គ្រឹះស្ថាន ខេមា ​និង​ Mission Alliance រួមគ្នា​ពង្រឹង​ចំណេះដឹង​ហិរញ្ញវត្ថុ​ ​និង​ជំនាញ​អាជីវកម្ម​ដល់​សហគ្រិន​ខ្នាត​មីក្រូ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គ្រឹះស្ថាន ខេមា ​និង​ Mission Alliance រួមគ្នា​ពង្រឹង​ចំណេះដឹង​ហិរញ្ញវត្ថុ​ ​និង​ជំនាញ​អាជីវកម្ម​ដល់​សហគ្រិន​ខ្នាត​មីក្រូ

គ្រឹះស្ថាន ខេមា ​និង​ Mission Alliance រួមគ្នា​ពង្រឹង​ចំណេះដឹង​ហិរញ្ញវត្ថុ​ ​និង​ជំនាញ​អាជីវកម្ម​ដល់​សហគ្រិន​ខ្នាត​មីក្រូ

​១៩ សី​ហា ​២០២៦​ ​— ​គ្រឹះស្ថាន ​ខេមា ​មីក្រូ​ហិរញ្ញវត្ថុ​ ​លីមីតធីត ​និង​ Mission Alliance ​ប្រចាំ​ប្រទេស​កម្ពុជា ​បាន​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​ ​ដើម្បី​រួមគ្នា​លើក​កម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុ​ ​និង​ជំនាញ​អាជីវកម្ម​ដល់​ម្ចាស់​អាជីវកម្ម​ខ្នាត​មីក្រូ ​និង​បុគ្គល​ស្វ័យ​និយោជន៍ ​នៅ​តាម​តំបន់​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន ​ខេមា​។

កិច្ច​សហការ​នេះ​មាន​គោលបំណង​ជួយ​ឱ្យ​សហគ្រិន​ខ្នាត​មីក្រូ ​និង​បុគ្គល​ស្វ័យ​និយោជន៍ ​មាន​ចំណេះដឹង ​និង​ឧបករណ៍​ជាក់ស្តែង​សម្រាប់​គ្រប់គ្រង​អាជីវកម្ម ​និង​ហិរញ្ញវត្ថុ​ប្រចាំ​ថ្ងៃ ​ដើម្បី​ពង្រឹង​សមត្ថភាព​រក​ប្រាក់​ចំណូល ​និង​ភាព​ធន់​ផ្នែក​ហិរញ្ញវត្ថុ​របស់​គ្រួសារ​ ​និង​សហគមន៍​។

​ក្រោម​អនុស្សរណៈ​នេះ​ ​Mission Alliance ​នឹង​សហការ​ជាមួយគ្រឹះស្ថាន ខេមា ​ក្នុង​ការ​ផ្តល់​ការ​ស្វ័យ​សិក្សា​តាមរយៈ​ Roksi ​Chatbot ​ការ​បណ្តុះបណ្តាល​ដោយ​គ្រូបង្គោល ​និង​ការ​រៀបចំ​សិក្ខាសាលា​។ ​ខ្លឹមសារ​នឹង​ផ្តោត​លើ​ការ​គ្រប់គ្រង​អាជីវកម្ម​ខ្នាត​មីក្រូ ​និង​ចំណេះដឹង​ហិរញ្ញវត្ថុ​ ​ដែល​អាច​យក​ទៅ​អនុវត្ត​បាន​ក្នុង​ជីវភាព​ ​និង​ការ​ប្រកប​អាជីវកម្ម​ប្រចាំ​ថ្ងៃ​។

​លោក​ ​Biju Abraham ​នាយក ​Mission Alliance ​ប្រចាំ​ប្រទេស​កម្ពុជា ​បាន​មានប្រសាសន៍​ថា​៖​ ​“​សកម្មភាព​អាជីវកម្ម​ខ្នាត​តូច ​និង​ក្រៅ​ប្រព័ន្ធ​ ​មាន​តួនាទី​សំខាន់​ក្នុង​ការ​រក្សា​ជីវភាព​ ​និង​ភាព​ធន់​របស់​គ្រួសារ​ ​និង​សហគមន៍​ជនបទ​។ ​តាមរយៈ​គំនិត​ផ្តួចផ្តើម​ ​«​រកស៊ី​»​ ​យើង​ចង់​ផ្តល់​ការ​គាំទ្រ​ដល់​បុគ្គល​ស្វ័យ​និយោជន៍ ​និង​សហគ្រិន​ខ្នាត​មីក្រូ ​ដែល​ភាគ​ច្រើន​ជា​កសិករ​ ​អ្នក​លក់​ដូរ​តូចតាច ​និង​សិប្បករ ​ដែល​មាន​ក្តី​ស្រមៃ​ចង់​ពង្រីក​អាជីវកម្ម ​និង​លើកកម្ពស់​ជីវភាព​ ​ប៉ុន្តែ​មាន​កម្រិត​ក្នុង​ការ​ទទួល​បាន​ការ​បណ្តុះបណ្តាល ​និង​ធនធាន​គាំទ្រ​។ ​កិច្ច​សហការ​ជាមួយ​ ​ខេមា ​នឹង​ជួយ​នាំ​ចំណេះដឹង​ទាំងនេះ​ឱ្យ​កាន់តែ​ខិត​ជិត​ទៅ​ដល់​សហគមន៍​ដែល​ត្រូវការ​វា​”​។

​អ្នក​ស្រី​ ឌិត ​នីតា ​ប្រធាន​ក្រុមប្រឹក្សាភិបាល ​នៃ​គ្រឹះស្ថាន ​ខេមា ​បាន​មានប្រសាសន៍​ថា​៖ ​“​សុខុមាលភាព​ហិរញ្ញវត្ថុ​របស់​អតិថិជន​ ខេមា ​ក៏​ជា​សុខុមាលភាព​របស់​គ្រឹះស្ថាន ខេមា ​ដែរ​។ ការ​លើកកម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុ​ ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​។ ​តាមរយៈ​កិច្ច​សហការ​ជាមួយ​ ​Mission Alliance ​យើង​ចង់​ឱ្យ​អតិថិជន​មិន​ត្រឹមតែ​ទទួល​បាន​លទ្ធភាព​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​មាន​ចំណេះដឹង​ ​និង​សមត្ថភាព​ក្នុង​ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ​ដើម្បី​កសាង​អាជីវកម្ម​ ​គ្រួសារ​ ​និង​សហគមន៍​ដែល​មាន​ភាព​ធន់​ជាង​មុន​”​។

​Mission Alliance ​មាន​បេសកកម្ម​កាត់បន្ថយ​ភាព​ក្រីក្រ​ ​និង​លើកកម្ពស់​យុត្តិធម៌​ ​តាមរយៈ​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ ​ក្រសួង​-​ស្ថាប័ន​រដ្ឋ ​និង​វិស័យ​ឯកជន​។

កិច្ច​សហការ​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​បន្តការងារ​របស់​គ្រឹះស្ថាន ​ខេមា ​ក្នុង​ការ​លើកកម្ពស់​សុខុមាលភាព​ ​និង​ភាព​ធន់​របស់​អតិថិជន ​និង​សហគមន៍​។ ​ចាប់​ពី​ចុង​ឆ្នាំ​២០២៥​ ​គ្រឹះស្ថាន ​ខេមា ​បាន​ផ្សព្វផ្សាយ​ចំណេះដឹង​ហិរញ្ញវត្ថុ​ ​សុវត្ថិ​ភាព​ហិរញ្ញវត្ថុ​សហគមន៍​ ​និង​ចំណេះដឹង​ទាក់ទង​នឹង​ទឹក​ស្អាត​និង​អនាម័យ ​ដល់​អតិថិជន​គោលដៅ​។

​គិត​ត្រឹម​ខែ​កក្កដា ​ឆ្នាំ​២០២៦ ​បុគ្គលិក​គ្រឹះស្ថាន ​ខេមា ​បាន​ផ្សព្វផ្សាយ​ចំណេះដឹង​ទាំងនេះ​ដល់​អតិថិជន​គោលដៅ​ចំនួន​ ​២​.​៧៥៨ ​នាក់​ ​ក្នុង​នោះ​ប្រមាណ​ ​៥៩​%​ ​ជា​ស្ត្រី​។ ​តាមរយៈ​កិច្ច​សហការ​ថ្មី​នេះ​ ​គ្រឹះស្ថាន ខេមា ​និង​ Mission Alliance ​នឹង​បន្ត​ពង្រីក​ឱកាស​ឱ្យ​សហគ្រិន​ខ្នាត​មីក្រូ ​និង​បុគ្គល​ស្វ័យ​និយោជន៍ ​ទទួល​បាន​ចំណេះដឹង​ដែល​អាច​ជួយ​ពួក​គេ​ធ្វើ​ការ​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​បាន​កាន់តែ​ប្រសើរ និង​កសាង​ជីវភាព​ដែល​មាន​ភាព​ធន់ និង​ចីរភាព​៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា