កំណើន​ការ​វិនិយោគ​បង្កើតតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​កំពុងមានទំនោ​រ​កើនឡើង​ខ្ពស់​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កំណើន​ការ​វិនិយោគ​បង្កើតតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​កំពុងមានទំនោ​រ​កើនឡើង​ខ្ពស់​

កំណើន​ការ​វិនិយោគ​បង្កើតតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​កំពុងមានទំនោ​រ​កើនឡើង​ខ្ពស់​

ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាមានការកើនឡើង​ជា​បន្ត​បន្ទាប់ ដោយសារតែវិនិយោគិន​បរទេស​កាន់តែច្រើន​បានជ្រើសរើស​យកតំបន់​សេដ្ឋកិច្ចពិសេស​ធ្វើជាទីតាំង​វិនិយោគរបស់ខ្លួននៅតាមបណ្ដាខេត្ត​មួយចំនួនដែលមានសក្ដានុពល និងស្របតាមចក្ខុវិស័យនៃគម្រោង ។​

យោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញថា​ គិតត្រឹមដំណាច់ឆមាស​ទី១ ឆ្នាំ ២០២៦ នៅទូទាំង​ប្រទេស​កម្ពុជា មានតំបន់​សេដ្ឋកិច្ចពិសេសសរុប​ចំនួន ៦៥តំបន់ ​ក្នុងនោះ​ ៣៩ តំបន់កំពុងមានសកម្មភាព​ ជាមួយនឹងដើមទុនវិនិយោគសរុប​ប្រមាណ ៥,៥ពាន់លានដុល្លារ ហើយក្នុងចំណោម​តំបន់សេដ្ឋកិច្ចពិសេស​​ដែល​កំពុង​មានដំណើរការនេះដែរ បានទាក់ទាញ​គម្រោង​វិនិយោគបាន​ចំនួន ​១ ១២២​ គម្រោង ​ជាមួយនឹង​ទឹកប្រាក់​វិនិយោគសរុប​ ១៤,៥៩​ពាន់លានដុល្លារអាម៉េរិក​ ។

លោក​ អឿន ធារ៉ា ស្ថាបនិក​ និងជា​នាយកប្រតិបត្តិនៃក្រុមហ៊ុន អចលនទ្រព្យ Cam Realty បានឱ្យដឹងថា គោលបំណង​នៃការ​បង្កើត​តំបន់សេដ្ឋកិច្ចពិសេស​នៅក្នុងប្រទេស​កម្ពុជាត្រូវបានគេឃើញថា ដើម្បីទាក់ទាញ​គម្រោង​វិនិយោគលើវិស័យឧស្សាហកម្ម រួម​មាន រោងចក្រ និងសហគ្រាស​ជាដើម​ ។​ ក្រោយពេល​រាជរដ្ឋាភិបាលបានបង្កើត​តំបន់សេដ្ឋកិច្ចពិសេស​ជា​បន្ត​បន្ទាប់ ក៏មានវិនិយោគិន​ជាច្រើន​ចាប់ផ្ដើម​សម្លឹង​រកមើលទីតាំង​វិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស​ ពីព្រោះការ​វិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​ ធ្វើឱ្យវិនិយោគិន​មានភាពងាយស្រួល ជាក់ស្ដែង​រាល់ការរត់ឯកសារ​ផ្សេង​ៗលឿនរហ័ស​ជាងការ​វិនិយោគនៅទីតាំង​ក្រៅតំបន់សេដ្ឋកិច្ចពិសេស ហើយអ្វីដែលពិសេស​នោះ រាជរដ្ឋាភិបាលក៏បាន​ជ្រើសរើស ឬអនុម័តគម្រោង​វិនិយោគ​តំបន់សេដ្ឋកិច្ច​សុទ្ធតែស្ថិតនៅទីតាំង​យុទ្ធសាស្ត្រ ដោយរដ្ឋាភិបាលបានអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធជូន​ដល់វិនិយោគិន​ផងដែរ។​

លោក​បន្តថា​ ការ​បង្កើត​តំបន់​សេដ្ឋកិច្ចពិសេស​ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែផ្ដល់អត្ថ​ប្រ​យោជន៍ច្រើនដល់​វិនិយោគិន​ប៉ុណ្ណោះទេ ប៉ុន្តែ​តាមរយៈអ្វីដែលរដ្ឋាភិបាល​ផ្ដល់ជូនវិនិយោគិននៅក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​នោះ វាក៏បានផ្ដល់អត្ថ​ប្រយោជន៍មក​កម្ពុជា​វិញយ៉ាង​ច្រើន​ផងដែរ ។

លោកថា ៖« តំបន់សេដ្ឋកិច្ចពិសេស បានទាក់ទាញរំហូរទុនវិនិយោគផ្ទាល់ពីបរទេស​ចូលមក​កម្ពុជា ( FDI ) កាន់តែច្រើន ជួយបង្កើតការងារជូន​ប្រជាពលរដ្ឋ ហើយបាន​បណ្ដុះបណ្ដាលជំនាញដល់​មូល​ធនមនុស្ស​កម្ពុជា​ ធ្វើឱ្យ​បុគ្គលិក កម្មករ​កម្ពុជា ​អាច​ទទួល​ប្រាក់បៀវត្សរ៍ខ្ពស់​សម្រាប់​បង្កើន​សេដ្ឋកិច្ច​គ្រួសារ ​និង​សង្គមជាតិ » ។

លោក​ថា ការ​បង្កើត​តំបន់​សេដ្ឋកិច្ចពិសេស​កាន់តែច្រើន នឹងជួយជំរុញឱ្យវិស័យ​អចលនទ្រព្យកាន់តែមានសកម្មភាពប្រសើរ ជាក់ស្ដែង ​ការ​កើនឡើង​នៃ​ចំនួនរោងចក្រ និងក្រុមហ៊ុននៅក្នុង​តំបន់សេដ្ឋកិច្ចពិសេស​ នឹងបង្កើតតម្រូវការ​លើដីធ្លីសម្រាប់សាងសង់​រោងចក្រ ឃ្លាំង ការិយាល័យ និង​លំនៅឋាន​សម្រាប់កម្មករ កម្មការិនីដែលធ្វើការ​នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស​នោះស្នាក់នៅបណ្តោះអាសន្ន ។ ការនេះ​នឹងបង្កើតឱកាស​សម្រាប់ការទិញ-លក់ដី សម្រាប់អភិវឌ្ឍន៍​ជាសំណង់អគារ​សម្រាប់ជួល ឬលក់​បន្ត​ទៀត​ ។

ឯកឧត្តម ជា​ វុទ្ធី អគ្គលេខាធិការ​នៃគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស​ បានធ្វើឱ្យតំបន់​មួយចំនួនដែលធ្លាប់តែស្ងប់ស្ងាត់ ​ប្រែក្លាយជា​តំបន់​សេដ្ឋកិច្ច​ ឧស្សាហកម្មដ៏មានសក្ដានុពល​ តួយ៉ាង​ នៅខេត្តស្វាយរៀង ដែលដើម​ឡើយពឹង​ផ្អែកតែលើ​វិស័យកសិកម្មនោះ បច្ចុប្បន្ន បានប្រែក្លាយ​ជា​តំបន់​សេដ្ឋកិច្ច​ និងឧស្សាហកម្មដ៏ទាក់ទាញ បន្ទាប់ពីតំបន់​សេដ្ឋកិច្ចពិសេស​ជាច្រើន​បាន​បង្កើតឡើង​នៅក្នុងខេត្តមួយនេះ ។

បច្ចុប្បន្ន​នេះ ខេត្ត​ស្វាយរៀង បានចាត់​ទុកជា​ខេត្តមួយ​ដែលមានតំបន់​សេដ្ឋកិច្ចពិសេសច្រើន​ក្នុង​ចំណោម​បណ្ដាខេត្តសក្ដានុពលនៅទូទាំងប្រទេស​ ដោយគិតត្រឹមពាក់កណ្ដាលឆ្នាំនេះ​ ស្វាយរៀង​ មាន​តំបន់សេដ្ឋកិច្ចពិសេស​ដែលមានដំណើរការ​រហូតដល់១២​តំបន់ ។ ចំណែកខេត្ត​ផ្សេងទៀត​ ដូចជា ​ខេត្តកោះកុង ខេត្តព្រះសីហនុ ភ្នំពេញ កំពង់ស្ពឺ និង​ខេត្តកណ្ដាល​ ក៏ជា​តំបន់ដែលទាក់ទាញ​លើការ​វិនិយោគ​តំបន់សេដ្ឋកិច្ចពិសេស​ផងដែរ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា