ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

ភ្នំពេញ៖ ក្រសួងផែនការបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «លទ្ធផលអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥» ដើម្បីផ្តល់ជូនរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អ្នកស្រាវជ្រាវ អ្នកប្រើប្រាស់ទិន្នន័យ និងសាធារណជន នូវទិន្នន័យ និងសូចនាករស្ថិតិផ្លូវការ ដែលមានគុណភាព និងអាចជឿទុកចិត្តបាន ស្តីពីស្ថានភាព និងនិន្នាការទីផ្សារការងារនៅកម្ពុជា ស្របតាមស្តង់ដារស្ថិតិជាតិ និងអន្តរជាតិ ដើម្បីគាំទ្រដល់ការរៀបចំគោលនយោបាយ ការធ្វើផែនការ ការតាមដាន និងត្រួតពិនិត្យ និងការវាយតម្លៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដោយផ្អែកលើភស្តុតាង។

ក្នុងពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការ កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានគូសបញ្ជាក់ថា ការអង្កេតដែលរៀបចំដោយវិទ្យាស្ថានជាតិស្ថិតិ សហការជាមួយអង្គការ ILO, ធនាគារពិភពលោក (WB) និង UNDP នេះ ធ្វើឡើងដើម្បីផ្តល់ជា «ភស្តុតាងរឹងមាំ» សម្រាប់រាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការរៀបចំគោលនយោបាយសេដ្ឋកិច្ច ការដោះស្រាយបញ្ហារចនាសម្ព័ន្ធការងារ និងការទាក់ទាញការវិនិយោគ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ប្រជាជនជាអាទិភាពស្នូល នៅក្នុងរបៀបវារៈ​​អភិវឌ្ឍន៍របស់ខ្លួន។ ទិន្នន័យស្ដីពីកម្លាំងពលកម្មនេះ នឹងបម្រើជាមូលដ្ឋានច្បាស់លាស់ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព។ ជាមួយគ្នានេះ ស្របតាមចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលកំណត់យក «មនុស្ស» ជាអាទិភាពស្នូល លទ្ធផលអង្កេតនេះនឹងក្លាយជាសមាសភាគសំខាន់ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ ដើម្បីទាញយកកម្លាំងពលកម្មក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធ និងជំរុញកម្ពុជាឱ្យឈានទៅសម្រេចបាននូវចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

បើយោងតាមលទ្ធផលអង្កេតកម្លាំងពលកម្មកម្ពុជា​ឆ្នាំ២០២៥ និងរបាយការណ៍របស់ ឯកឧត្តម ណោ វ៉ាន់ឌី នាយកវិទ្យាស្ថានជាតិស្ថិតិ ឯកឧត្តមរដ្ឋមន្ត្រីបានលើកយកទិន្នន័យគន្លឹះសំខាន់ៗនៃលទ្ធផលអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥ មកបង្ហាញដូចខាងក្រោម៖

ប្រជាជនក្នុងអាយុធ្វើការ៖​ ក្នុងឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់។

ផលធៀបអ្នកនៅក្នុងបន្ទុក ៖ អត្រានៅក្នុងបន្ទុកសរុបរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥ គឺមានចំនួន៤៩,៥% ដោយនៅតំបន់ទីប្រជុំជនមាន ៤៥,៩% និងនៅតំបន់ជនបទមាន ប្រមាណ ៥២,០%។ ភាគច្រើននៃអត្រានៅក្នុងបន្ទុកនេះ គឺបណ្តាលមកពីចំនួនប្រជាជនវ័យក្មេងដែលស្ថិតនៅអាយុក្រោម ១៥ឆ្នាំ ដែលមានរហូតដល់ ៣៧,៩%។ អត្រាក្នុងបន្ទុកនេះបានធ្លាក់ចុះប្រមាណ ១,១% ពី ៥០,៦% ក្នុងឆ្នាំ២០១៩ មកនៅត្រឹម ៤៩,៥% ក្នុងឆ្នាំ២០២៥។ អត្រាក្នុងបន្ទុកប្រជាជនវ័យក្មេងដែលស្ថិតនៅអាយុក្រោម ១៥ឆ្នាំ ក៏មាន និន្នាការថយចុះពី ៤០,៤% ក្នុងឆ្នាំ២០១៩ មកនៅត្រឹម ៣៧,៩% ក្នុងឆ្នាំ២០២៥។

អត្រាចូលរួមកម្លាំងពលកម្ម៖ ក្នុងចំណោមប្រជាជនក្នុងអាយុធ្វើការទាំងអស់ អត្រាអ្នកចូលរួមក្នុងកម្លាំងពលកម្មនៅកម្ពុជាមានចំនួន ៧១,៦% (ប្រុស ៧៧,៧% និងស្រី ៦៥,៩%) ដែលបានកើនឡើងពី ៦៩,៣% ក្នុងឆ្នាំ២០១៩ មកដល់ ៧១,៦% ក្នុងឆ្នាំ២០២៥។

អត្រាមានការងារធ្វើ៖ ក្នុងឆ្នាំ២០២៥ ក្នុងចំណោមប្រជាជនស្ថិតក្នុងអាយុធ្វើការទាំងអស់ (អាយុ១៥ឆ្នាំឡើង) មានចំនួន ៦៩,០% ឬប្រមាណ ៩,១លាននាក់ ក្នុងនោះវិស័យសេវាកម្មមាន ៤៣,០% វិស័យឧស្សាហកម្ម ២៩,៤% និងវិស័យកសិកម្ម ២៧,៦%។

អត្រាអត់ការងារធ្វើ៖ ក្នុងឆ្នាំ២០២៥ ប្រជាជនអាយុ ១៥ ឆ្នាំឡើង ដែលស្ថិតក្នុងភាពគ្មានការងារធ្វើមានប្រមាណ ៣,៦% ស្មើនឹងប្រមាណ ៣៤២ ០៦៧នាក់ (ប្រុស ១៤៦ ៥០៤នាក់ និង ស្រី ១៩៥ ៥៦៤ នាក់)។

អត្រាអ្នកស្ថិតនៅក្រៅកម្លាំងពលកម្ម ៖​ ក្នុងឆ្នាំ២០២៥ ​ចំណោមប្រជាជនស្ថិតក្នុងអាយុធ្វើការទាំងអស់ មានប្រជាជនប្រមាណ ២៨,៤% (ឬប្រមាណ ៣,៧លាននាក់) ត្រូវបានចាត់ទុកជាប្រជាជនដែលស្ថិតនៅក្រៅកម្លាំងពលកម្ម ធៀបនឹងឆ្នាំ២០១៩ អត្រាប្រជាជនដែលស្ថិតក្រៅកម្លាំងពលកម្មមានប្រមាណ ៣០,៧% ឆ្លុះបញ្ចាំងឱ្យឃើញថា ប្រជាជនដែលត្រូវបានចាត់ទុកស្ថិតក្រៅកម្លាំងពលកម្មមាននិន្នាការថយចុះ ដែលជាកត្តាវិជ្ជមាននាំឱ្យអត្រានៃការចូលរួមកម្លាំងពលកម្មរបស់ប្រជាជនមាននិន្នាការកើនឡើង។

ការងារក្នុង និងក្រៅប្រព័ន្ធ៖ លទ្ធផលនៃការអង្កេតបង្ហាញថា​ ប្រជាជនមានការងារធ្វើប្រមាណ ៧៥,១% ស្ថិតក្នុងការងារក្រៅប្រព័ន្ធ និង ២៤,៩% ស្ថិតក្នុងការងារក្នុងប្រព័ន្ធ។

ប្រាក់ចំណូលពីការងារ៖ ប្រាក់ឈ្នួលប្រចាំខែជាមធ្យមសម្រាប់ការងារចម្បងរបស់និយោជិត គឺ ១ ២០១ ៤៣៦រៀល (និយោជិតប្រុស ១ ២៦៣ ៥៣៣រៀល និងស្រី ១ ១២១ ៣១៦រៀល)។

មុននឹងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «លទ្ធផលអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥» ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន គ្រឹះស្ថានសិក្សា អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ រួមគ្នាធ្វើឱ្យ «ទិន្នន័យក្លាយជាភស្តុតាង ហើយភស្តុតាងក្លាយជាសកម្មភាព» ដោយយកលទ្ធផលអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥ ទៅប្រើប្រាស់ឱ្យបានទូលំទូលាយនិងមានប្រសិទ្ធភាព ក្នុងការរៀបចំគោលនយោបាយ ការសម្រេចចិត្ត និងការវិនិយោគឱ្យកាន់តែចំគោលដៅ និងឆ្លើយតបនឹងការប្រែប្រួលនៃទីផ្សារការងារ។

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា