Meta នឹងកាត់បន្ថយបុគ្គលិក ៨ ពាន់នាក់នៅខែក្រោយនេះ ហើយបង្វែរការចំណាយលើគម្រោង AI | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Meta នឹងកាត់បន្ថយបុគ្គលិក ៨ ពាន់នាក់នៅខែក្រោយនេះ ហើយបង្វែរការចំណាយលើគម្រោង AI

Meta នឹងកាត់បន្ថយបុគ្គលិក ៨ ពាន់នាក់នៅខែក្រោយនេះ ហើយបង្វែរការចំណាយលើគម្រោង AI

បរទេស៖ ក្រុមហ៊ុន Meta នឹងកាត់បន្ថយបុគ្គលិក ៨ ០០០ នាក់នៅខែក្រោយនេះ ហើយបង្វែរទិសដៅបង្កើនការចំណាយលើគម្រោងបញ្ញាសិប្បនិម្មិត (AI)។ នេះបើយោងតាមការរាយការណ៍ពី BBC។

Advertisement

កាលពីថ្ងៃព្រហស្បតិ៍ Meta បង្ហើបដំណឺងខ្លីមួយថា ក្រុមហ៊ុនគ្រោងនឹងកាត់បន្ថយចំនួនកម្លាំងការងាររបស់ខ្លួនប្រហែល ១០ ភាគរយ ឬ បុគ្គលិក ៨ ០០០ នាក់ ដោយសារហេតុផលសំខាន់ គឺការបង្កើនការចំណាយទៅលើផ្នែកផ្សេងៗទៀត ជាពិសេសការចំណាយលើបញ្ញាសិប្បនិម្មិត (AI) មានតម្លៃ ១៣៥ ពាន់លានដុល្លារ។

គម្រោងនេះ​​ស្មើ​រនឹងការចំណាយរបស់ Meta លើបញ្ញាសិប្បនិម្មិត (AI) ក្នុង​រយៈ​ពេល​ ៣ ​ឆ្នាំ​មុន​ រួម​បញ្ចូល​គ្នា។ ការកាត់បន្ថយកម្លាំងពលកម្មនេះ នឹងក្លាយជាការបញ្ឈប់ការងារដ៏ធំបំផុតរបស់ Meta ចាប់តាំងពីឆ្នាំ ២០២៣។ អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន Meta បាន​បញ្ជាក់​ពី​ការ​កាត់​បន្ថយ​ការងារ​ដែល​បាន​គ្រោង​ទុក ប៉ុន្តែ​​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទៀត​នោះទេ។

កាលពីសប្តាហ៍មុន ទីភ្នាក់ងារសារព័ត៌មានរ៉យទ័ររាយការណ៍ថា Meta គ្រោងនឹងកាត់បន្ថយបុគ្គលិកជាង ១ ម៉ឺននាក់នៅឆ្នាំនេះ។ កាលពីខែមករា លោក Mark Zuckerberg នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta បានធ្វើអត្ថាធិប្បាយជាសាធារណៈដែរថា ក្រុមហ៊ុននឹងត្រូវកាត់បន្ថយការងារម្តងទៀតនៅឆ្នាំនេះ ដោយកត់សម្គាល់ឃើញថា ផលិតភាពរបស់បុគ្គលិកភាគច្រើនកំពុងពឹងផ្អែកខ្លាំងលើ AI ហើយមនុស្សតែម្នាក់ឥឡូវនេះអាចបញ្ចប់គម្រោងបាន ដែលកាលពីមុន តម្រូវឱ្យមានក្រុមការងារធំ។

លោក Zuckerberg បាននិយាយថា៖

“ខ្ញុំគិតថា ឆ្នាំ ២០២៦ នឹងក្លាយជាឆ្នាំដែលបញ្ញាសិប្បនិម្មិត (AI) ចាប់ផ្តើមផ្លាស់ប្តូរយ៉ាងខ្លាំងនូវរបៀបដែលយើងធ្វើការ។”

ការចំណាយ និងការផ្តោតសំខាន់របស់ Meta បានផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងប៉ុន្មានខែថ្មីៗនេះ ដោយពួកគេកំពុងឆ្ពោះទៅរកការអភិវឌ្ឍន៍គំរូ និងឧបករណ៍ AI។ Meta បានជូនដំណឹងដល់បុគ្គលិកថា ក្រុមហ៊ុននឹងចាប់ផ្តើមតាមដាន និងកត់ត្រានូវអន្តរកម្មរបស់ពួកគេជាមួយការងារកុំព្យូទ័រ ដើម្បីជួយបណ្តុះបណ្តាល និងកែលម្អគំរូ AI បន្ថែមទៀត។

យ៉ាងណាមិញ មានការរិះគន់ថា ក្រុមហ៊ុននេះកំពុងឈ្លក់វង្វេងនឹងបញ្ញាសិប្បនិម្មិត (AI) ។ ចាប់តាំងពីឆ្នាំ ២០២២ មក Meta បានអនុម័តការកាត់បន្ថយកម្លាំងពលកម្មជាច្រើនដង ដែលធ្វើឲ្យបុគ្គលិករាប់ម៉ឺននាក់បាត់បង់ការងារ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនផ្សេងទៀតក៏កំពុងចំណាយប្រាក់យ៉ាងច្រើនលើការសាងសង់រចនាសម្ព័ន្ធសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)  និងអនុម័តការកាត់បន្ថយកម្លាំងពលកម្មច្រើនដូចគ្នានៅឆ្នាំ ២០២៦ នេះ។

ក្រុមហ៊ុនស្ទើរតែទាំងអស់បានលើកឡើងពីការកើនឡើងនៃសមត្ថភាព AI ដែលជាធ្វើឱ្យនាយកប្រតិបត្តិយល់ឃើញពីការត្រូវការបុគ្គលិកតិចជាងមុន។ ក្រុមហ៊ុន Amazon បានកាត់បន្ថយបុគ្គលិកជាង ៣ ម៉ឺននាក់ និងក្រុមហ៊ុន Oracle កាត់បន្ថយជាង ១ ម៉ឺននាក់។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនតូចៗដូចជា Block កាត់បន្ថយបុគ្គលិកជិតពាក់កណ្តាលនៃចំនួនកម្មករសរុបជាង ៤ ពាន់នាក់ ខណៈដែលក្រុមហ៊ុន Snap កាត់បន្ថយប្រហែល ១ ពាន់នាក់៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា