ម្ចាស់សហគ្រាសក្នុងស្រុកទទួលស្គាល់អំពីផលប៉ះពាល់ដល់ផលិតកម្មដោយសារការឡើងថ្លៃប្រេង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ម្ចាស់សហគ្រាសក្នុងស្រុកទទួលស្គាល់អំពីផលប៉ះពាល់ដល់ផលិតកម្មដោយសារការឡើងថ្លៃប្រេង

ម្ចាស់សហគ្រាសក្នុងស្រុកទទួលស្គាល់អំពីផលប៉ះពាល់ដល់ផលិតកម្មដោយសារការឡើងថ្លៃប្រេង

ភ្នំពេញ ៖ ម្ចាស់សហគ្រាសផលិតក្នុងស្រុកមួយចំនួនបាននាំគ្នាសម្តែងក្តីបារម្ភពីបញ្ហា​ប្រេងឡើងថ្លៃ ដែលអាចប៉ះពាល់ដោយផ្ទាល់ដល់ចង្វាក់ផលិតកម្មរបស់ខ្លួន និងប្រឈមចំណាយថ្លៃដើមកាន់តែខ្ពស់។

Advertisement

គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ តម្លៃប្រេងឥន្ឋនៈនៅលើទីផ្សារកម្ពុជា បានកើនឡើងខ្ពស់ដោយក្នុងនោះ ប្រេងសាំងមានតម្លៃ ៥២០០រៀលក្នុងមួយលីត្រ ហើយប្រេងម៉ាស៊ូតមានតម្លៃ ៦០៥០រៀលក្នុងមួយលីត្រ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។

លោក លាង ឡេង ម្ចាស់ហសគ្រាសផលិតទឹកត្រី មានទីតាំងនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានសម្តែងក្តីបារម្ភចំពោះការឡើងថ្លៃប្រេង ដែលជះឥទ្ធិពលដល់ការឡើងថ្លៃនៃវត្ថុធាតុដើម រួមទាំងការចំណាយលើការដឹកជញ្ជូនកើនឡើងផងដែរ

លោកបានបញ្ជាក់ថា ៖

«បញ្ហាឡើងតម្លៃប្រេងគឺប៉ះខ្លាំង និងកំពុងតែពិបាករឿងនេះ អ្នកដឹកវត្ថុធាតុដើមមកគាត់សុំឡើងថ្លៃ ហើយយើងដឹកឥវ៉ាន់ទៅឱ្យម៉ូយនៅតាមខេត្តក៏ប៉ះពាល់ច្រើន ថ្ងៃមុនឡានយើងចូលទៅដល់ខេត្ត ចូលមកភ្នំពេញវិញអត់បាន អត់មានប្រេងរត់មកវិញ នៅខេត្តដាច់ស្តុកប្រេង គឺប៉ះពាល់ធ្ងន់»។

ចំពោះវត្ថុធាតុដើមចំាបាច់សម្រាប់ផលិតកម្មនៅក្នុងសហគ្រាសខាងលើនេះ រួមមាន ផ្លែម្ទេស ត្រី អំបិល ដែលត្រូវបានអ្នកផ្គត់ផ្គត់ស្នើសុំឡើងថ្លៃ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្នុងដំណាក់កាលដំបូង សហគ្រាស លាង ឡេង នៅមិនទាន់ដំឡើងថ្លៃផលិតផលលក់ចេញទៅឱ្យអតិថិជនរបស់ខ្លួននៅឡើយ ដោយរង់ចាំមើលស្ថានការណ៍នាពេលខាងមុខបន្តិចទៀតសិន។

លោក វ៉ាន់ សុង ប្រធានគ្រប់គ្រងក្រុមហ៊ុន លី​លី ផលិតនំស្រួយ បានទទួលស្គាល់ផងដែរថា ក្រុមហ៊ុនបានទទួលរងផលប៉ះពាល់អំពីការឡើងថ្លៃប្រេង ប៉ុន្តែប៉ះពាល់តិច ដោយយោងទៅលើការដឹកជញ្ជូនផលិតផលទៅឱ្យអតិថិជនមានទីតាំងនៅជិតៗ ឬក្នុងក្រុងភ្នំពេញ។ ដោយឡែក ក្រុមហ៊ុនផ្គត់ផ្គង់វត្ថុធាតុដើម នៅមិនទាន់ជូនដំណឹងអំពីការឡើងថ្លៃនៅឡើយ ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ការឡើងថ្លៃភ្លាមៗនៃតម្លៃប្រេង តែងប៉ះពាល់ដល់សង្វាក់ផលិតកម្មក្នុងស្រុកជៀសមិនផុតនោះឡើយ។

អ្នកឧកញ៉ាបញ្ជាក់ថា ៖

«ជាជំហានដំបូងវាប៉ះហើយ គ្រាន់តែថាកម្រិតប៉ះពាល់មិនខ្លាំងទេ ព្រោះអី? ចង្វាក់ផលិតកម្មក៍ដោយ សេវាកម្មក៍ដោយ ទំនិញក៍ដោយ តែងរងផលប៉ះពាល់»។

ទោះយ៉ាងនេះក្តី អ្នកឧកញ៉ា លឹម ហេង បានអះអាងថា ទាំងអាជីវករ ទាំងអ្នកផលិត តែងដំឡើងថ្លៃដើមផលិតនៅពេលរងផលប៉ះពាល់រយៈពេលវែង អំពីការឡើងថ្លៃប្រេង ហើយអ្នកដែលប៉ះពាល់ពិតប្រាកដ គឺអតិថិជនដែលជាអ្នកទិញប្រើប្រាស់ដោយផ្ទាល់ រួមមានប្រជាពលរដ្ឋទូទៅ កម្មកររោងចក្រ បុគ្គលិកបំរើការងារនៅតាមក្រុមហ៊ុនឯកជន និងមន្រ្តីរាជការផងដែរ។   

យោងតាម​របាយការណ៍​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា គិតត្រឹមចុង​ឆ្នាំ២០២៥ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ក្នុងស្រុកមានចំនួន ៤៤ ៧៩៥ មូលដ្ឋាន និងបានផ្តល់ឱការងារដល់ពលរដ្ឋសរុប​ប្រមាណ ៤៩២ ១៣១នាក់ នៅទូទាំងប្រទេស៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា