ទីផ្សារត្រី-សាច់សត្វចិញ្ចឹម មានស្ថិរភាពតម្លៃក្នុងរដូវកាន់បិណ្ឌ ខណៈអ្នកចិញ្ចឹមប្រឈមការផ្គត់ផ្គង់លើសតម្រូវការ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីផ្សារត្រី-សាច់សត្វចិញ្ចឹម មានស្ថិរភាពតម្លៃក្នុងរដូវកាន់បិណ្ឌ ខណៈអ្នកចិញ្ចឹមប្រឈមការផ្គត់ផ្គង់លើសតម្រូវការ

ទីផ្សារត្រី-សាច់សត្វចិញ្ចឹម មានស្ថិរភាពតម្លៃក្នុងរដូវកាន់បិណ្ឌ ខណៈអ្នកចិញ្ចឹមប្រឈមការផ្គត់ផ្គង់លើសតម្រូវការ

ភ្នំពេញ៖ ទីផ្សារសាច់សត្វចិញ្ចឹម ដូចជា ជ្រូក មាន់ ទា និងត្រី នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្ត ក្រុងនានា ក្នុងរដូវកាលពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២៦នេះ បានបង្ហាញពីស្ថិរភាពតម្លៃ និងមានការផ្គត់ផ្គង់យ៉ាងគ្រប់គ្រាន់ដែលឆ្លើយតបនឹងតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា តម្រូវការទិញម្ហូបអាហារនាពេលបច្ចុប្បន្ន មានការកើនឡើងបន្តិចបន្តួចបើប្រៀបធៀបទៅនឹងថ្ងៃធម្មតា ប៉ុន្តែបញ្ហាតម្លៃមុខទំនិញនៅលើទីផ្សារមិនមានការស្ទុះឡើងខ្លាំងនោះទេ ដែលផ្តល់ផលវិជ្ជមានដល់អ្នកបរិភោគ ខណៈក្រុមអ្នកចិញ្ចឹមសត្វក្នុងស្រុកបានបង្ហាញពីក្ដីបារម្ភទៅនឹងកំណើនផ្គត់ផ្គង់អាចលើសតម្រូវការជាក់ស្ដែង។

យោងតាមទិន្នន័យអង្កេតតម្លៃតាមទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ តម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃភាគច្រើនមិនមានការប្រែប្រួលខ្លាំងគួរឱ្យកត់សម្គាល់នោះទេ លើកលែងតែមុខទំនិញមួយចំនួនតូចប៉ុណ្ណោះដែលបានឡើងថ្លៃ និងចុះថ្លៃបន្តិចបន្តួច​។

សម្រាប់ផ្នែកសាច់សត្វចិញ្ចឹម និងត្រី ភាគច្រើនមានស្ថិរភាពរក្សាតម្លៃថេរដដែល ដោយសាច់គោ (សាច់ភ្លៅ) តម្លៃ ៣៦ ០០០ រៀល/គីឡូក្រាម និងសាច់សម្លថ្លៃ ២៨ ០០០ក្នុង១គីឡូក្រាម។ សាច់ជ្រូកខ្មែរ (សាច់សុទ្ធ) តម្លៃ ២៥ ០០០ រៀល/គីឡូក្រាម សាច់បីជាន់ ៣០ ០០០រៀល និងឆ្អឹងជំនីខ្ចីតម្លៃ ៣៣ ០០០ រៀល។ មាន់ស្រែរស់ ចុះថ្លៃបន្តិចមកត្រឹម ២៣ ០០០ រៀល/គីឡូក្រាម មាន់បីសាសន៍តម្លៃ ១៣ ០០០ រៀលក្នុង១គីឡូក្រាម។

អ្នកស្រី ឡៃ ស៊ីម អ្នកលក់សាច់ជ្រូកនៅផ្សារទួលគោក បានប្រាប់ឱ្យដឹងថា នៅរដូវភ្ជុំបិណ្ឌនេះ តម្លៃសាច់ជ្រូកនៅលើទីផ្សារប្រចាំថ្ងៃ មិនមានការឡើងថ្លៃនោះទេ ខណៈដែលអ្នកមកផ្សារទិញម្ហូបអាហារសម្រាប់ទទួលទានប្រចាំថ្ងៃ ក៏ដូចជាសម្រាប់ធ្វើម្ហូប ចង្ហាន់លោក ដាក់វេនកាន់បិណ្ឌក៏នៅមានចំនួនតិចតួចនៅឡើយ លើកលែងតែថ្ងៃចុងសប្តាហ៍ទើបមានចំនួនកើនឡើងច្រើន។

អ្នកស្រី បានបញ្ជាក់ថា ៖ «សម្រាប់ខ្ញុំ បើលក់ប្រចាំថ្ងៃយើងយកត្រឹម៥០ គីឡូក្រាម ។ តែប៉ុន្មានថ្ងៃកាន់បិណ្ឌនេះ យើងយកបន្ថែម១០-២០ គីឡូក្រាមប៉ុណ្ណោះ ហើយតម្លៃសាច់សុទ្ធថ្លៃជាង២ម៉ឺនរៀលក្នុងមួយគីឡូក្រាម សាច់ជ្រូកបីជាន់ និងឆ្អឹងជំនី តម្លៃ ២ ២ ០០០ពាន់រៀលក្នុងមួយគីឡូក្រាម»។

ជាអាជីវករលក់ត្រីនៅផ្សារ៧មករា អ្នកស្រី សារី បានឱ្យដឹងថា នៅក្នុងរដុវកាលកាន់បិណ្ឌនេះ ត្រីមិនសូវមានតម្រូវការច្រើននោះទេ ដោយលក់បានដូចថ្ងៃធម្មតាដូច្នោះដែរ ដោយក្នុងមួយថ្ងៃ អ្នកស្រី ទទួលយកត្រីត្រឹម ២០ គីឡូ ពីយឿត្រីនៅតំបន់ព្រែកព្នៅ សម្រាប់លក់បន្តប៉ុណ្ណោះ ហើយក៏មិនបានឡើងថ្លៃនោះដែរ ដោយត្រីរ៉ស់រ៉ស់មួយគីឡូ លក់ក្នុងតម្លៃ ១៣ ០០០រៀល ។ ចំណែកត្រីឆ្ដោរ មួយគីឡូ តម្លៃ ១៨ ០០០រៀល។ លើកលែងតែត្រីឆ្តោរទន្លេ មានតម្លៃ ២៣ 000 រៀលក្នុងមួយគីឡូក្រាម។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន AMS ថា បរិមា​ណ​ជ្រូករស់ផ្គត់ផ្គង់ទីផ្សារបានកើនឡើងពី ៩ ០០០ ក្បាល រហូតដល់ ១០ ០០០ ក្បាល/ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ទោះជាយ៉ាងណា តម្លៃជ្រូករស់នៅលើទីផ្សារដែលធ្លាក់ចុះក្រោម ២០ ០០០ រៀល/គីឡូក្រាម កំពុងប៉ះពាល់ដល់ប្រាក់ចំណេញរបស់កសិករ។

លោកបញ្ជាក់ថា កត្តាចម្បងដែលសម្ពាធលើតម្លៃ រួមមានការផលិត និងចិញ្ចឹមក្នុងស្រុកមានកម្រិតលើសតម្រូវការ (Over supply) រួមនឹងការប្រកួតប្រជែងពីការនាំចូលសាច់បង្កកពីខាងក្រៅ។ បញ្ហាទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួន ដែលបង្ខំឲ្យកសិករត្រូវប្រមូលផល ឬលក់សត្វចិញ្ចឹមចេញលឿនជាងការកំណត់។

លោក ឡែមផូ សុថាវរិទ្ធ ប្រធានសមាគមវារីវប្បកម្មកម្ពុជា បានបញ្ជាក់ថា ការផ្គត់ផ្គង់ក្នុងស្រុកក្តោបក្តាប់បាន ៥៦% នៃទីផ្សារសរុប (បរិមាណប្រមាណ ៥៥០ តោនក្នុង១ថ្ងៃ)។ ការនាំចូលពីខាងក្រៅមានប្រមាណ ៤៤% (ត្រូវនឹងបរិមាណប្រមាណ ៤៥០ តោនក្នុង១ថ្ងៃ) ដើម្បីបំពេញបន្ថែមតម្រូវការទីផ្សារសរុបប្រមាណ ១ ០០០ តោន/ថ្ងៃ។

ដូច្នេះ ស្ថិរភាពតម្លៃសាច់សត្វចិញ្ចឹម និងត្រី ក្នុងអំឡុងពិធីបុណ្យធំៗ ដូចជាភ្ជុំបិណ្ឌ បង្ហាញពីប្រសិទ្ធភាពនៃការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ (Supply Chain) និងសមត្ថភាពផលិតក្នុងស្រុកដែលកាន់តែរឹងមាំ។ ទោះជាយ៉ាងណា ដើម្បីធានាបាននូវនិរន្តរភាពសេដ្ឋកិច្ចសម្រាប់កសិករក្នុងស្រុក អាជ្ញាធរពាក់ព័ន្ធ និងតួអង្គក្នុងវិស័យឯកជន ចាំបាច់ត្រូវពង្រឹងវិធានការត្រួតពិនិត្យការនាំចូលសាច់បង្កកខុសច្បាប់ និងរៀបចំយន្តការរក្សាស្ថិរភាពថ្លៃជ្រូករស់ ដើម្បីកាត់បន្ថយហានិភ័យខាតបង់របស់កសិករក្នុងស្រុក៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា