រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៦នេះ វិនិយោគិន​ចិន​ដែលបានដាក់ទុនវិនិយោគ​នៅកម្ពុជា​ឈរ​នៅលំដាប់​ទី២ ខណៈវិនិយោគិន​កម្ពុជា​បាន​ឈរ​លំដាប់​ទី១ ក្នុងនោះ រយៈពេល៧ខែ​ដើមឆ្នាំ ២០២៦នេះ ចិន​បានចុះបញ្ជី​វិនិយោគនៅកម្ពុជា​ក្នុងទំហំទឹកប្រាក់សរុប​ប្រមាណ ១,៨៦ពាន់លានដុល្លារអាម៉េរិក ។

យោងតាមរបាយការណ៍គណៈកម្មាធិការ​វិនិយោគ​កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញថា ក្នុង​ឆមាសទី១ ឆ្នាំ ២០២៦​នេះ កម្ពុជា​ទទួលបានទុនវិនិយោគចុះបញ្ជីសរុប​ចំនួន៤,៧ពាន់​លានដុល្លារពីគម្រោងចំនួន​២៧៦​ ក្នុង​នោះប្រភពទុនពីប្រទេស​ចិនដែល​ចុះបញ្ជីមានប្រមាណ ៣៥,៧៥ភាគរយ ឬស្មើនឹ​ងប្រមាណ ១,៦៨ពាន់លានដុល្លារ ​និងបានឈរ​លំដាប់ទី​២បន្ទាប់ពីប្រភពទុនវិនិយោគ​របស់​វិនិយោគិនកម្ពុជា​។

តាមរបាយការណ៍​បានបង្ហាញផងដែរថា ​ក្នុង​ខែកក្កដា កន្លងទៅនេះកម្ពុជា​ក៏ទទួល​បានទុនវិនិយោគសរុ​បចំនួន៥២៥លានដុល្លារពីគម្រោង​វិនិយោគចំនួន៣៣គម្រោង ក្នុងនោះដែរ​ប្រភពទុនវិនិយោគដែលបានចុះបញ្ជី​មកពីប្រទេសចិន​មានប្រមាណ ៣៤,០៥ភាគ​រយ​ គិតជា​ទឹកប្រាក់​ប្រមាណ ១៧៨​លានដុល្លារអាម៉េរិក និង​បន្តឈរនៅលំដាប់ទី​២ដដែល ។

ជាការកត់សម្គាល់ ក្នុងរយៈពេល​៧ខែ ឆ្នាំ២០២៦នេះ គម្រោងវិនិយោគដែលលេចធ្លោរមានដូចជា​ គម្រោ​ង​វិនិយោគ​អភិវឌ្ឍន៍​ស្ថានីយផលិត​អគ្គិសនីដើរដោយថាមពល​ខ្យល់ ២គម្រោងនៅ​ខេត្តមណ្ឌលគិរីមានទឹកប្រាក់រហូតដល់ ​៣៦៨​លានដុល្លារអាម៉េរិក គម្រោង​វិនិយោគ​សណ្ឋាគារ​ផ្កាយ​៥ ចំនួន​១.៣៤១បន្ទប់​នៅក្រុង​​បាវិត ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ​៣០០លានដុល្លារអាម៉េរិក និងគម្រោង​មួយចំនួនទៀត ។​

សូមជម្រាបថា ដើម្បីទាក់ទាញ​វិនិយោគិន​ចូលមកបណ្ដាក់ទុនវិនិយោគ​នៅកម្ពុជា​បន្ថែមទៀត រាជរដ្ឋាភិបាល​បាន​រៀបចំនូវកម្មវិធីវេទិកា​នានា​​ ផ្សព្វផ្សាយពីសក្ដានុពល​ និងឱកាស​វិនិយោគ​ល្អៗដល់​បណ្ដា​វិនិយោគិនមកពីប្រទេស​ចិន ក៏ដូចជាមកពីប្រទេសនានា​លើពិភពលោក ។​

ឯកឧត្តម​ អឹម សុខធី ប្រធានលេខាធិការ​ដ្ឋាន​ក្រុម​ការងារជំរុញការ​វិនិយោគក្នុង​ខេត្តព្រះសីហនុ បានមានប្រសាសន៍​ថា ទាំង​វិនិយោគិន​ចិន និងទេសចរជនជាតិចិន ដែល​មកដល់ប្រទេសកម្ពុជា​មិនមានបញ្ហា​លំបាក​ឡើយ ។ នៅក្នុងប្រទេស​កម្ពុជា​ មានអ្នក​ចេះ​និយាយភាសា​ចិន​ច្រើន ដូច្នេះ​ ពេលដែលវិនិយោគិន ឬទេសចរមកដល់​កម្ពុជា អាច​និយាយភាសាចិន​របស់ខ្លួនដោយងាយស្រួល ។ ទាំង​នេះហើយ ទើប​ធ្វើឱ្យ​កំណើន​វិនិយោគិន និងទេសចរជនជាតិ​ចិន​កាន់តែច្រើន​ឡើង​ ។

ឯកឧត្តមបន្តថា ការលើកទឹកចិត្តពិសេស​ពីរាជរដ្ឋាភិបាល​​ក៏ជា​កត្តាទាក់ទាញ​វិនិយោគិន​ចិន​ និ​ងបរទេសផ្សេងទៀត​ចូលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ជាក់ស្ដែង​ការ​វិនិយោគលើអគារ​ជាប់គាំងក្នុង​ខេត្តព្រះសីហនុ វិនិយោគិន​នឹងទទួលបាន​ការលើកលែងពន្ធលើ​អចលនទ្រព្យ​ ពន្ធ​ប្រថាប់ត្រា​ក្នុងករណី​មានការផ្ទេរ​សិទ្ធិ លើកលែង​ពន្ធលើការនាំចូលសម្ភារៈ​មក​សាងសង់អគារ​ជាដើម ។​ ក្រៅពីនេះ រាជរដ្ឋាភិបាលក៏បាន​ចាត់ក្រុមការងារ​ក្នុងការ​សម្របសម្រួល​នីតិវិធី​ផ្សេងៗដើម្បីឱ្យការ​វិនិយោគ ប្រព្រឹត្តទៅដោយរលូន​ ។

អ្នកស្រី អាន សុធីតា នាយិកាប្រតិបត្តិ​ក្រុមហ៊ុនអចលនទ្រព្យ​ PropNex Cambodia បានមានប្រសាសន៍ថា​ វិនិយោគិនចិន​នៅតែជា​វិនិយោគិនដែលសំខាន់​ក្នុងការ​ចូលបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ហើយជាការកត់សម្គាល់​ឃើញថា ​គម្រោងធំៗមួយចំនួន​ នៅតែជា​ប្រភពទុនរបស់​ចិន​ដដែលក្នុងរយៈពេល​ប៉ុន្មានឆ្នាំមកនេះ ។ ការ​វិនិយោគរបស់ចិន​គឺជាការ​រួមចំណែកមួយ​សម្រាប់ការអភិវឌ្ឍ​របស់កម្ពុជា​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា