្រើន»។

សូមបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំលើកទី៣២ កាលពីខែធ្នូ ឆ្នាំ២០២៥  ក្រុមប្រឹក្សាស្តង់ដារជាតិបានអនុម័ត និងកែសម្រួលស្តង់ដារជាតិសរុប ៦០ ដែលគ្របដណ្តប់លើវិស័យសំខាន់ៗ រួមមាន៖ សំណង់ គីមី ការគ្រប់គ្រងថាមពល ផលិត​ផលអគ្គិសនី និងអេឡិចត្រូនិក ប្រព័ន្ធយានយន្ត គ្រឿងសំអាង ផលិតផលធ្វើពីឈើ និងវាយនភ័ណ្ឌ។

ស្តង់ដារថ្មីដែលត្រូវបានអនុម័ត រួមមានស្តង់ដារអន្តរជាតិ ISO និង IEC ចំនួន ៥០, ស្តង់ដារកម្ពុជាដែលត្រូវបានកែសម្រួលចំនួន ១ និងវិសោធនកម្មស្តង់ដារចំនួន ៩ ។ ស្តង់ដារទាំងនេះត្រូវបានពិនិត្យពិភាក្សាយ៉ាងម៉ត់ចត់ ក្នុងគណៈកម្មាធិការបច្ចេកទេសមុននឹងដាក់ឆ្លងក្រុមប្រឹក្សាអនុម័ត៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាប្រធានក្រុមអ្នកព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា