៤ខែ ដើមឆ្នាំ២០២៦​ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ ១៨៤​ គម្រោង ជាមួយទុនសរុបប្រមាណ ២.៦​ពាន់លានដុល្លារ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
៤ខែ ដើមឆ្នាំ២០២៦​ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ ១៨៤​ គម្រោង ជាមួយទុនសរុបប្រមាណ ២.៦​ពាន់លានដុល្លារ​

៤ខែ ដើមឆ្នាំ២០២៦​ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ ១៨៤​ គម្រោង ជាមួយទុនសរុបប្រមាណ ២.៦​ពាន់លានដុល្លារ​

ភ្នំពេញ ​៖ ក្នុង​រយៈពេល ​៤ខែ​ ដើមឆ្នាំ២០២៦នេះ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ​សរុបចំនួន ១៨៤​គម្រោង ​ជាមួយនឹងទំហំទុន​វិនិយោគសរុបប្រមាណ ២,៦​ពាន់លានដុល្លារអាម៉េរិក​ ។ នេះ​បើតាម​ប្រសាសន៍ ឯកឧត្តម ​ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្លែង​ក្នុងវេទិកា​វិនិយោគកម្ពុជា​ឆ្នាំ២០២៦ ។

Advertisement

ឯកឧត្តមបានមានប្រសាសន៍ថា​ រំហូរ​វិនិយោគមកកាន់ប្រទេស​កម្ពុជា មានវឌ្ឍនភាពល្អប្រសើរ ក្នុងនោះតំបន់​សេដ្ឋកិច្ច​ពិសេស បានដើរតួនាទីយ៉ាង​សំខាន់​ក្នុងការទាក់ទាញវិនិយោគ និងជា​យន្តការ​គន្លឹះ​ក្នុងការជំរុញ​ពិពិធកម្ម​ឧស្សាហកម្ម​នៅកម្ពុជា មុខ​សញ្ញា​វិនិយោគក្នុងវិស័យឧស្សាហកម្ម​ថ្មីៗ ក្រៅពីវិស័យកាត់ដេរ សម្លៀក​បំពាក់ ស្បែកជើង និងផលិតផលធ្វើ​ដំណើរ​ ភាគច្រើនប្រមូលផ្ដុំ​ និង​មានសកម្មភាពក្នុងតំបន់​សេដ្ឋកិច្ច​ ដូចជា ​ការ​ផ្គុំ​ដំឡើង​យានយន្ត គ្រឿងបង្គុំ​យានយន្ត គ្រឿង​អេឡិច​ត្រូនិក និងអគ្គិសនី គ្រឿងសង្ហារិម គ្រឿង​តែងលម្អ​នានា ជាដើម ។​​

ឯកឧត្តមបញ្ជាក់ថា ៖

« គិតមកដល់​ពេល​បច្ចុប្បន្ននេះ នៅកម្ពុជា​យើង​មាន​តំបន់សេដ្ឋកិច្ច​ពិសេស​ដែល​កំពុង​ដំណើរការ​សរុបចំនួន ៣៥​តំបន់ ដែលបានទាក់ទាញ​រោងចក្រ​ សហគ្រាស ​ចូលមកបណ្ដាក់ទុនវិនិយោគ បង្កើតការងារ បង្កើតប្រាក់ចំណូល​ដល់ពរដ្ឋ​កម្ពុជា​រាប់សែន​នាក់ » ។

បើតាម​ឯកឧត្តម​ ស៊ុន ចាន់​ថុល បានឱ្យដឹងថា ក្នុងក្របខណ្ឌ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា រាជរដ្ឋាភិបាល​បាន និងកំពុង​បន្តពង្រឹង​គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យ​ភាព​នៃការផ្ដល់សេវា​សាធារណៈរបស់ខ្លួន តាមរយៈយន្តការ​ច្រក​ចេញ-ចូលតែមួយ​ តុពិគ្រោះ​យោបល់​ និងតុភ្ញៀវតាម​ប្រទេស និងតាមវិស័យ​ព្រមទាំង​បានបង្ខត​សេវា​សាធារណៈឱ្យ​កាន់តែកៀក​អ្នកប្រើប្រាស់​ដែលជាវិនិយោគិន ដោយ​ប្រើប្រាស់ប្រព័ន្ធ​គ្រប់គ្រង​គម្រោងវិនិយោគ( cdcIPM ) និង​ប្រព័ន្ធបញ្ជរតែមួយជាតិ ។

ឯកឧត្តមបានប្រសាសន៍បន្ថែមថា​ តាមរយៈការ​វិនិយោគថ្មីៗចូលមក​កម្ពុជា​តាំងពីដើម​រហូតមកដល់​ពេល​បច្ចុប្បន្ននេះ បានបង្កើតឱកាស​ការងារ និង​កម្លាំងពលកម្ម​ដល់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់​ ដោយបានបង្កើត​ប្រាក់ចំណូលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជា​សេដ្ឋកិច្ចជាតិ​ផងដែរ ​។ រដ្ឋាភិបាលនៅតែបន្តទាក់ទាញ​ការ​វិនិយោគថ្មីៗបន្ថែមទៀតពីបរទេស​ចូលមកកម្ពុជា ដោយបាន​លើកទឹកចិត្តពិសេស​ដល់អ្នកវិនិយោគជាស្ដែងរដ្ឋាភិបាល​បានដាក់ចេញនូវកម្មវិធីពិសេស​ ជំរុញការ​វិនិយោគខេត្តព្រះសីហនុ និងកម្មវិធីពិសេស​ជំរុញការ​វិនិយោគក្នុងខេត្តទាំងបួននៅភូមិ​ភាគឦសាន ។​

អ្នកស្រី អាន សុធីតា​ អគ្គនាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍ថា​ ការ​វិ​និ​យោគ​នៅប្រទេសកម្ពុជា​ក្នុងឆ្នាំ២០២៦នេះ គឺជាការ​វិនិយោគដែលពិត​ប្រាកដ មានន័យថា អ្នកមាន​តម្រូវការ​អចលនវត្ថុ គឺជា​អ្នកដែលមានតម្រូវការ​លើ​ការ​ដើម្បីអភិវឌ្ឍន៍​ក្នុងពេលដែលរាជរដ្ឋាភិបាលកំ​​ពុ​ង​​បោស​សម្អាត​នូវ​សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ ។

គួរ​រម្លឹកថា តាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញឱ្យឃើញថា ការ​វិនិយោគក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ពោលគឹចាប់តាំងពី​វិបត្តិកូវីដ​១៩ ភាគច្រើន​ក្នុងវិស័យ​ឧស្សាហកម្ម ដែលបានធ្វើឱ្យតម្រូវការ​ដីធ្លីសម្រាប់​វិស័យនេះ​មានកំណើន​ខ្ពស់ ដូចជា​​ សាងសង់ឃ្លាំង រោងចក្រ និ​ងបង្កើតជាតំបន់​សេដ្ឋកិច្ច​ពិសេស ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា