តម្លៃ​កង្កែប​ធ្លាក់ចុះ​ សហគមន៍​កង្កែប​ទន្លេ​សាប ​បែរ​ទៅ​រក​ការ​កែច្នៃ​ ​អាច​បង្កើន​តម្លៃ​បន្ថែម​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃ​កង្កែប​ធ្លាក់ចុះ​ សហគមន៍​កង្កែប​ទន្លេ​សាប ​បែរ​ទៅ​រក​ការ​កែច្នៃ​ ​អាច​បង្កើន​តម្លៃ​បន្ថែម​

តម្លៃ​កង្កែប​ធ្លាក់ចុះ​ សហគមន៍​កង្កែប​ទន្លេ​សាប ​បែរ​ទៅ​រក​ការ​កែច្នៃ​ ​អាច​បង្កើន​តម្លៃ​បន្ថែម​

សៀមរាប​៖ ​ខណៈ​តម្លៃ​កង្កែប​សាច់​រស់​នៅ​លើ​ទីផ្សារ​ធ្លាក់ចុះ​ សហគមន៍​កសិកម្ម​កង្កែប​ទន្លេ​សាប​ ក្នុង​ខេត្ត​សៀមរាប ​បាន​បង្វែរ​បញ្ហា​ទីផ្សារ​ទៅជា​ឱកាស ​ដោយ​កែច្នៃ​កង្កែប​ជា​ផលិតផល​សម្រេច​ចំនួន​ ​៥​ ​ប្រភេទ​ ​ដើម្បី​បង្កើន​តម្លៃ​បន្ថែម​ និង​ពង្រីក​ទីផ្សារ​សម្រាប់​ផលិតផល​ក្នុង​ស្រុក​។

Advertisement

​សហគមន៍​កសិកម្ម​កង្កែប​ទន្លេ​សាប ​មាន​ទីតាំង​នៅ​ភូមិ​អង្រ្គង​ ឃុំ​កន្រ្ទាំង​ ​ស្រុក​ប្រាសាទ​បាគង ​ខេត្ត​សៀមរាប​។ ​បច្ចុប្បន្ន ​សហគមន៍​កំពុង​កែច្នៃ​កង្កែប​ជា ​៥​ ​ប្រភេទ​ ​រួមមាន​ ​កង្កែប​ធម្មតា​ ​កង្កែប​ប្រឡាក់​ម្ទេស​ កង្កែប​ប្រឡាក់​គ្រឿង​ កង្កែប​បោក ​និង​ផ្អក​កង្កែប ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​។

​លោក​ ​គង់​ ​គឹម​ឆាវ ​ប្រធាន​សហគមន៍​កសិកម្ម​កង្កែប​ទន្លេ​សាប ​បាន​ឱ្យដឹង​ថា​ ​ការ​កែច្នៃ​នេះ​ធ្វើឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​តម្លៃ​កង្កែប​សាច់​ធ្លាក់ចុះ​ ​ដែល​ធ្វើឱ្យ​កសិករ​ប្រឈម​នឹង​ការ​ខាតបង់​។ ​បច្ចុប្បន្ន​ តម្លៃ​កង្កែប​សាច់​រស់​នៅ​លើ​ទីផ្សារ​មាន​ត្រឹម​ ​៥,៥០០​ ​ទៅ​ ​៦,០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម ​ខណៈ​កសិករ​ត្រូវការ​តម្លៃ​ចាប់ពី​ ​៦,៥០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ឡើង​ទៅ​ ​ដើម្បី​អាច​ទទួលបាន​ផលចំណេញ​។

​ដើម្បី​ជួយ​សមាជិក​ សហគមន៍​បាន​បន្ត​ទិញ​កង្កែប​សាច់​រស់​ពី​សមាជិក​ចំនួន​ ​១៥​ ​គ្រួសារ​ ក្នុង​តម្លៃ​ថេរ​ ​៦,៥០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​រួច​យកមក​កែច្នៃ​ជា​ផលិតផល​សម្រេច​។

​សហគមន៍​អាច​ប្រមូល​កង្កែប​សាច់​បាន​ចន្លោះ​ពី​ ​៥​ ​ទៅ​ ​៧​ ​តោន​ក្នុង​មួយ​ខែ ​ដោយ​លក់​ជា​សាច់​ ​និង​កែច្នៃ​ជា​ផលិតផល​សម្រេច​ចូល​ទីផ្សារ​បាន​ចន្លោះ​ពី​ ​៥០០​ ​ទៅ​ ​៦០០​ ​គីឡូក្រាម​ក្នុង​មួយ​ខែ​ ​ដែល​មាន​ទម្ងន់​កន្លះ​គីឡូក្រាម​ក្នុង​មួយ​កញ្ចប់​។

​លោក​ ​គឹម​ឆាវ ​បាន​បញ្ជាក់​ថា​ ​ផលិតផល​ ​៤​ ​ប្រភេទ​ ​រួមមាន​ ​កង្កែប​ធម្មតា​ ​កង្កែប​ប្រឡាក់​ម្ទេស​ កង្កែប​ប្រឡាក់​គ្រឿង​ និង​ផ្អក​កង្កែប ​មាន​តម្លៃ​ ​១២,៥០០​ រៀល​ក្នុង​មួយ​កញ្ចប់​។ ​ដោយឡែក​ កង្កែប​បោក ​មាន​តម្លៃ​ ​១៥,០០០​ រៀល​ក្នុង​មួយ​កញ្ចប់​។

​កញ្ញា​ ​គឹង​ ​មុំ​ ​អ្នក​វេចខ្ចប់​ផលិតផល​កង្កែប ​បាន​ឱ្យដឹង​ថា​ ​ផលិតផល​ត្រូវបាន​ផលិត​តាម​បែប​ប្រពៃណី​ខ្មែរ​ ​ដោយ​ប្រើប្រាស់​គ្រឿងផ្សំ​ក្នុង​ស្រុក​ ​រួម​ជាមួយ​បច្ចេកវិទ្យា​ជំនួយ​ ​ដូចជា​ ​ម៉ាស៊ីន​កិន​សាច់​ ​ម៉ាស៊ីន​កិន​គ្រឿង​ និង​ម៉ាស៊ីន​ច្រក​ថង់​បឺត​ខ្យល់​ ​(​Vacuum​ ​Sealing​)​។ ​ផលិតផល​អាច​រក្សាទុក​បាន​រហូតដល់​ ​២​ ​ខែ ​ដោយ​ផ្តោត​លើ​សុវត្ថិភាព​ម្ហូប​អាហារ​ និង​អនាម័យ​។

​បច្ចុប្បន្ន ​ផលិតផល​កែច្នៃ​ទាំង​នេះ​កំពុង​ពង្រីក​ការ​ចែកចាយ​ទៅកាន់​តំបន់​ភាគ​ឦសាន ​និង​តំបន់​ឆ្នេរសមុទ្រ ​រួមមាន​ ​ខេត្ត​ព្រះសីហនុ ​រតនគិរី​ ​ស្ទឹងត្រែង​ ​ឧត្តរមានជ័យ ​ព្រះវិហារ​ ​កំពង់ស្ពឺ​ ​និង​កោះ​រ៉ុង​។

​តាមរយៈ​សញ្ញាណ​វិជ្ជមាន​នៃ​តម្រូវការ​ទីផ្សារ​ សហគមន៍​មាន​ផែនការ​បន្ថែម​មុខ​ទំនិញ​ថ្មី​ៗ​ ​និង​ពង្រីក​បណ្ដាញ​ចែកចាយ​ឱ្យ​កាន់តែ​ទូលំទូលាយ ​ដើម្បី​ធានា​ចីរភាព​ប្រាក់​ចំណូល​ជូន​កសិករ​ក្នុង​តំបន់​។

​លោក​ ​គង់​ ​គឹម​ឆាវ ​មាន​សុទិដ្ឋិនិយម​ថា​ ​ទីផ្សារ​ផលិតផល​កង្កែប​កែច្នៃ​នឹង​អាច​ពង្រីក​បាន​កាន់តែ​ទូលំទូលាយ ​ដោយសារ​ចំនួន​ការ​បញ្ជាទិញ​កំពុង​កើនឡើង​ និង​មាន​ការ​ចាប់អារម្មណ៍​ពី​ប្រជាពលរដ្ឋ​។ ​ទោះបី​ចំណូល​ពី​ការ​លក់​ផលិតផល​កង្កែប​មិន​ទាន់​មាន​ទំហំ​ធំ​ដុំ​ក៏ដោយ​ ​ក៏​លោក​ចាត់ទុក​ការ​កែច្នៃ​នេះ​ថា​ជា​ជំហាន​មួយ​ក្នុង​ការ​បង្កើន​តម្លៃ​កសិផល​ និង​ពង្រីក​ទីផ្សារ​សម្រាប់​កសិករ​ក្នុង​តំបន់​៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា