លំនៅឋានតម្លៃមធ្យម​​នៅតែមានតម្រូវ​ការ​ពីសំណាក់ប្រជាពលរដ្ឋ ជាពិសេស ​អ្នកទើបរៀបការ​រួចថ្មីថ្មោង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លំនៅឋានតម្លៃមធ្យម​​នៅតែមានតម្រូវ​ការ​ពីសំណាក់ប្រជាពលរដ្ឋ ជាពិសេស ​អ្នកទើបរៀបការ​រួចថ្មីថ្មោង

លំនៅឋានតម្លៃមធ្យម​​នៅតែមានតម្រូវ​ការ​ពីសំណាក់ប្រជាពលរដ្ឋ ជាពិសេស ​អ្នកទើបរៀបការ​រួចថ្មីថ្មោង

ភ្នំពេញ ៖ បើទោះបីស្ថានភាពអចលនទ្រព្យ​នៅក្នុងប្រទេស​កម្ពុជា នៅមិនទាន់មានភាពល្អប្រសើរ​ឡើង​ដូច​មុនក៏ពិតមែន តែការអភិវឌ្ឍនៅតែបន្ត​ ខណៈតម្រូវការទីផ្សារនៅតែ​មាន ជាក់ស្ដែង​លំនៅឋាន​តម្លៃ​មធ្យម ( តម្លៃ៥ម៉ឺន​ ដល់ ៧ម៉ឺនដុល្លារ ) នៅតែមានតម្រូវ ដោយអ្នកអភិវឌ្ឍន៍នៅតែបន្តអភិវឌ្ឍន៍​ ហើយពលរដ្ឋ​នៅតែបន្តស្វែងរកទិញផ្ទះប្រភេទនេះ ។​

Advertisement

អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ជាច្រើន​បានលើកឡើងថា រាជធានីភ្នំពេញ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម​ សេដ្ឋកិច្ច អប់រំ និង​​ វប្បធម៌ ដូច្នេះ ក្នុងមួយឆ្នាំៗ មានពលរដ្ឋជាច្រើន​បានផ្លាស់ប្តូរលំនៅឋានមក​កាន់រាជធានីភ្នំពេញ​ដើម្បីបន្តការ​សិក្សា ស្វែងរកការ​ងារធ្វើ​ និងបង្កើតអាជីវកម្ម ។ នៅពេលពួកគេរៀន​ចប់ ឬរក​ការងារ​បាន​ហើយ​ ប្រាកដ​ណាស់ ភាគច្រើននឹង​មិនត្រលប់​ទៅកាន់​ខេត្ត​កំណើត​វិញទេ ហើយ​តាំងទីលំនៅឋានមួយនៅរាជធានីភ្នំពេញ ឬជាយក្រុង ។ ទាំង​នេះហើយដែល​ធ្វើឱ្យតម្រូវការ​លំនៅឋាននៅរាជធានីភ្នំពេញនៅតែមាន​ជាហូរហែ ។

default

លោក ​ចិន ​ដារ៉ាវី ប្រធាន​ផ្នែក​ទីផ្សារ​នៃក្រុមហ៊ុន​អភិវឌ្ឍន៍លំនៅឋាន KIS Resident បានមានប្រសាសន៍ប្រាប់បណ្ដាញព័ត៌មាន ​AMS ឱ្យដឹងថា ទោះបីជាស្ថានភាពសេដ្ឋ​កិច្ច​នៅកម្ពុជា និងនៅលើពិភពលោក​ហាក់មិនទាន់ល្អដូច​កាលមុន​ឆ្នាំ២០២០​ ប៉ុន្តែ តម្រូវការ​លំនៅឋាន​ពីសំណាក់​ប្រជាពលរដ្ឋ​នៅក្នុងរាជធានីភ្នំពេញនៅតែមាន ជាពិសេ ស​ម្រាប់ពលរដ្ឋ​ដែលទើប​រៀបការរួច​ថ្មីថ្មោង និងបងប្អូនប្រជាពលរដ្ឋ​ដែលមានកូន​ទើបតែមករៀននៅរាជធានីភ្នំពេញ ។

លោក​បន្តថា លំនៅឋាន​តម្លៃសមរ​ម្យ និងលំនៅឋានតម្លៃ​មធ្យម​ នៅតែជាចំណាប់អារម្មណ៍របស់អ្នកដែល​ស្វែងរកទិញផ្ទះដំបូង​ ឬផ្ទះទី១របស់ខ្លួន ដោយពួកគេ​ស្វែងរកផ្ទះដែល​ស័ក្តិសម​នឹ​ងលទ្ធភាព​ ។ យ៉ាងណា​មិញ​អ្នកអភិវឌ្ឍន៍លំនៅឋានជាច្រើន​ក្នុងរាជធានីភ្នំពេញ ក៏បាន​សហការ​ជាមួ​យធនាគារដែល​ផ្ដល់ភាពងាយស្រួលដល់អ្នកទិញផ្ទះ​ដោយបង់រំលស់​​។ ក្រៅពីនេះ ក៏មានក្រុមហ៊ុនអភិវឌ្ឍន៍​លំនៅឋាន​មួយចំនួន បាន​ផ្ដល់ការ​បង់រំលស់​ជាមួយ​ខ្លួនផ្ទាល់ ដែលធ្វើឱ្យអ្នកដែលកំពុងស្វែងរក​ទិញផ្ទះ កាន់តែមានជម្រើស​ អាចបង់ជាមួយធនាគារ ឬបង់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ដោយផ្ទាល់ ។

បើតាមលោក ដារ៉ាវី ​សម្រាប់​គម្រោងលំនៅឋាន KIS ដែល​ផ្ដោតលើ​លំនៅឋានតម្លៃមធ្យម​ ចាប់ពី ​៥ម៉ឺនដុល្លារ ​ដល់ជាង​ ​៧ម៉ឺនដុល្លារអាម៉េរិក​​ ឃើញថា​ នៅតែមានការ​គាំទ្រ​ ទោះបីជាស្ថានភាព​សេដ្ឋកិច្ច​ជួប​បញ្ហា​ក៏ដោយ ។ អ្នកទិញផ្ទះ​ក្នុងគម្រោង​នេះ ភាគច្រើន​ជាពលរដ្ឋទើបរៀបការ អ្នកមកពីខេត្ត​ដែលមានកូន​ឡើងមក​រៀននៅភ្នំពេញ និងអ្នកដែលទើប​ផ្លាស់ប្តូរទីលំនៅមក​ប្រកបអាជីវកម្ម​នៅភ្នំពេញ ជាដើម ។

default

អ្នកស្រី អាន សុធីតា នាយិកាប្រតិបត្តិ​ក្រុមហ៊ុន​ PropNex Cambodia បានមានប្រសាសន៍ថា​ លំនៅឋាន​តម្លៃ​មធ្យម និងសមរម្យ​ នៅតែមានតម្រូវ​ការ ដូច្នេះ អ្នកអភិវឌ្ឍន៍គួរសម្លឹងមើលពីឱកាស​ក្នុងការអភិវឌ្ឍលំនៅឋាន ដើម្បីបំពេញទៅតាមតម្រូវការ​ ជាពិសេស​ក្នុង​ឆ្នាំ២០២៦ និងឆ្នាំ២០២៧​ ខាងមុខ ។​

ឯកឧត្តម ​សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួ​ងរៀបចំដែនដី នគរូបនីយ និងសំណង់​ បានមានប្រសាសន៍លើកឡើង​កន្លងមកថា នៅក្នុងរាជធានីភ្នំពេញ ប្រជាពលរដ្ឋ​ដែលមិនទាន់មានលំនៅឋានជា​កម្មសិទ្ធិផ្ទាល់​ខ្លួននៅមានចំនួន​ច្រើន ប៉ុន្តែដោយសារ​តែអ្នកអភិវឌ្ឍន៍លំនៅឋាន​កន្លងមក​ គាត់ផ្ដោតតែលើ​លំនៅ​ឋានដែលមានតម្លៃខ្ពស់ លើសពីសមត្ថភាពរបស់ពលរដ្ឋដែលមានតម្រូវការ ។ ដូច្នេះ អ្នកអភិវឌ្ឍ​ន៍​អាច​សាកល្បង​អភិវឌ្ឍលំនៅឋានដែលមានតម្លៃមធ្យម​ និងសមរម្យ​ ដើម្បីបំពេញតម្រូវការជាក់ស្ដែង ដើម្បីពួកគាត់អាចមានលទ្ធភាពទិញលំនៅឋាន​រស់នៅសមរម្យ​បាន ។ ជាមួយគ្នានវ បើទោះជាការអភិវឌ្ឍលំនៅឋាន​តម្លៃមធ្យម​ ឬសមរម្យ​ក្ដី អ្នកអភិវឌ្ឍន៍​ត្រូ​វតែផ្ដោតលើគុណភាព និងសុវត្ថិភាពសំណង់​ ជៀសវាងចំណាយលុយទិញលំនៅឋានហើយ នៅ​ចំណាយលុយ​សម្រាប់ជួសជុលម្ដងទៀត ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា