រាជរដ្ឋាភិបាលនឹង​បន្ថែមការ​ឧបត្ថម្ភ​ធន​លើ​ប្រេង​ឥន្ធនៈក្នុង​ករណីឡើងថ្លៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រាជរដ្ឋាភិបាលនឹង​បន្ថែមការ​ឧបត្ថម្ភ​ធន​លើ​ប្រេង​ឥន្ធនៈក្នុង​ករណីឡើងថ្លៃ

រាជរដ្ឋាភិបាលនឹង​បន្ថែមការ​ឧបត្ថម្ភ​ធន​លើ​ប្រេង​ឥន្ធនៈក្នុង​ករណីឡើងថ្លៃ

ភ្នំពេញ ៖ ក្នុង​ពេល​សង្គ្រាម​នៅតំបន់​មជ្ឈិម​បូព៌ា​កាន់តែរីករាលដាលខ្លាំងឡើង តម្លៃប្រេង​ឥន្ធនៈនៅលើ​ពិភពលោក ក៏ត្រូវបានព្យាករថានឹង​ឡើងថ្លៃខ្ពស់ ហើយបណ្ដាប្រទេស​នានា​លើ​ពិភពលោក​ក៏បានដាក់ចេញនូវវិធានការ​សម្រាប់ជួយពលរដ្ឋរបស់ខ្លួន ។​ ដោយឡែក ​កម្ពុជា​ក៏បានត្រៀម​សម្រាប់​បញ្ហានេះដែរ ដោយ​រាជរដ្ឋាភិបាល​នឹង​ឧបត្ថម្ភធន​បន្ថែម​លើ​ប្រេង​ឥន្ធនៈក្នុងករណី​ឡើងថ្លៃដល់​កម្រិត​មួយ ។

Advertisement

បើតាម​ឯកឧត្តម ​ប៉ែន សុវិជាតិ​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា​ តាំង​ពីអាណត្តិ​មុនៗរហូតដល់មកដល់អាណត្តិទី៧នេះ រាជរដ្ឋាភិបាល​កម្ពុជាបានសហការ​ជាមមួយវិស័យឯកជន​ ដើម្បីសម្រាល​បន្ទុករបស់ពលរដ្ឋ​ដែលជាអ្នក​ប្រើប្រាស់​ប្រេង​ឥន្ធនៈ ដោយក្នុងនោះរដ្ឋាភិបាល​បាន​បន្ថយតម្លៃ ៦,៥សេនដុល្លារ​ក្នុងមួយលីត្រ​ ។

ឯកឧត្តម​បន្តថា​ សម្រាប់​បច្ចុប្បន្ន​នេះ បើសិនជា​តម្លៃប្រេងសាំង​​ដែលចម្រាញ់រួច​ឡើងលើសពី ៩០ដុល្លារ​ក្នុងមួយបារ៉ែល​ ហើយប្រេង​ម៉ាស៊ូត​ឡើង​លើសពី​១០០ដុល្លារ​ក្នុងមួយបារ៉ែល​ នោះរាជរដ្ឋាភិបាល​នឹង​បន្ថយ​​​១សេន​ដុល្លារ​ក្នុងមួយលីត្រ​បន្ថែមទៀត​ ។​ មកដល់​បច្ចុប្បន្ន​តម្លៃ​ប្រេង​សាំង ​និងប្រេង​ម៉ាស៊ូត​បានឡើងថ្លៃលើសពីអ្វីដែល​បានកំណត់រួចទៅហើយ គឺលើសពី១០០ដុល្លារ​ក្នុងមួយបារ៉ែល ប៉ុន្តែតម្លៃប្រេង​សាំង និងប្រេង​ម៉ាស៊ូត​លក់​លើទីផ្សារ​ នៅតែមិនទាន់​ឡើង​ ដោយសារ​តែ​ប្រេងឥន្ធនៈដែលលក់​លើ​ទីផ្សារ​នាពេលនេះ បានកំណត់​តាំងពីថ្ងៃទី០១ ខែមីនា ហើយនឹង​បន្ត​លក់​តម្លៃនេះ រហូតដល់ថ្ងៃទី១០ ខែមីនា​ ។ ដូច្នេះ ចាប់ពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២៦តទៅ តម្លៃប្រេ​ងឥន្ធនៈដាក់​លក់​លើទីផ្សារ​កម្ពុជា​នឹងមានកា​រប្រែ​ប្រួល​ ។​

ពាក់ព័ន្ធនឹង​ការ​ព្រួយបារម្ភ​របស់ប្រជាពលរដ្ឋ​ចំពោះក​ង្វះខាត​ប្រេង​ប្រើប្រាស់នៅកម្ពុជា ឯកឧត្តមអ្នកនាំពាក្យ​បាន​មានប្រសាសន៍ថា​ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ​ និងថាមពល​ បានតម្រូវឱ្យ​ក្រុមហ៊ុនឯកជន ដែលនាំចូលប្រេងមកកម្ពុជា ត្រូវ​បម្រុង​ប្រេងទុកឱ្យបាន​១ខែ ក្នុងករណីមិនមានការ​នាំចូល​សោះ  ដូច្នេះហើយ​សម្រាប់សន្និធិ​ប្រេង​ដែលបានសហការជាមួយក្រុមហ៊ុន​ប្រេងឥន្ធនៈ កម្ពុជាអាចទប់ទល់​នឹង​សភាពការណ៍​នាពេលនេះ​បាន ។

ឯកឧត្តមបានបញ្ជាក់ថា ៖

«ដំណើរការនៃសង្គ្រាម​នៅតំបន់មជ្ឈិម​បូព៌ា យើងមិនទាន់ដឹងថា​វានឹង​អូស​បន្លាយ​រយៈពេល​ប៉ុន្មានទេ​ ប៉ុន្តែថ្មីៗនេះ​យើងបានឃើញថា​ប្រទេស​ចិន​បានបញ្ជា​ឱ្យក្រុមហ៊ុន​ចម្រាញ់​ប្រេង​ធំៗរបស់ខ្លួន បន្ថយ​ ឬកម្រិតការនាំចេញប្រេង​ ដូច្នេះ​ កម្ពុជា​ក៏ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន និង​ត្រូវ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ​ដោយសន្សំសំចៃ ក្នុងករណីមានការរឹតត្បិត​ពីប្រភពនាំចូល​ ពីព្រោះ​ថា​កម្ពុជាមិនទាន់មានរោងចក្រ​ចម្រាញ់ខ្លួនឯងទេ គឺនាំចូលប្រេង​មក​ប្រើសុទ្ធសាធ»។

ឯកឧត្តម​ កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និងថាមពល​ បានមានប្រសាសន៍ថា សង្គ្រាម​នៅមជ្ឈិម​បូព៌ា បាន និងកំពុងធ្វើឱ្យប៉ះពាល់​ដល់ឧស្ម័ន ​​និង​ប្រេង​ឥន្ធនៈ  ហើយដូច​ដែល​បានដឹងហើយថា ការ​ដឹកជញ្ជូន​ប្រេង​ និង​ឧស្ម័នឥន្ធនៈប្រមាណជាង​២០​ភាគរយ​ ត្រូ​វបានឆ្លង​កាត់​ច្រក​ Hormuz តំបន់​មជ្ឈិម​បូព៌ា​ ដែល​ឥឡូវ​ប្រទេសអ៊ីរ៉ង់​បានគំរាម​កំហែង​បាញ់​នាវាណាដែលដឹកជញ្ជូនប្រេងតាមច្រក​នេះ ។​

ឯកឧត្តម​បន្តថា ៖

«នៅពេលដែលច្រក​នេះត្រូវបានបិទចរាចរណ៍ធ្វើឱ្យ​តម្លៃប្រេង ​និង​ឧស្ម័នឥន្ធនៈបានហក់ឡើង ជាក់ស្ដែង​បច្ចុប្បន្ន​នេះ តម្លៃប្រេង​បានហក់ឡើង​ប្រមាណ៣០​ភាគរយរួចទៅហើយ ។ សម្រាប់​កម្ពុជា​ក៏រង​ផលប៉ះពាល់​ពីការ​បិទច្រក​ដ៏សំខាន់មួយនេះ​ ប៉ុន្តែភ្លាមៗ​នេះ យើងរកមិនទាន់ឃើញ​នូវ​ផល​ប៉ះពាល់​បន្ទាន់​នោះទេ ។ ការផ្គត់ផ្គង់ប្រេងពីបណ្ដាប្រទេស​មួយចំនួនដូចជា​អាមេរិក និង​បារាំង ដែលមានក្រុមហ៊ុននៅកម្ពុជា​នៅតែបន្ត ប៉ុន្តែ អ្វីដែល​ជៀសមិនផុតនោះគឺការ​ឡើងថ្លៃប្រេង​ឥន្ធនៈនៅពេលខាងមុខ​»។

ឯកឧត្តម​បានបញ្ជាក់ថា នៅចំពោះមុខ​នាពេល​នេះ មិនមានសញ្ញាណាមួយ​ថា នៅកម្ពុជា​នឹ​ងខ្វះប្រេង​សម្រាប់​ប្រើប្រាស់​នោះទេ ហើយក្នុង​ស្ថានភាពបែបនេះ កម្ពុជា​មានប្រេង​បម្រុង​ទុក​សម្រាប់ប្រើប្រាស់​ ហើយបន្តទិញចូលមកស្តុកទុក​ប្រើប្រាស់​ទៅតាម​តម្រូវការ ។​

យោងតាម​ទិន្នន័យ​របស់គយ និងរដ្ឋាករ​កម្ពុជា ក្នុងឆ្នាំ២០២៥ កន្លងទៅ​កម្ពុជា​បាននាំចូលប្រេង​ម៉ាស៊ូត​ក្នុង​ទំហំទឹកប្រាក់​១,២៦ពាន់​លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ ២០២៤​ ថយចុះប្រមាណ១០,៩៨ភាគរយ ចំណែក​ប្រេង​សាំងមានទំហំទឹកប្រាក់​ ៨៤០លានដុល្លារអាមេរិក បើធៀបនឹង​ឆ្នាំ ២០២៤​ មានការ​ថយចុះ​ប្រមាណ១១,២៤ភាគរយ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា