សង្គ្រាម​នៅមជ្ឈិមបូព៌ាធ្វើឲ្យចិនចំណេញពីការនាំចេញសម្ភារ និងឧបករណ៍ថាមពលស្អាតបានច្រើន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សង្គ្រាម​នៅមជ្ឈិមបូព៌ាធ្វើឲ្យចិនចំណេញពីការនាំចេញសម្ភារ និងឧបករណ៍ថាមពលស្អាតបានច្រើន

សង្គ្រាម​នៅមជ្ឈិមបូព៌ាធ្វើឲ្យចិនចំណេញពីការនាំចេញសម្ភារ និងឧបករណ៍ថាមពលស្អាតបានច្រើន

បរទេស៖ សង្គ្រាម​នៅមជ្ឈិមបូព៌ា បានជំរុញដល់ការនាំចេញឧបករណ៍ និងសម្ភារៈប្រើប្រាស់ដើរដោយថាមពលស្អាតរបស់ចិនកើនឡើងខ្ពស់ ព្រោះបណ្តាប្រទេសជាច្រើននៅលើសកលលោកកំពុងព្យាយាមស្វែងរកជម្រើសថ្មីដើម្បីទប់ទល់នឹងការឡើងថ្លៃនៃតម្លៃប្រេងដែលកំពុងកើតមាន នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNN ។

Advertisement

យោងតាមប្រភពពីក្រុមអ្នកជំនាញថាមពល Ember បានឲ្យដឹងថា ការនាំចេញឧបករណ៍ ក៏ដូចជាសម្ភារៈបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យ អាគុយ និងរថយន្តអគ្គិសនីរបស់ចិនបានឈានដល់កម្រិតខ្ពស់បំផុតនៅក្នុងខែមីនាកន្លងទៅនេះ ដែលវាជាសញ្ញាមួយបង្ហាញថា វិបត្តិប្រេងកំពុងជំរុញឱ្យប្រទេសនានានៅជុំវិញពិភពលោកទទួលយកថាមពលស្អាត។ គួរកត់សម្គាល់ថា ចាប់តាំងពីច្រកសមុទ្រ Hormuz ត្រូវបានបិទកាលពីចុងខែកុម្ភៈមក តម្លៃថាមពលបានឡើងថ្លៃឥតឈប់ឈរ ខណៈដែលការចរចាបញ្ចប់សង្គ្រាមកំពុងជាប់គាំង។ បណ្តាប្រទេសនៅអាស៊ីដែលពឹងផ្អែកខ្លាំងលើការនាំចូលថាមពលពីតំបន់មជ្ឈិមបូព៌ាកំពុងដាក់ចេញនូវវិធានការណ៍ជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់វិបត្តិខ្វះខាតប្រេងឥន្ធនៈ។

ទន្ទឹមនឹងនេះ ក៏មានបណ្តាប្រទេសមួយចំនួនកំពុងបង្កើនការវិនិយោគកាន់តែច្រើនទៅលើថាមពលកកើតឡើងវិញ ហើយចិននឹងទទួលបានអត្ថប្រយោជន៍ច្រើនក្នុងនាមជាអ្នកផលិតរថយន្តអគ្គិសនី ទួរប៊ីនខ្យល់ និងបន្ទះស្រូបពន្លឺព្រះអាទិត្យដ៏ធំបំផុតរបស់ពិភពលោក។

Ember បានចេញរបាយការណ៍ថ្មីមួយថា ចិនបាននាំចេញបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យចំនួន ៦៨ ជីហ្គាវ៉ាត់នៅក្នុងខែមីនា ដែលលើសពីគោលដៅកំណត់កាលពីខែសីហា ៥០ ភាគរយ។ មិនត្រឹមតែប៉ុណ្ណោះ ជាង ៥០ ប្រទេសបានបង្កើនការនាំចូលថាមពលពន្លឺព្រះអាទិត្យពីចិន ដោយភាគច្រើនជាប្រទេសដែលកំពុងមានទីផ្សារ និងរីកចម្រើន ដូចជា នៅតំបន់អាស៊ី និងអាហ្រ្វិក ដែលរងគ្រោះខ្លាំងបំផុតពីវិបត្តិថាមពល ខណៈដែលការនាំចេញថាមពលពន្លីព្រះអាទិត្យ អាគុយ និង EVs សរុបកើនឡើង ៧០ ភាគរយនៅក្នុងខែមីនា បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ២០២៥ ដែលបាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ដល់ GDP របស់​ចិន។ ការនាំចេញថាមពលស្អាតរបស់ចិនបានឈានដល់ ១០ ពាន់លានដុល្លារនៅក្នុងខែមីនា ទៅកាន់គោលដៅសំខាន់ៗ ដូចជា សហភាពអឺរ៉ុប អូស្ត្រាលី និងឥណ្ឌា។

សូមជម្រាបថា ភាពមិនច្បាស់លាស់នៃការបិទ ឬ បើកឡើងវិញនូវច្រកសមុទ្រ Hormuz កាន់តែជំរុញឱ្យមានក្ដីព្រួយបារម្ភកាន់តែខ្លាំងអំពីសន្តិសុខថាមពល ដែលធ្វើឲ្យប្រទេសជាច្រើនពន្លឿនការផ្លាស់ប្តូរពីការប្រើប្រាស់ថាមពលឥន្ធនៈរបស់ពួកគេទៅជាថាមពលស្អាត។ លោក Euan Graham អ្នកវិភាគជាន់ខ្ពស់នៅ Ember បានលើកឡើងថា វិបត្តិឥន្ធនៈហ្វូស៊ីលកំពុងជំរុញឱ្យថាមពលពន្លឺព្រះអាទិត្យបានក្លាយទៅជាម៉ាស៊ីននៃសេដ្ឋកិច្ចពិភពលោក។

លោក Ed Miliband លេខាធិការថាមពលរបស់ចក្រភពអង់គ្លេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃដើមសប្តាហ៍នេះថា នៅពេលដែលមានភាពប្រឈមមុខនឹងវិបត្តិឥន្ធនៈហ្វូស៊ីលលើកទីពីរក្នុងរយៈពេលតិចជាង ៥ឆ្នាំ វាគឺជាមេរៀនដ៏ច្បាស់លាស់មួយដែលបញ្ជាក់ថា​ យុគសម័យឥន្ធនៈហ្វូស៊ីលបានបញ្ចប់ ហើយជំនួសដោយយុគសម័យថាមពលស្អាតដែលកំពុងតែមកដល់។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ចិនបានបង្កើនការវិនិយោគកាន់តែច្រើននៅក្នុងឧស្សាហកម្មថាមពលបៃតង ដើម្បីមានថាមពលសម្រាប់ខ្លួនឯងប្រើប្រាស់គ្រប់គ្រាន់ និងទប់ស្កាត់ផលប៉ះពាល់ពីការខ្វះខាតប្រេង។ មិនត្រឹមតែប៉ុណ្ណោះ ភាពលេចធ្លោរបស់ចិននៅក្នុងបច្ចេកវិទ្យាកកើតឡើងវិញបានឈានដល់ការនាំចេញទៅបរទេស ដែលធ្វើឱ្យប្រទេសនេះកាន់តែមានឥទ្ធិពលលើភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចកាន់តែច្រើន។ ជាក់ស្តែង ប៉ាគីស្ថាន អាចរួចផុតពីផលប៉ះពាល់សង្គ្រាមមួយចំនួន ដោយសារប្រទេសនេះចាប់ផ្តើមនាំចូលបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យមានតម្លៃថោកពីចិនកាលពីប៉ុន្មានឆ្នាំមុន។ សេដ្ឋវិទូបានលើកឡើងថា ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យជំនួសការនាំចូលប្រេងមានតម្លៃថ្លៃអាចសន្សំប្រាក់បានរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

លោក Jeong Won Kim អ្នកស្រាវជ្រាវជាន់ខ្ពស់មកពីសាកលវិទ្យាល័យជាតិសិង្ហបុរី បានលើកឡើងថា ចិន ត្រូវបានចាត់ទុកថាជាអ្នកផ្គត់ផ្គង់មានតម្លៃទាប ប៉ុន្តែប្រទេសនេះគឺជាដៃគូរយៈពេលវែងក្នុងការផ្លាស់ប្តូរថាមពល។

របាយការណ៍ពី Ember បានសរសេរផងដែរថា ក្រៅពីបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ ការប្រើប្រាស់យានជំនិះអគ្គិសនី (EV) ជាសកល បានកាត់បន្ថយការប្រើប្រាស់ប្រេងប្រហែល ១,៧ លានបារ៉ែលកាលពីឆ្នាំមុន ស្របពេលដែលតម្លៃប្រេងសកលកំពុងឡើងថ្លៃដោយសារជម្លោះមជ្ឈិមបូព៌ា ក្រុមហ៊ុន EV របស់ចិនកំពុងមើលឃើញពីការកើនឡើងនៃការលក់របស់ពួកគេនៅក្រៅប្រទេស។ ការនាំចេញរថយន្តអគ្គិសនី និងរថយន្តកូនកាត់របស់ចិនបានកើនឡើងខ្ពស់បំផុតក្នុងខែមីនា ដោយកើនឡើង ១៤០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នា២០២៥៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា