អតិផរណាស្នូលរបស់ជប៉ុនកើនឡើងលើសគោលដៅ ២ % ខណៈអ្នកជំនាញរំពឹងថា អត្រាការប្រាក់អាចនឹងដំឡើងខ្ពស់នៅក្នុងខែធ្នូ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អតិផរណាស្នូលរបស់ជប៉ុនកើនឡើងលើសគោលដៅ ២ % ខណៈអ្នកជំនាញរំពឹងថា អត្រាការប្រាក់អាចនឹងដំឡើងខ្ពស់នៅក្នុងខែធ្នូ

អតិផរណាស្នូលរបស់ជប៉ុនកើនឡើងលើសគោលដៅ ២ % ខណៈអ្នកជំនាញរំពឹងថា អត្រាការប្រាក់អាចនឹងដំឡើងខ្ពស់នៅក្នុងខែធ្នូ

បរទេស៖ អតិផរណាស្នូលប្រចាំឆ្នាំរបស់ជប៉ុនបន្តកើនឡើងលើសពីកំណត់របស់ធនាគារកណ្តាល ២ % ខណៈអ្នកជំនាញរំពឹងទុកថា អត្រាការប្រាក់អាចនឹងដំឡើងខ្ពស់នៅត្រឹមអំឡុងខែធ្នូឆាប់ៗខាងមុខនេះ។

តាមរយៈទិន្នន័យដែលចេញផ្សាយដោយ CNA បានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ដែលមិនរាប់បញ្ចូលតម្លៃអាហារស្រស់ ឬ អតិផរណាស្នូលស្តង់ដាររបស់ជប៉ុនបានកើនឡើង ២.២ ភាគរយក្នុងខែតុលា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯសន្ទស្សន៍អតិផរណាមួយទៀតដែលមិនរាប់បញ្ចូលទាំងតម្លៃអាហារស្រស់ និងប្រេងឥន្ធនៈ ឬ អតិផរណាស្នូលកម្រិតខ្ពស់ដែលធនាគារកណ្តាលជប៉ុន (BOJ) តាមដានយ៉ាងដិតដល់នោះ បានកើនឡើង ២.២ ភាគរយក្នុងខែតុលា ធៀបនឹងឆ្នាំមុន ដែលថយល្បឿនបន្តិចពីកម្រិត ២.៤ ភាគរយក្នុងខែកញ្ញា។ ទន្ទឹមនឹងនេះ អតិផរណាផ្នែកអាហារកើនឡើង ២.២ ភាគរយនៅក្នុងខែតុលា ថយចុះពី ២.៩ ភាគរយក្នុងខែកញ្ញា ខណៈតម្លៃទំនិញទូទៅកើនឡើង ៣.២ ភាគរយ ពោលគឺកើនពី ២.៨ ភាគរយក្នុងខែកញ្ញា និងតម្លៃសេវាកម្មកើនឡើង ១.៤ ភាគរយ។ តួលេខនេះបង្ហាញថា អតិផរណានៅតែត្រូវបានជំរុញដោយថ្លៃដើមវត្ថុធាតុដើមខ្ពស់ ជាជាងសម្ពាធនៃការដំឡើងប្រាក់ឈ្នួល។

មិនត្រឹមតែប៉ុណ្ណោះ អ្នកវិភាគជាច្រើនបានព្យាករណ៍ថា តម្លៃទំនិញនឹងបន្តកើនឡើងក្នុងល្បឿនលឿននៅរយៈពេលប៉ុន្មានខែខាងមុខនេះ ដោយសារតម្លៃប្រាក់យ៉េនធ្លាក់ចុះជាបន្តបន្ទាប់ និងការអូសបន្លាយនៃសង្គ្រាមនៅមជ្ឈិមបូព៌ា បានជំរុញឱ្យថ្លៃដើមនៃការនាំចូលប្រេងឥន្ធនៈ និងវត្ថុធាតុដើមឡើងថ្លៃខ្ពស់។ អ្នកវិភាគជាច្រើនរំពឹងថា ធនាគារកណ្តាលជប៉ុនអាចនឹងដំឡើងអត្រាការប្រាក់គោលដល់ ១.៥ ភាគរយ ពីកម្រិតបច្ចុប្បន្ន ១.២៥ ភាគរយ។

កាលពីខែកញ្ញាកន្លងទៅនេះ ធនាគារកណ្តាលជប៉ុន (BOJ) បានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនដល់ ១.២៥ ភាគរយ បន្ទាប់ពីបានដំឡើងម្តងរួចមកហើយកាលពីខែមិថុនា ដោយសារការឡើងថ្លៃនៃថាមពល និងទំនិញនាំចូលបានបន្ថែមសម្ពាធអតិផរណា។ កាលពីខែតុលា ធនាគារកណ្តាល (BOJ) បានរក្សាអត្រាការប្រាក់ឱ្យនៅដដែល ប៉ុន្តែបានសង្កត់ធ្ងន់ថា គោលនយោបាយរបស់ខ្លួនបានឈានចូលដល់ដំណាក់កាលថ្មីមួយដែលផ្តោតលើការបញ្ចៀសកុំឱ្យអតិផរណាកើនឡើងហួសកម្រិត។

អ្នកវិភាគភាគច្រើនដែលត្រូវបានស្ទង់មតិដោយទីភ្នាក់ងារព័ត៌មានអន្តរជាតិ ព្យាករណ៍ថា ធនាគារកណ្តាលជប៉ុន (BOJ) នឹងដំឡើងអត្រាការប្រាក់នៅខែធ្នូ និងបន្តដំឡើងម្តងទៀតនៅត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៧។

លោក Takeshi Minami ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវ Norinchukin បានលើកឡើងថា អតិផរណាអ្នកប្រើប្រាស់ទំនងជានឹងកើនឡើងយ៉ាងគំហុកនៅដើមឆ្នាំ២០២៧ ខណៈដែលធនាគារកណ្តាលជប៉ុនក៏បានបង្ហាញពីការត្រៀមខ្លួនក្នុងការដំឡើងអត្រាការប្រាក់ផងដែរ។ ដូច្នេះ វាមានឱកាសខ្ពស់ណាស់ដែលធនាគារនឹងដំឡើងនៅខែធ្នូ ហើយក៏អាចពិចារណាដំឡើងម្តងទៀតនៅខែមីនា ឆ្នាំ ២០២៧ ប្រសិនបើអតិផរណាលើសពី ៣ ភាគរយ។

យ៉ាងណាមិញ អ្នកវិភាគមួយចំនួនបានលើកឡើងដែរថា បញ្ហាស្មុគស្មាញមួយដែលអាចធ្វើឱ្យធនាគារកណ្តាលជប៉ុនផ្អាកដំឡើងអត្រាការប្រាក់នៅខែធ្នូនោះ គឺភាពប្រែប្រួលខ្លាំងនៃទីផ្សារហិរញ្ញវត្ថុបន្ទាប់ពីក្តីបារម្ភអំពីប្រាក់ចំណេញពីវិស័យបញ្ញាសិប្បនិម្មិត (AI) បានបង្កឱ្យមានការលក់ភាគហ៊ុនបច្ចេកវិទ្យាចេញយ៉ាងគំហុក។

លោក Yoshiki Shinke សេដ្ឋវិទូជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវ Dai-ichi Life បានពន្យល់ថា ជារួមទិសដៅសេដ្ឋកិច្ចមិនទាន់ផ្លាស់ប្តូរនោះទេ ពោលគឺអតិផរណានៅតែបន្តកើនឡើង ហើយសកម្មភាពអាជីវកម្មដ៏រឹងមាំនឹងជួយឱ្យសេដ្ឋកិច្ចជប៉ុនបន្តងើបឡើងវិញជាមធ្យម។ ប៉ុន្តែ ប្រសិនបើទីផ្សារភាគហ៊ុននៅតែបន្តរង្គោះរង្គើ ធនាគារកណ្តាលជប៉ុន (BOJ) អាចនឹងជ្រើសរើសរក្សាអត្រាការប្រាក់ឱ្យនៅដដែលសិន។ ស្ថានភាពនឹងកាន់តែលំបាកសម្រេចចិត្តថែមទៀត ប្រសិនបើធនាគារកណ្តាលអាម៉េរិក (Fed) សម្រេចចិត្តដំឡើងអត្រាការប្រាក់នៅខែធ្នូដែរនោះ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចអន្តរជាតិពីវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP)

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា