បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

បរទេស៖ បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច ដែលកំពុងជំរុញឱ្យបណ្តាធនាគារកណ្តាលធំៗនាំគ្នាដកមាសដែលធ្លាប់ផ្ញើទុកនៅបរទេស ជាពិសេសនៅក្នុងទីក្រុងឡុងដ៍ និង ទីក្រុងញូវយ៉ក ត្រឡប់មកទុកក្នុងស្រុកវិញ។

Advertisement

យោងតាមប្រភពពី Seoul Economic Daily បានឱ្យដឹងថា ការរក្សាទុកមាសរបស់ធនាគារកណ្តាលពីប្រទេសផ្សេងៗនៅទីក្រុងឡុងដ៍ និងញូវយ៉ក កំពុងធ្លាក់ចុះ បើធៀបនឹងឆ្នាំ២០២៥។ ជាទូទៅ ប្រព័ន្ធជួញដូរមាសសកលគឺដំណើរការផ្អែកលើទីក្រុងឡុងដ៍ និងញូវយ៉ក ដែលជាទីផ្សារអនាគតមាសដ៏ធំបំផុត ប៉ុន្តែនិន្នាការនេះកំពុងផ្លាស់ប្តូរទំនុកចិត្ត ខណៈដែលនៅធនាគារកណ្តាលរបស់អង់គ្លេស (BoE) មានមាសរក្សាទុករហូតដល់ទៅជាង ៧០០ ពាន់លានដុល្លារ ប៉ុន្តែសមាមាត្រនៃការផ្ញើរមាសទុករបស់ធនាគារកណ្តាលពីប្រទេសផ្សេងៗនៅក្នុងឆ្នាំនេះបានធ្លាក់ចុះមកនៅត្រឹម ៥៧% ដែលធ្លាក់ចុះពី ៦៤% កាលពីឆ្នាំ២០២៥ ។ លើសពីនេះ ការរក្សាទុកមាសធនាគារកណ្តាលអាម៉េរិកប្រចាំទីក្រុងញូវយ៉ក (New York Fed) នៅក្នុងឆ្នាំនេះក៏ធ្លាក់ចុះដល់ ១៤% ដែលធ្លាក់ចុះពី ១៧% ក្នុងឆ្នាំ ២០២៥។

បារាំង គឺជាប្រទេសដែលសកម្មបំផុតក្នុងការប្រមូលមាសត្រឡប់មកប្រទេសវិញ។ ធនាគារកណ្តាលបារាំង Banque de France ប្រមូលយកមាសចំនួន ១២៩ តោនចេញពីធនាគារកណ្តាលទីក្រុងញូវយ៉ក (New York Fed) ក្នុងចន្លោះខែកក្កដា ឆ្នាំ២០២៥ ដល់ខែមករាឆ្នាំនេះ។ បច្ចុប្បន្ន បារាំងគ្រប់គ្រងទុនបម្រុងមាសទាំងអស់នៅក្នុងស្រុក ហើយថែមទាំងលក់ដុំមាសនៅអាម៉េរិកដើម្បីយកមកទិញនៅអឺរ៉ុបវិញ ដែលបង្កើតប្រាក់ចំណេញបានប្រហែល ១១ ពាន់លានអឺរ៉ូ។ ទន្ទឹមនឹងនេះ ឥណ្ឌាក៏កំពុងពន្លឿនសកម្មភាពផងដែរ ដោយធនាគារកណ្តាល RBI ប្រមូលមាសជាច្រើនដែលធ្លាប់ទុកនៅចក្រភពអង់គ្លេសត្រឡប់មកវិញ។ ចំនួនមាសរបស់ឥណ្ឌាដែលទុកនៅបរទេសធ្លាក់ចុះមកសល់ត្រឹម ២២% ប៉ុណ្ណោះនៅក្នុងឆ្នាំនេះ បើធៀបនឹង ៥៥% កាលពីឆ្នាំ២០២៣។ ប្រទេសផ្សេងទៀត ដូចជា អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ ក្រិក និងស៊ុយអែត ក៏កំពុងមានការជជែកដេញដោលក្នុងការនាំយកមាសត្រឡប់មកស្រុកកំណើតវិញផងដែរ។ ការប្រមូលមាសដេលធ្លាប់តែរក្សាទុកនៅបរទេសយកមកក្នុងស្រុកវិញ គឺដោយសារការសង្ស័យកាន់តែខ្លាំងឡើងពីប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច ខណៈដែលភាពតានតឹងភូមិសាស្ត្រនយោបាយនៅតែបន្តកើតមាន ធ្វើឲ្យការជឿទុកចិត្តគ្នារវាងប្រទេសនានាចុះខ្សោយ។

លោក Shaokai Fan ប្រធានផ្នែកធនាគារកណ្តាលនៃក្រុមប្រឹក្សាមាសពិភពលោក (WGC) វាយតម្លៃថា ស្របពេលដែលក្ដីព្រួយបារម្ភពីភូមិសាស្ត្រនយោបាយកំពុងកើតមាន អ្វីដែលជំរុញឱ្យមានការដកមាសត្រឡប់មកវិញ និងការប្តូរទីតាំងទុកមាស គឺដោយសារក្ដីបារម្ភមិនអាចដកយកមាសរបស់ខ្លួនមកប្រើប្រាស់បានពេញលេញនៅពេលដែលពួកគេត្រូវការចាំបាច់។ ក្តីបារម្ភទាំងនេះមានតាំងពីយូរយារណាស់មកហើយ ប៉ុន្តែថ្មីៗនេះ ធនាគារកណ្តាលកំពុងយកចិត្តទុកដាក់លើបញ្ហានេះកាន់តែខ្លាំង។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ សិង្ហបុរី បានប្រកាសពីគម្រោងបង្កើតប្រព័ន្ធទូទាត់មាស OTC (Over-the-Counter) ដែលអនុញ្ញាតឱ្យភាគីជាអ្នកទិញ និងអ្នកលក់ អាចទិញដូរមាសដោយផ្ទាល់ជាមួយគ្នាបានយ៉ាងលឿន និងមានសុវត្ថិភាព ដោយមិនបាច់ឆ្លងកាត់ផ្សារភាគហ៊ុនផ្លូវការឡើយ។ លើសពីនេះ ពួកគេបានបង្កើតកន្លែងរក្សាទុកមាស និងសេវាកម្មថែរក្សាមាសជាពិសេសសម្រាប់បម្រើដល់ធនាគារកណ្តាលប្រទេសផ្សេងៗដែលចង់ប្តូរទីតាំងផ្ញើទុកមាសពីអឺរ៉ុប ឬ អាម៉េរិក មកតំបន់អាស៊ីវិញ។ សិង្ហបុរី ក៏គ្រោងលុបចោលពន្ធ ៥ ភាគរយដែលដាក់លើការវិនិយោគមាសរូបវ័ន្តផងដែរ។

លោក Gan Kim Yong ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី បានអះអាងថា សិង្ហបុរី អាចបម្រើជាមជ្ឈមណ្ឌលដ៏គួរឱ្យទុកចិត្តមួយនៅក្នុងប្រព័ន្ធមាសពិភពលោក ហើយអាចភ្ជាប់តម្រូវការទីផ្សារមាសនៅក្នុងតំបន់អាស៊ីជាមួយនឹងលំហូរសាច់ប្រាក់ងាយស្រួល និងពង្រឹងមុខងារទីផ្សារឱ្យកាន់តែមានសកម្មភាពខ្លាំងក្លានៅក្នុងម៉ោងជួញដូររបស់អាស៊ី៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា