ក្រុមហ៊ុន LG បោះទុន ១ ពាន់លានដុល្លារ សាងសង់រោងចក្រផលិតឈីបនៅវៀតណាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន LG បោះទុន ១ ពាន់លានដុល្លារ សាងសង់រោងចក្រផលិតឈីបនៅវៀតណាម

ក្រុមហ៊ុន LG បោះទុន ១ ពាន់លានដុល្លារ សាងសង់រោងចក្រផលិតឈីបនៅវៀតណាម

បរទេស៖ ក្រុមហ៊ុនកូរ៉េខាងត្បូង LG Innotek បោះទុន ១ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតឈីបពាក់កណ្តាលចម្លង (semiconductor) នៅក្នុងទីក្រុងហាយហ្វុង ប្រទេសវៀតណាម ដោយការផលិតទ្រង់ទ្រាយធំគ្រោងនឹងចាប់ផ្ដើមនៅត្រីមាសទី ៣ នៃឆ្នាំ ២០២៨។ នេះបើយោងតាមការរាយការណ៍ពី The Investor VN។

Advertisement

យោងតាមការប្រកាសជាផ្លូវការរបស់អាជ្ញាធរទីក្រុងហាយហ្វុង បានឱ្យដឹងថា គម្រោងនេះមានផ្ទៃដីទំហំ ៣២ ហិកតាស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច Deep C Hai Phong 2 និង ចាប់ផ្ដើមការសាងសង់នៅត្រីមាសទី ៣ ឆ្នាំ ២០២៦។

ការសាកល្បងដំណើរការគ្រោងនឹងកើតឡើងនៅត្រីមាសទី៣ ឆ្នាំ ២០២៧ និងចាប់ផ្ដើមផលិតកម្មទ្រង់ទ្រាយធំជាលក្ខណៈពាណិជ្ជកម្មនៅត្រីមាសទី ៣ ឆ្នាំ ២០២៨។ នេះគឺជាគម្រោងដំបូងគេបង្អស់ដែលត្រូវដាក់ពង្រាយនៅក្នុងតំបន់ពាណិជ្ជកម្មសេរីរបស់ទីក្រុងហាយហ្វុង ខណៈដែល semiconductor ត្រូវបានកំណត់ជាវិស័យអាទិភាពខ្ពស់របស់ទីក្រុងសម្រាប់ទាក់ទាញការវិនិយោគ។

ក្រៅពីរោងចក្រផលិត គម្រោងនេះក៏រួមបញ្ចូលទាំងការសាងសង់អគារ ការិយាល័យ និងឃ្លាំងស្តុកទំនិញសម្រាប់ជួល ដើម្បីគាំទ្រដល់សកម្មភាពពាណិជ្ជកម្ម និងឧស្សាហកម្មផ្សេងទៀតផងដែរ។

រោងចក្រថ្មីនេះនឹងដំណើរការដាច់ដោយឡែកពីរោងចក្រផលិតម៉ូឌុលកាមេរ៉ាបច្ចុប្បន្នរបស់ LG Innotek នៅក្នុងតំបន់ឧស្សាហកម្ម Trang Due។ មិនត្រឹមតែប៉ុណ្ណោះ រោងចក្រនេះនឹងផ្ដោតលើការផលិតផលិតផលស្នូលចំនួនបីគឺ៖

•          ឈីបពាក់កណ្ដាលចម្លង RF-SiP៖ ប្រើប្រាស់សម្រាប់ម៉ូឌុលទំនាក់ទំនងឥតខ្សែនៅក្នុងស្មាតហ្វូន និង ឧបករណ៍ដែលអាចពាក់បាន ដើម្បីឆ្លើយតបនឹងកំណើនប្រព័ន្ធ 5G និង 6G នាពេលអនាគត។

•          ឈីបពាក់កណ្ដាលចម្លង FC-CSP៖ ប្រើប្រាស់សម្រាប់ភ្ជាប់បន្ទះឈីបដំណើរការ និងឈីបអង្គចងចាំទៅនឹងបន្ទះសៀគ្វីមេនៃឧបករណ៍ ដើម្បីគាំទ្រដល់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតផ្ទាល់លើឧបករណ៍។

•          ឈីបពាក់កណ្តាលចម្លង FC-BGA៖ ប្រើប្រាស់ក្នុង CPU, GPU, ម៉ាស៊ីនមេ និងប្រព័ន្ធទិន្នន័យ  ដែលតម្រូវការបច្ចុប្បន្នកំពុងហក់ឡើងខ្លាំង ដោយសារការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ AI សកល។

គួរឲ្យបញ្ជាក់ដែរថា ក្រុមហ៊ុន LG Innotek ជ្រើសរើសទីក្រុងហាយហ្វុងដោយសារមានហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មស្រាប់ ថ្លៃដើមផលិតកម្មមានភាពប្រកួតប្រជែង និងនៅជិតបណ្តាក្រុមហ៊ុនធ្វើតេស្ត និងវេចខ្ចប់ឈីបពាក់កណ្ដាលចម្លងផ្សេងទៀត។

មិនត្រឹមតែប៉ុណ្ណោះ ការវិនិយោគនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រីកសមត្ថភាពផលិតកម្មរបស់ក្រុមហ៊ុន ខណៈពេលដែលរោងចក្រ Gumi របស់ខ្លួននៅកូរ៉េខាងត្បូងជិតដំណើរការពេញសមត្ថភាព។

ក្រុមហ៊ុន LG Innotek ដាក់គោលដៅលើចំណូលអាជីវកម្មពីឈីបពាក់កណ្តាលចម្លង ឬ semiconductor នេះឱ្យបានលើសពី ៣ ទ្រីលានវ៉ុន (ប្រហែល ១.៩៤ ពាន់លានដុល្លារ) នៅត្រឹមឆ្នាំ ២០៣០៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា