ក្បាលដីក្នុងភូមិចំនួន២០ នៃស្រុកអង្គរជុំ ខេត្តសៀមរាប​ ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យមុនចេញបណ្ណកម្មសិទ្ធិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្បាលដីក្នុងភូមិចំនួន២០ នៃស្រុកអង្គរជុំ ខេត្តសៀមរាប​ ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យមុនចេញបណ្ណកម្មសិទ្ធិ

ក្បាលដីក្នុងភូមិចំនួន២០ នៃស្រុកអង្គរជុំ ខេត្តសៀមរាប​ ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យមុនចេញបណ្ណកម្មសិទ្ធិ

សៀមរាប ៖ ឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ១១ ៣៣៨ក្បាលដី ក្នុងភូមិចំនួន​ ២០ ស្ថិតក្នុង​ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យ​ពលរដ្ឋជា​ម្ចាស់​ក្បាលដី​ធ្វើការត្រួតពិនិត្យ និងស្នើសុំកែតម្រូវទិន្នន័យ ធានានូវភាពត្រឹមត្រូវមុននឹងចេញបណ្ណកម្មសិទ្ធិជូន។

Advertisement

បើតាម​មន្ទីរព័ត៌មាន​ខេត្ត​សៀមរាប ដកស្រង់​សម្ដីលោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប ​បានអំពាវនាវឱ្យម្ចាស់ដីត្រូវពិនិត្យមើលសាវតាឈ្មោះ, ឆ្នាំកំណើត, ប្រភេទទ្រព្យ, ឈ្មោះឪពុកម្តាយ និងទំហំដី នៅលើតារាងបញ្ជីឈ្មោះម្ចាស់ដី ព្រមទាំងពិនិត្យទីតាំងដី និងរូបរាងដីនៅលើផែនទីក្បាលដីឱ្យបានច្បាស់លាស់។ នេះគឺជាឱកាសដែលបងប្អូនមានសិទ្ធិធ្វើការកែតម្រូវ ឬដាក់ពាក្យបណ្ដឹងតវ៉ាផ្សេងៗបាន ប្រសិនបើពិនិត្យទៅឃើញថាមានការខុសឆ្គង ឬចង់ជំទាស់តវ៉ាលើចំណុចណាមួយ ដោយត្រូវទាក់ទងជាមួយក្រុមការងារដែលប្រចាំការនៅកន្លែងបិទផ្សាយ។

លោកបញ្ជាក់ថា ក្រោយបញ្ចប់ការបិទផ្សាយរយៈពេល ១៥ថ្ងៃនេះ គណៈកម្មការរដ្ឋបាលនឹងលើកសំណើជូនទៅ ឯកឧត្តមអភិបាលខេត្ត ដើម្បីសម្រេចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ជូនដល់ម្ចាស់កម្មសិទ្ធិករ និងអ្នកកាន់កាប់ដីណាដែលបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់តាមនីតិវិធីច្បាប់ ដែលជាក្បាលដីមិនមានទំនាស់ និងមិនពាក់ព័ន្ធជាមួយដីឯកជនរបស់រដ្ឋ ឬដីសាធារណៈរបស់រដ្ឋដូចជាបុរាណដ្ឋាន។

លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា បណ្ណកម្មសិទ្ធិដីធ្លីដែលមានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ធ្វើឡើងស្របតាមគោលនយោបាយជាតិ ស្តីពីដីធ្លី និងច្បាប់ភូមិបាល ក្នុងគោលបំណងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ និងដើម្បីកាត់បន្ថយ ក៏ដូចជាឈានទៅបិទបញ្ចប់ទំនាស់ដីធ្លី បង្កើតនូវបរិយាកាសគ្មានវិវាទ ភូមិឋានក្សេមក្សាន្ត និងសុភមង្គល។ ដូច្នេះ សូមអំពាវនាវ និងសង្ឃឹមយ៉ាងមុតមាំថា តំណាងមន្ទីរអង្គភាពពាក់ព័ន្ធដែលជាស្ថាប័នគ្រប់គ្រងដីរដ្ឋ និងបងប្អូនប្រជាពលរដ្ឋជាម្ចាស់ដីទាំងអស់ នឹងមានកិច្ចសហការល្អនៅក្នុងដំណើរការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យនេះ។

លោក​បានបញ្ជាក់ថា ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋមានចម្ងល់ ឬមិនចេះអក្សរ មន្ត្រីជំនាញដែលនៅប្រចាំការនឹងរង់ចាំធ្វើការដោះស្រាយ ពន្យល់បកស្រាយរាល់មន្ទិលសង្ស័យ ក៏ដូចជាទទួលពាក្យបណ្តឹងតវ៉ាដើម្បីធ្វើការសម្រុះសម្រួលតាមការព្រមព្រៀងដោយគណៈកម្មការរដ្ឋបាល។ ជាមួយគ្នានោះ អាជ្ញាធរឃុំភូមិ ត្រូវបន្តជួយផ្សព្វផ្សាយ និងបំផុសឱ្យប្រជាពលរដ្ឋមកចូលរួមឱ្យបានគ្រប់ៗគ្នា ដើម្បីឱ្យការងារនេះសម្រេចបានជោគជ័យស្របតាមផែនការគ្រោងទុក។

សូមរម្លឹកថា ការបិទផ្សាយឯកសារនៃការវិនិច្ឆ័យនេះមានរយៈពេលត្រឹមតែ ១៥ថ្ងៃប៉ុណ្ណោះ  គិតចាប់ពីថ្ងៃទី២៧ ខែឧសភា រហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តចារឈូករង្សី ភូមិដូនស្វា ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប។ ដោយឡែក សម្រាប់ឃុំចំនួន ៦ទៀត ក្នុងស្រុកអង្គរជុំ រួមមាន ឃុំដូនពេង, ឃុំគោកដួង, ឃុំគោល, ឃុំនគរភាស, ឃុំស្រែខ្វាវ និងភូមិតាសោម គឺមានផែនការគ្រោងនឹងចេញបណ្ណកម្មសិទ្ធិជូនឱ្យបានមុនដំណាច់ឆ្នាំ២០២៦ នេះដូចគ្នា​ ។​

បើតាមការ​បញ្ជាក់របស់​មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​និងសំណង់ បានថ្លែង​បញ្ជាក់​កន្លងមកថា ការ​ចុះបញ្ជីដីធ្លី​ ​នឹង​ត្រូវបញ្ចប់ទាំង​ស្រុងក្នុងពេលឆាប់ៗនេះហើយ ដើម្បីរៀបចំដំណើរការ​ចេញបណ្ណ ជូនពលរដ្ឋ​ម្ចាស់​កម្មសិទ្ធិ ដោយរំពឹង​ថា​ក្នុងឆ្នាំ ២០២៧​ខាងមុខនេះ ការ​ចុះបញ្ជីដីធ្លីនឹង​ត្រូវ​បញ្ចប់ទាំង​ស្រុង ហើយចាប់ពីពេលនោះដែរ បញ្ហា​វិវាទដីធ្លីដែលកើតឡើងថ្មីៗនឹង​លែងមានទៀត​ហើយ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា