ការនាំចូលទុរេនពីក្រៅប្រទេសបង្កផលប៉ះពាល់ដល់តម្លៃទីផ្សារទុរេនក្នុងស្រុក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការនាំចូលទុរេនពីក្រៅប្រទេសបង្កផលប៉ះពាល់ដល់តម្លៃទីផ្សារទុរេនក្នុងស្រុក

ការនាំចូលទុរេនពីក្រៅប្រទេសបង្កផលប៉ះពាល់ដល់តម្លៃទីផ្សារទុរេនក្នុងស្រុក

ភ្នំពេញ ៖ កសិករដាំទុរេននៅតាមបណ្តាខេត្ត បានសម្តែងការខកចិត្តចំពោះឈ្មួញខិលខូចដែលនាំទុរេន​មាន​គុណភាពមិនល្អ ឬមានសារធាតុគីមីមកលក់នៅលើទីផ្សារក្នុងប្រទេស នាំឱ្យប៉ះពាល់ដល់តម្លៃទុរេនក្នុងស្រុក និងប៉ះពាល់ដល់សុខភាពពលរដ្ឋ។

Advertisement

ការលើកឡើងខាងលើបានធ្វើឡើងបន្ទាប់ពីឈ្មួញឈ្មោះ អាឡែន បាននាំចូលធុរេនថៃមកលក់នៅផ្សារភូពួយខេត្តបាត់ដំបង កាលពីពេលថ្មីៗដែលបង្កឱ្យមានការរិះគន់ពីមហាជនគ្រប់មជ្ឈដ្ឋាននៅតាមបណ្តាញសង្គមហ្វេសប៊ុក។  

លោក សូ ភារុណ ម្ចាស់ចំការទុរេននៅឃុំសំឡូតចាស់ ស្រុកសំឡូត ខេត្តបាត់ដំបង បានសម្តែងក្តីបារម្ភចំពោះការនាំចូលទុរេនមានគុណភាពមិនល្អ ឬមានសារធាតុគីមីមកដាក់លក់នៅលើទីផ្សារក្នុងប្រទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈដែលការប្រមូលផលទុរេនក្នុងស្រុកនៅមិនទាន់មានចំនួនច្រើននៅឡើយ។

លោកថា ៖

«ខ្ញុំខកចិត្តពេលឃើញគេដាក់លក់ទុរេនមានចំនួនច្រើនចឹង ព្រោះទុរេននៅកម្ពុជាយើងបេះមិនទាន់បានផលច្រើននៅឡើយទេ ជាពិសេសធុរេននៅស្រុកសំឡួតតែម្តង ទើបប្រមូលផលដើមដៃបេះបានតិចតួចប៉ុណ្ណោះ »។

លោកបានបញ្ជាក់ឱ្យដឹងថា ចូលមកដល់ដើមខែឧសភានេះ ទុរេននៅតាមចំការនានានៅស្រុកសំឡូត ចាប់ផ្តើមឱ្យផលបណ្តើរៗ ប៉ុន្តែកសិករអាចប្រមូលផលបានចន្លោះពី ៥ទៅ ១០ផ្លែប៉ុណ្ណោះក្នុងមួយចំការ ដោយនៅមិនទាន់ប្រមូលបានច្រើន​តោនទៅលក់នៅលើទីផ្សារដូច្នោះឡើយ ពោលគឺរង់ចាំរហូតដល់ពាក់កណ្តាលខែឧសភាខាងមុខ ទើបគេអាចប្រមូលផលបានច្រើនសម្រាប់ធ្វើអាជីវកម្មលក់ដូរដូចឆ្នាំមុនៗ។ 

លោក ងន់ ឆេង កសិករដាំទុរេននៅឃុំបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានប្រសាសន៍ថា ការប្រមូលផលសម្រាប់លក់នៅលើទីផ្សារក្នុងស្រុកគេនៅមិនទាន់អាចប្រមូលផលបានច្រើននៅឡើយ ប៉ុន្តែកសិករមួយចំនួនចាប់ផ្តើមប្រមូលផលទុរេនចាស់ៗ ឬហៅថា(ទុរេនស្រស់)លក់ឱ្យក្រុមហ៊ុនចិន ដោយក្នុងមួយគីឡួក្រាមមានតម្លៃ ១៦ ០០០រៀល សម្រាប់នាំចេញ។​

ដោយឡែក​ លោក ឆន ចាន់រ៉ាត់ កសិករដាំទុរេននៅឃុំប្រធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានឱ្យដឹងផងដែរថា ទុរេននៅត្បូងឃ្មុំ នៅមិនទាន់ផ្តល់ផលច្រើននៅឡើយ ព្រោះជាទុរេនដាំតាមគោលការណ៍ធម្មជាតិ។ សម្រាប់ទុរេនដែលប្រើគីមី និងប្រើអកម៉ូនបំប៉នផ្លែ ដូចជានៅប្រទេសថៃ និងវៀតណាម ផ្តល់ផលលឿនជាងទុរេនក្នុងស្រុក ដូចដែលឃើញឈ្មួញដាក់លក់នៅតាមទីប្រជុំជនមួយចំនួននាពេលបច្ចុប្បន្ន។

លោកបញ្ជាក់ថា ៖

«ការនាំចូលទុរេនកើតមានជារៀងរាល់ឆ្នាំ ហើយក្រៅពីប៉ះពាល់សុខភាព ក៏ប៉ះពាល់ដល់ទីផ្សារទុរេននៅក្នុងស្រុកដែរ ដូចជាឆ្នាំមុន ទុរេនក្នុងស្រុកផ្តល់ផលលក់ចេញបានមួយគីឡូ ២២,០០០រៀល ទៅ ២៥,០០០រៀល ក៏ស្រាប់តែគេនាំចូលមកដល់លក់តែ ១៦,០០០រៀលក្នុងមួយគីឡូប៉ុណ្ណោះ»។ 

តាមរយៈបណ្តាញសារព័ត៌មាន AMS ម្ចាស់ចំការនៅតាមបណ្តាខេត្តខាងលើ បានអំពាវនាវដល់សមត្ថកិច្ចជំនាញ និងអាជ្ញាធរ ត្រូវរឹតបន្តឹងការនាំចូលទុរេនពីក្រៅប្រទេស ជៀសវាប៉ះពាល់សុខភាពប្រជាពលរដ្ឋខ្មែរ និងប៉ះពាល់ដល់តម្លៃទុរេនក្នុងស្រុក។  

​យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីឆ្នាំ២០២៥ ប្រទេសកម្ពុជា មានផ្ទៃដីដាំដុះដំណាំទុរេនជាង ១១ ០០០ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួនជាង ៧ ០០០ហិកតា ដែលអាចទទួលបរិមាណផលប្រមាណជាង ១២០ ០០០តោនក្នុងមួយឆ្នាំ៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា