រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានលើកទឹកចិត្ត​ដល់​បណ្ដា​វិនិយោគិនទាំងក្នុង និងក្រៅប្រទេស​ចូលបណ្ដាក់ទុនវិនិយោគនៅក្នុងតំបន់ភូមិភាគឦសាន​ ដោយ​ជំរុញឱ្យមានការ​កែច្នៃ​នៅនឹង​កន្លែង ដែលអាច​បង្កើន​តម្លៃបន្ថែម ជាពិសេស​បង្កើតឱកាស​ការងារ​ជូនប្រជាពលរដ្ឋ​ក្នុងតំបន់​ ។

ក្នុងគោលបំណងជំរុញ ​និងលើកទឹកចិត្ត​ដល់​វិនិយោគិន​បណ្ដាក់ទុនវិនិយោគនៅក្នុង​តំបន់ភូមិភាគឦសាន រាជរដ្ឋាភិបាលបានដាក់​ចេញនូវកម្មវិធី​ពិសេសជំរុញការ​វិនិយោគ​ក្នុងតំបន់ភូមិភាគឦសានដែល​មានខេត្តចំនួន ៤ រួមមាន ខេត្ត​ក្រចេះ ស្ទឹងត្រែង ខេត្ត​រតនគិរី និងមណ្ឌលគិរី ក្នុងនោះរាជរដ្ឋាភិបាល​នឹងលើកលែង​ពន្ធ​មួយចំនួនចំពោះវិនិយោគិន ឬក្រុមហ៊ុន​ដែល​បណ្ដាក់ទុនវិនិយោគនៅតំបន់​ភូមិភាគ​ឦសាន​នៅពេលនេះ ។​

ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការ​វិនិយោគភូមិភាគឦសានបានណែនាំឱ្យ​ក្រុមការងារសិក្សា និង​ធ្វើការ​អង្កេតស្រាវជ្រាវ​ស៊ីជម្រៅ​អំពីបញ្ហា​ប្រឈម​ រួមទាំងភាពយឺត​យ៉ាវ​នៃនីតិវិធីរដ្ឋបាល និងបន្ទុក​ចំណាយរបស់វិនិយោគិន ជាពិសេស សហគ្រាសធុន​មីក្រូហិរញ្ញវត្ថុ​ តូច និងមធ្យម​ ជួបប្រទះក្នុងការ​ចុះបញ្ជី និងវិនិយោគ​ក្នុង​ភូមិភាគ​ឦសាន​ ។​

ឯកឧត្តម​មានប្រសាសន៍​បន្តថា ការងារ​នេះ​នឹងក្លាយជាមូលដ្ឋានជាក់ស្ដែងក្នុងការ​រៀបចំទិសដៅ​ដោះស្រាយ​បញ្ហា​ជាក់ស្ដែង ដែលនឹង​សម្រួល​ការ​វិនិយោគ​ ក្រោមយន្តការ​ច្រក​ចេញចូលតែមួយ​ ផ្ដោតលើការ​ផ្ដល់សេវា និងសម្របសម្រួល​នៅថ្នាក់ក្រោមជាតិ សំដៅកាត់បន្ថយ​ថ្លៃដើម និងពេល​វេលា ព្រមទាំង​ជួយ​សម្រាល​បន្ទុក​ធុរជន ទាំង​មុន និង​ក្រោយពេលចាប់ផ្ដើម​ដំណើរការអាជីវកម្ម ជាពិសេស​សម្រាប់សហគ្រាស​ដែលចូលរួមក្នុងសកម្ម​ភាពផលិត​ និងកែច្នៃកសិផល​ក្នុងស្រុក ។

ឯកឧត្តម​បានបញ្ជាក់ថា ការ​សម្រួល​នីតិវិធី​ និងការលើកទឹកចិត្ត​ជាក់ស្ដែង ត្រូវ​តម្រង់ទិសឆ្ពោះទៅជំរុញការ​បង្កើន​តម្លៃ​បន្ថែម មានន័យថា​ ត្រូវកែច្នៃកសិផលនោះឱ្យមានតម្លៃ​ខ្ពស់មុន​នឹងនាំចេញទៅកាន់ទីផ្សារ ​ជាពិសេស​ប្រែក្លាយភូមិភាគឦសាន​ពីតំបន់​ផ្គត់ផ្គង់​កសិកផល​វត្ថុធាតុ​ដើម ទៅជា​មូលដ្ឋានកែច្នៃកសិ-ឧស្សាហកម្ម​ ប្រកបដោយសក្ដានុពល​ និងភាពប្រកួត​ប្រជែង​ខ្ពស់ ។

ម្ចាស់​សិប្បកម្មកែច្នៃកាហ្វេក្នុង​ខេត្ត​មណ្ឌលគិរី លោក ឌុក ពិសិដ្ឋ បានប្រាប់បណ្ដាញ​ព័ត៌មាន AMS ឱ្យដឹងថា តាមរយៈកម្មវិធីពិសេសជំរុញការ​វិនិយោគក្នុងភូមិភាគឦសាន បាន និងកំពុងផ្ដល់អត្ថ​ប្រយោជន៍​ដល់​វិនិយោគិន និងធុរជន​ដែល​ដាក់ស្នើសុំ​វិនិយោគ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាល ។ ជាក់ស្ដែង​តាមរយៈកម្មវិធីពិសេស​នេះដែរ លោកទទួលបានការ​លើកទឹកចិត្ត​ច្រើនពីរាជរដ្ឋាភិបាល ដូចជា ការមិនយក​ពន្ធលើ​ប្រាក់ខែ​បុគ្គលិ​ក មិនយកពន្ធលើ​ការនាំ​ចូលគ្រឿងម៉ាស៊ីន​សម្រាប់កែច្នៃកាហ្វេ​ក្នុង​ខ្សែច្រវាក់ផលិតកម្ម ដូច្នេះ វាអាចធ្វើឱ្យ​លោក​ក៏ដូចជា​វិនិយោគដទៃទៀត​​ទទួលបានប្រាក់ចំណេញបន្ថែម​ ។​

ជាមួយគ្នានេះ លោកក៏បានអំពាវនាវ​ដល់បណ្ដាវិនិយោគិន​ ទាំងក្នុង​ និងក្រៅប្រទេស​ដែលមានបំណង​បណ្ដាក់ទុនវិនិយោគនៅក្នុងតំបន់ភូមិ​ភាគ​ឦសាន សូមកុំស្ទាក់ស្ទើរ ឬរង់ចាំបន្ត​ទៀត ព្រោះពេលនេះ​គឺជា​ឱកាសល្អបំផុត​ហើយ ។ ជាក់ស្ដែង ចាប់តាំងពី​ចាប់ផ្ដើមដំណើរការ​វិនិយោគ ខាងរដ្ឋ​បានជួយសម្របសម្រួលនីតិវិធី​មិនឱ្យ​ស្មុគស្មាញ​ ហើយពេលដំណើរការ​​ ក៏រាជរដ្ឋាភិបាល​ លើកទឹកចិត្ត​មិនយកពន្ធមួយចំនួន​ក្នុង​រយៈច្រើន​ឆ្នាំ ​ប៉ុន្តែបើនៅ​រង់ចាំឱ្យ​ពេល​វេលា​កន្លងហួសនោះ នឹងអាច​ធ្វើឱ្យវិនិយោគិន​ ឬធុរជន​បាត់បង់ឱកាស​ និងពេលវេលាមួយចំណែក​ជាមិនខាន។

គួរ​បញ្ជាក់ថា គិតត្រឹមដើមខែសីហា ឆ្នាំ២០២៦នេះ ក្រុមការងារ​ជំរុញការ​វិនិយោគក្នុងភូមិភាគឦសាន បានទទួលសំណើគម្រោងសរុបចំនួន ៧២គម្រោង ក្នុងទុនវិនិយោគសរុប ២ ៦៥០លានដុល្លារអាម៉េរិក ដែលបង្ហាញអំពីសក្តានុពល និងចំណាប់អារម្មណ៍ពីវិនិយោគិននៅប៉ែកភូមិភាគឦសាន ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា