រដ្ឋាភិបាល ស្នើ​ឱ្យ​អ្នកដាំស្រូវ ងាកមកដាំដំណាំឧស្សាហកម្មសម្រាប់នាំចេញ  | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋាភិបាល ស្នើ​ឱ្យ​អ្នកដាំស្រូវ ងាកមកដាំដំណាំឧស្សាហកម្មសម្រាប់នាំចេញ 

រដ្ឋាភិបាល ស្នើ​ឱ្យ​អ្នកដាំស្រូវ ងាកមកដាំដំណាំឧស្សាហកម្មសម្រាប់នាំចេញ 

​ដោយ​កត់សម្គាល់ថា បរិមាណស្រូវ​ផលិតបាន​នៅកម្ពុជា លើសតម្រូវការក្នុងរង្វង់ ៧ លានតោន ក្នុង ១ ឆ្នាំ សម្រាប់នាំចេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យ​ប្រជាកសិករដែលនិយមដាំដុះដំណាំស្រូវ ប្ដូរទៅដាំដំណាំឧស្សាហកម្មវិញ។

Advertisement

សម្តេចមហាបវរធិបតី មានប្រសាសន៍ថា៖

“ថ្ងៃក្រោយដីស្រែមួយចំនួនត្រូវហ៊ានថាវាងនឹងអាចប្រែក្លាយទៅជាការដាំអ្វីផ្សេង ឬមួយក៏ជាកន្លែងដាំអ្វីផ្សេង ឬមួយជាកន្លែងឧស្សាហកម្ម។”

មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃពុធ ទី ២៧​ ខែឧសភានេះ សម្តេចនាយករដ្ឋមន្រ្តី គូសបញ្ជាក់ថា រដ្ឋាភិបាល​ត្រៀម​ជួយគាំពារ​កសិករ​ដែល​ផ្លាស់​ប្តូរការដាំដុះនេះ។

សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា ការប្រែក្លាយពីការដាំដុះដំណាំស្រូវទៅដំណាំឧស្សាហកម្ម ក្នុងគោលបំណងបង្កើនប្រាក់ចំណូលជូនកសិករកម្ពុជា។

លោក សុខ សុថា អ្នកជំនាញកសិកម្ម មានប្រសាសន៍ថា កម្ពុជា បានផលិតស្រូវលើសពីតម្រូវការក្នុងស្រុកទៅហើយនាពេលបច្ចុប្បន្ន ដូច្នេះ ការចាប់ផ្តើមដំណាំឧស្សាហកម្ម គឺជារឿងត្រឹមត្រូវក្នុងការទទួលយកឱកាសថ្មីលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ ក្នុងការបង្កើនចំណូលសម្រាប់គ្រួសារកសិករ និងបង្កើតការងារក្នុងស្រុកបានកាន់តែច្រើន។ ប៉ុន្តែ ការប្តូរពីការដាំស្រូវទៅជាដំណាំឧស្សាហកម្មគឺត្រូវការពង្រឹងសមត្ថភាពកសិករទាំងបច្ចេកទេសនិងការកែច្នៃឱ្យបានច្បាស់លាស់ជាមុន​។

លោក​មើលឃើញថា គោលដៅនៃការប្តូរពីដំណាំស្រូវទៅជាដំណាំឧស្សាហកម្មក៏ត្រូវការពេលវេលា និងយុទ្ធសាស្ត្រជាតិត្រឹមត្រូវផងដែរ។

លោក សុខ សុថា លើកឡើងថា ដំណាំស្រូវ គឺជាដំណាំសម្រាប់ការធានាសន្តិសុខស្បៀង ក៏ប៉ុន្តែ មិនមែនជាដំណាំយុទ្ធសាស្ត្រសេដ្ឋកិច្ចនោះទេ ហើយបច្ចុប្បន្នក៏មានការប្រកួតប្រជែងច្រើនពីកសិករនៅប្រទេសក្នុងតំបន់​ផងដែរ ពិសេសប្រទេសឥណ្ឌា។ ហើយស្របពេលដែលកសិករកម្ពុជាភាគច្រើនគឺជអ្នកផលិតខ្នាតតូច ដូច្នេះ ការរួមគ្នាជា សហគមន៍កសិកម្ម ឬក្រុមផលិតទើបអាចសម្រេចបាននូវការផ្លាស់ប្តូរពីការដាំស្រូវទៅជាដំណាំឧស្សាហកម្មបានប្រសើរដោយចាប់ផ្តើមពីចំណុចតូចៗរួមគ្នា។

ដំណាំស្រូវ គឺជាដំណាំយុទ្ធសាស្ត្រយូរ​អង្វែងសម្រាប់​កម្ពុជា និងទទួលបានអាទិភាពខ្ពស់ ដែលរាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់បំផុតនៅក្នុងវិស័យ​កសិ​កម្ម។

កាលពីឆ្នាំ ២០២៥ កម្ពុជា​ផលិតស្រូវបាន ១៤ លានតោន ក្នុងនោះស្រូវនាំចេញបាន ៦,៨លានតោន ដែលគិតជាទឹកប្រាក់ជាង ១ពាន់៥រយលានដុល្លារ។ ដោយឡែក នៅត្រីមាសទី ១ ឆ្នាំ ២០២៦ នេះ កម្ពុជា បាននាំចេញស្រូវបាន ២ លានតោន ដែលគិតជាទឹកប្រាក់ប្រមាណ ៤៣៣ លានដុល្លារ៕ អត្ថបទ៖ ខន ណារី AMS

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា