កំពង់ផែ​ពហុបំណង​ និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ​នឹង​ជួយ​ជំរុញទំនិញ-កសិផល​កម្ពុជា​ទៅកាន់ទីផ្សារ​កាន់តែទូលាយ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កំពង់ផែ​ពហុបំណង​ និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ​នឹង​ជួយ​ជំរុញទំនិញ-កសិផល​កម្ពុជា​ទៅកាន់ទីផ្សារ​កាន់តែទូលាយ​

កំពង់ផែ​ពហុបំណង​ និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ​នឹង​ជួយ​ជំរុញទំនិញ-កសិផល​កម្ពុជា​ទៅកាន់ទីផ្សារ​កាន់តែទូលាយ​

ភ្នំពេញ ៖ កំពង់ផែ​ពហុបំណង​ និងមណ្ឌលភស្តុភារកម្ម​កំពង់ឆ្នាំង ដែលរាជរដ្ឋាភិបាល​បាន​សម្រេចចេញអនុក្រឹត្យឱ្យបង្កើត​ជាផ្លូវការ​កាលពីចុងសប្ដាហ៍កន្លងទៅនេះ នឹង​ក្លាយជា​ទីតាំង​ចែកចាយកសិផល ក៏ដូចជាទំនិញរបស់​កម្ពុជា​ទៅកាន់ទីផ្សារ ទាំង​ក្នុង​ និង​ក្រៅប្រទេស​ កាន់តែទូលាយ។

Advertisement

បើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល​ លេខ​​​ ៤១ អនក្រ.បក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា កំពង់ផែពហុបំណង​​ និង​មណ្ឌល​ភស្តុភារកម្ម​​កំពង់ឆ្នាំង មានដែនទឹក និងដែនដីគោកសរុប​ជិត​៦០ម៉ឺន​ម៉ែត្រការ៉េ ​​មានសមត្ថភាពផ្ដល់សេវាកម្ម​សម្រាប់ទំនិញ​ឆ្លងកាត់ប្រមាណ ២លានតោន​ក្នុងមួយឆ្នាំ ។

ឯកឧត្តម​ ផន រឹម​​ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និងដឹកជញ្ជូន​បានថ្លែងប្រាប់​បណ្ដាញសារព័ត៌មាន ​AMS ឱ្យដឹងថា តាមពិតទៅកំពង់ផែនេះមានយូរមកហើយ ដោយវាជា​ប្រភេទកំពង់ផែលើកដាក់ទំនិញ និង​ធ្វើប្រតិបត្តិការ​ដោយក្រុមហ៊ុនរបស់អ្នកឧកញ៉ា ទ្រី ភាព ។ យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលបានអនុញ្ញាតឱ្យសាងសង់កាលពីពេលថ្មីៗនេះ គឺក្នុងគោលបំណង​ដើម្បីលើកកម្រិត​គុណភាព ពីកំពង់ផែធម្ម​តា ទៅជា​កំពង់ផែពហុបំណង​ ហើយកំពង់ផែនេះ​នឹង​ក្លាយទៅជា​កំពង់ពហុបំណង និង​មជ្ឈមណ្ឌលភស្តុភារកម្ម​នាពេល​អនាគតឆាប់ៗនេះ ។

ឯកឧត្តម​បន្តថា​ ៖​​

«កំពង់ផែនេះ​ នឹងក្លាយជាទីតាំង​ និង​មជ្ឈមណ្ឌល​ដ៏សំខាន់​ក្នុងការ​ដឹកជញ្ជូន​ប្រេង រ៉ែ​ កសិផល និងកសិ-ឧស្សាហកម្ម​ ដែល​បានផលិតនៅតំបន់ជុំវិញនោះ​ទៅចែកចាយ​ទាំងក្នុង និងក្រៅប្រទេស»។​

លោកឧកញ៉ា ស៊ិន ចន្ធី ​អគ្គនាយកក្រុមហ៊ុន LINEX Logistics Cambodia Co., Ltd ក៏បានមានប្រសាសន៍ថា ការ​បង្កើត​កំពង់ផែពហុបំណង និង​មជ្ឈមណ្ឌល​ភស្តុភារកម្ម​នៅខេត្តកំពង់ឆ្នាំង នឹង​ធ្វើឱ្យការដឹកជញ្ជូនកសិផល កសិ-ឧស្សាហកម្ម និងទំនិញដែល​ផលិត​នៅតំបន់ជុំវិញ​នោះ​កាន់តែមានភាព​ងាយស្រួល និ​ងត្រូវ​ចំណាយថ្លៃដើម​កាន់តែទាបជា​ងមុន ។

ឧកញ៉ាបន្តថា​ ​​៖

«ខេត្តកំពង់ឆ្នាំ និង​ខេត្តជុំវិញបឹង​ទន្លេសាប ជា​ខេត្តដែលមានសក្ដានុពលមួយក្នុងវិស័យ​កសិ​កម្ម និងការកែច្នៃផលិតផល​កសិកម្ម​ ហើយការ​បង្កើត​កំពង់ផែ និងមជ្ឈមណ្ឌល​ភស្តុភារកម្ម​នេះ នឹងជួយ​សម្រួល​ដល់ការ​ដឹកជញ្ជូន​ទំនិញ ក៏ដូចជាផលិតផលដែលកែច្នៃរួចទៅកាន់ទីផ្សារទាំង ​និងក្រៅប្រទេស»។​

សូមបញ្ជាក់ថា​ គម្រោង​ព្រែកជីកហ្វូណនតេជោ​ដែល​កំពុងដំណើរការនីតិវិធី​ក្នុងការសាងសង់​ក៏ជា​ផ្នែក​មួយនៃការតភ្ជាប់ទៅកាន់​កំពង់ផែ​ពហុបំណង ខេត្តកំពង់ឆ្នាំងនេះដែរ ហើយតាមរយៈនេះ នឹងអាចតភ្ជាប់ការ​ដឹកជញ្ជូនផ្លូវទឹកសាបទៅកាន់សមុទ្រ​កម្ពុជា​ ហើយបន្ត​ដឹកចេញទៅកាន់​កំពង់​ផែ​នានា​ក្នុងតំបន់ និងលើពិភពលោក ។

ឯកឧត្តម ​សាយ​ សំអាល់ ឧបនាយករដ្ឋមន្ត្រី​ និងជា​រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់​បានលើកឡើងពីការ​សាងសង់កំពង់ផែ​តាមបណ្ដាខេត្ត​ជាប់ទន្លេសាប និងទន្លេមេគង្គ​ ដើម្បី​ងាយស្រួលដល់ការ​ដឹកជញ្ជូន​កសិកផល​របស់កសិករ​ទៅកាន់ទីផ្សារ ដោយចំណាយថ្លៃដើមទាប​ជាងមុន ។ គម្រោង​នេះ នឹង​ត្រូវ​ចូលរួម​សហការ​ជាមួយក្រសួង​ធនធានទឹក​ និងឧត្តុនិយម និង​ក្រសួង​ទេសចរណ៍ ។ ដោយឡែក ការ​រៀបចំ​បង្កើត​កំពង់ផែតាមដង​ទន្លេ​នេះ ក៏អាច​ទាក់ទាញទេសចរ វិនិយោគិន និង​អាច​បង្កើន​ចំណូលដល់ពលរដ្ឋ​នៅតាម​ដងទន្លេ​ ហើយនៅពេល​ពលរដ្ឋ​មានប្រាក់​ចំណូល​​នឹងធ្វើឱ្យសេដ្ឋកិច្ចជាតិទាំង​មូល​មានភាពកាន់តែប្រសើរឡើងដែរ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា