ការនាំចេញឥណ្ឌាទៅសមាជិកស្នូល BRICS កើនដល់ជិត ២០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ខែ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការនាំចេញឥណ្ឌាទៅសមាជិកស្នូល BRICS កើនដល់ជិត ២០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ខែ

ការនាំចេញឥណ្ឌាទៅសមាជិកស្នូល BRICS កើនដល់ជិត ២០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ខែ

បរទេស៖ ការនាំចេញរបស់ប្រទេសឥណ្ឌាទៅកាន់សមាជិកស្នូលទាំង ៤ នៃក្រុម BRICS បានកើនឡើង ៣៤ ភាគរយ ដល់ ១៩,៩ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ចាប់ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២៦។

យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មឥណ្ឌា ដែលត្រូវបានកាសែត RT ដកស្រង់ ការដឹកជញ្ជូនទំនិញរបស់ឥណ្ឌាទៅកាន់ប្រទេសចិន រុស្ស៊ី ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង បានកើនពី ១៤,៩ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងចំណោមទីផ្សារទាំងនេះ ប្រទេសចិនបានកត់ត្រាកំណើនយ៉ាងខ្លាំង ដោយការនាំចេញរបស់ឥណ្ឌាទៅកាន់ទីផ្សារចិនកើនឡើង ៣៩ភាគរយ ដល់ប្រមាណ ៩,៦ពាន់លានដុល្លារ។ កំណើននេះត្រូវបានជំរុញជាចម្បងដោយការកើនឡើងនៃការនាំចេញផលិតផលអេឡិចត្រូនិក និងផលិតផលវិស្វកម្មរបស់ឥណ្ឌា។

តម្រូវការពីប្រទេសចិនត្រូវបានភ្ជាប់ទៅនឹងការរីកចម្រើនជាសកលនៃហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) និងមជ្ឈមណ្ឌលទិន្នន័យ ដែលកំពុងបង្កើនតម្រូវការសម្រាប់ផលិតផលពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា និងវិស្វកម្ម។

កំណើនពាណិជ្ជកម្មជាមួយចិនក៏កើតឡើងក្នុងអំឡុងពេលដែលទំនាក់ទំនងទ្វេភាគីរវាងញូវដេលី និងប៉េកាំងកំពុងវិលទៅរកភាពប្រក្រតីវិញ បន្ទាប់ពីមានភាពតានតឹងអស់រយៈពេលជាច្រើនឆ្នាំពាក់ព័ន្ធនឹងជម្លោះព្រំដែនក្នុងឆ្នាំ២០២០។

ជាមួយគ្នានេះ អាហ្វ្រិកខាងត្បូងបានកត់ត្រាកំណើនលឿនបំផុតនៃការនាំចេញរបស់ឥណ្ឌាក្នុងចំណោមសមាជិកស្នូលទាំង ៤ ដោយកើនឡើង ៥៨ភាគរយ។ ការនាំចេញទៅប្រេស៊ីលកើនឡើង ១៣ភាគរយ ដល់ ៣,៤៦ពាន់លានដុល្លារ ខណៈការនាំចេញទៅរុស្ស៊ីកើនឡើង ១១ភាគរយ ដល់ ២,០៤ពាន់លានដុល្លារ។

សម្រាប់ពាណិជ្ជកម្មទ្វេភាគីសរុបរវាងឥណ្ឌា និងរុស្ស៊ី ទំហំបានឈានដល់ ៧៩ពាន់លានដុល្លារ កាលពីឆ្នាំមុន។ ប្រទេសទាំងពីរមានគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ១០០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣០។

ទោះជាការនាំចេញទៅកាន់សមាជិកស្នូល BRICS មានកំណើនក៏ដោយ ឥណ្ឌានៅតែមានឱនភាពពាណិជ្ជកម្មជាមួយរុស្ស៊ី និងចិន ដោយសារការនាំចូលប្រេងឆៅពីរុស្ស៊ី និងផលិតផលសម្រេចពីប្រទេសចិនក្នុងទំហំធំ។

ទន្ទឹមនឹងការកើនឡើងនៃពាណិជ្ជកម្មជាមួយ BRICS សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់ឥណ្ឌា។ ក្នុងអំឡុងខែមេសា ដល់ខែសីហា ការនាំចេញរបស់ឥណ្ឌាទៅកាន់ទីផ្សារអាមេរិកបានកើនដល់ ៤២,៧៩ពាន់លានដុល្លារ ដែលមានទំហំធំជាងពីរដងនៃការនាំចេញទៅកាន់សមាជិកស្នូល BRICS ទាំង ៤ ប្រទេសបូកបញ្ចូលគ្នា៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា