រយៈពេល ៦ ខែ កសិករគំរូ ចន គឹមស្រស់ រកប្រាក់ចំណេញ ៤០ លានរៀលពីការដាំបន្លែសរីរាង្គតាមបច្ចេកទេសទំនើប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រយៈពេល ៦ ខែ កសិករគំរូ ចន គឹមស្រស់ រកប្រាក់ចំណេញ ៤០ លានរៀលពីការដាំបន្លែសរីរាង្គតាមបច្ចេកទេសទំនើប

រយៈពេល ៦ ខែ កសិករគំរូ ចន គឹមស្រស់ រកប្រាក់ចំណេញ ៤០ លានរៀលពីការដាំបន្លែសរីរាង្គតាមបច្ចេកទេសទំនើប

ព្រះវិហារ​៖ ​ការ​ផ្លាស់ប្តូរ​ពី​ការ​ដាំដុះ​បែប​ប្រពៃណី​ មក​អនុវត្ត​បច្ចេកទេស​កសិកម្ម​ទំនើប​ បាន​ជួយ​បង្កើន​ប្រសិទ្ធភាព​ផលិតកម្ម​ ​និង​ប្រាក់​ចំណូល​របស់​កសិករ​យ៉ាង​គួរឱ្យ​កត់សម្គាល់​។ ​ជាក់ស្តែង​ លោក​ ចន ​គឹម​ស្រស់​ កសិករ​គំរូ​នៅ​ភូមិ​ពោធិ៍​ទាប ​ឃុំ​ម្លូ​ព្រៃ​មួយ​ ​ស្រុក​ឆែប ​ខេត្ត​ព្រះវិហារ ​អាច​រក​ប្រាក់​ចំណេញ​ប្រមាណ​ ​៤០ ​លាន​រៀល ​(​ប្រហែល​ ​១​ម៉ឺន​ដុល្លារ​អាមេរិក​) ​ក្នុង​រយៈពេល​ត្រឹមតែ​៦​ខែ ​ពី​ការ​ដាំ​បន្លែ​សរីរាង្គ​វិលជុំ​លើ​ផ្ទៃដី​ជិត​ ​១​ ហិកតា​។

Advertisement

​បន្ទាប់ពី​ចាប់ផ្តើម​ដាំ​បន្លែ​នៅលើ​ទីវាល ​និង​ក្នុង​ផ្ទះសំណាញ់​ចំនួន​ ​៣​ ​ខ្នង​ ​លោក​បាន​រៀបចំ​ផលិតកម្ម​បន្លែ​ជាច្រើន​មុខ​វិល​ជុំ ​រួមមាន​ ​ស្ពៃ​ក្រញាញ់​ ស្ពៃ​ក្តោប ​ត្រសក់​ ​និង​ស្លឹក​ខ្ទឹម​ ​ដែល​អាច​រក​ចំណូល​ជា​មធ្យម​ចន្លោះ​ពី​ ​៦,៦​ ​លាន​រៀល​ ​ដល់​ ​១០​ ​លាន​រៀល​ក្នុង​មួយ​ខែ​។

​លោក​ ចន ​គឹម​ស្រស់ ​បាន​ឱ្យដឹង​ថា​ បទពិសោធន៍​ជាង​ ​២០​ ​ឆ្នាំ​កន្លងមក​ ​បង្ហាញ​ថា​ ​ការ​ដាំដុះ​តាម​បែប​ប្រពៃណី​ជួប​បញ្ហា​ប្រឈម​ជាច្រើន​ ​ដោយ​ចំណាយ​ដើមទុន​ប្រមាណ​ ​៧០​ម៉ឺន​រៀល ​ប៉ុន្តែ​អាច​ទទួលបាន​ចំណូល​ត្រឡប់​មកវិញ​ប្រហែល​ ​១​លាន​រៀល​ប៉ុណ្ណោះ​។

​លោក​បាន​លើកឡើង​ថា​ ​កាលពី​មុន​ ​លោក​ពឹងផ្អែក​លើ​បទពិសោធន៍​ផ្ទាល់ខ្លួន​ ​ដោយ​ស្រោច​ទឹក​ដោយ​ដៃ​ ​និង​អនុវត្ត​បច្ចេកទេស​ដាំដុះ​បែប​ចាស់​។ ​ប៉ុន្តែ​បន្ទាប់ពី​ទទួលបាន​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ពី​មន្ទីរ​កសិកម្ម​ លោក​បាន​ផ្លាស់ប្តូរ​មក​ប្រើ​ប្រព័ន្ធ​ស្រោចស្រព​បាញ់​សាច​ និង​ដំណក់​ទឹក​ ព្រមទាំង​ដាំដុះ​ក្នុង​ផ្ទះសំណាញ់​ ​ដែល​ជួយ​កាត់បន្ថយ​ថ្លៃ​ដើម​ កាត់បន្ថយ​ពេលវេលា​ ​និង​បង្កើន​ទិន្នផល​បាន​ច្រើន​ជាង​មុន​។​

បច្ចុប្បន្ន​ ​ក្នុង​មួយ​រដូវ​ប្រមូល​ផល ​ផលិតកម្ម​ត្រសក់​អាច​ទទួលបាន​ពី ​៣​ ​ទៅ​ ​៤​តោន ​ដោយ​មាន​ឈ្មួញ​ចុះ​ទិញ​ដល់​កន្លែង​ផលិត​។ ​ចំណែក​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន ​ស្ពៃ​ក្តោប​លក់​បាន​ប្រមាណ​ ​២,៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម ​ខណៈ​ស្លឹក​ខ្ទឹម​ ស្ពៃ​ក្រញាញ់​ ​និង​ត្រសក់​ លក់​បាន​ប្រមាណ​ ​៣,០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​ឬ​ប្រែប្រួល​ទៅ​តាម​ស្ថានភាព​ទីផ្សារ​។

​លោក​ ចន ​គឹម​ស្រស់​ បច្ចុប្បន្ន​មាន​ផ្ទះសំណាញ់​ចំនួន​ ​៣​ ​ខ្នង​ ​ក្នុង​នោះ​ ​១​ ​ខ្នង​ទទួលបាន​ការ​គាំទ្រ​ពី​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ ​និង​២​ខ្នង​ទៀត​សាងសង់​ដោយ​ខ្លួនឯង​។ ​លោក​បាន​បង្ហាញ​ជំនឿ​ថា​ ​ការ​ដាំ​បន្លែ​ក្នុង​ផ្ទះសំណាញ់​នៅតែ​មាន​សក្តានុពល​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល​ ​ហើយ​លោក​មាន​ផែនការ​ពង្រីក​ផ្ទះ​សំណាញ់​ឱ្យ​បាន​ ​១០​ ​ខ្នង​នា​ពេល​ខាងមុខ​ ​ដើម្បី​បង្កើន​សមត្ថភាព​ផ្គត់ផ្គង់​ទីផ្សារ​។

​លោក​បាន​បញ្ជាក់​ថា​ ​បន្ទាប់ពី​ដក​ការ​ចំណាយ​លើ​ពូជ ​ជី ​ប្រេង​ ​ថ្នាំ​ ​សម្ភារៈ​ និង​ការ​ថែទាំ​ផ្សេង​ៗ​ទាំង​ដំណាំ​លើ​ទី​វាល ​និង​ផ្ទះសំណាញ់​ លោក​អាច​ទទួលបាន​ប្រាក់​ចំណេញ​សរុប​ប្រមាណ​ ​៤០​ ​លាន​រៀល​ ក្នុង​រយៈពេល​៦​ខែ​។ ​ទោះបីជា​យ៉ាងណា​ក៏ដោយ​ ​លោក​មិន​អាច​បញ្ជាក់​ពី​ថ្លៃ​ដើម​ ​ដែល​បាន​ប្រើប្រាស់​នោះ​ទេ​។

​ជាមួយគ្នា​នេះ​ លោក​ជឿជាក់​ថា​ ​មុខរបរ​ដាំ​បន្លែ​ក្នុង​ផ្ទះសំណាញ់​នឹង​ជួយ​ពង្រឹង​ប្រាក់​ចំណូល​គ្រួសារ​កាន់តែ​មាន​ស្ថិរភាព ​ខណៈ​បច្ចុប្បន្ន​មាន​ទីផ្សារ​ចាំ​ទទួល​ទិញ​នៅ​តាម​បណ្តា​ខេត្ត​ជាច្រើន​។

​សូម​ជម្រាប​ថា​ ​ជោគជ័យ​របស់​លោក​ ចន ​គឹម​ស្រស់ ​គឺជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​កសិកម្ម​សរីរាង្គ​នៅ​ខេត្ត​ព្រះវិហារ ​ដែល​បច្ចុប្បន្ន​មាន​សហគមន៍​សរីរាង្គ​ចំនួន​ ​៤៣​ ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​អភិវឌ្ឍ​ ​និង​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ​ដោយ​ផ្តោត​លើ​ការ​ផលិត​បន្លែ​មាន​គុណភាព​ ​និង​សុវត្ថិភាព​ ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​ដែល​កំពុង​កើនឡើង​៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា