រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ

រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ

Advertisement

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ និងយុវវ័យឱ្យជក់ងប់នឹងបណ្តាញសង្គមទាំងនេះហួសហេតុពេក។

យោងតាមរបាយការណ៍ដែលបានដកស្រង់ និងយកមកចេញផ្សាយដោយកាសែត RT បានបង្ហាញតួលេខដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបានលាតត្រដាងដោយក្រុមហ៊ុន Meta ផ្ទាល់នៅក្នុងឯកសារឆ្លើយតបតាមផ្លូវច្បាប់នាពេលថ្មីៗនេះ ទាក់ទងនឹងរបៀបដែលការខូចខាត គួរតែត្រូវបានគណនា ដែលចំនួននេះគឺស្ទើរតែស្មើនឹងតម្លៃទីផ្សារបច្ចុប្បន្នទាំងមូលរបស់ក្រុមហ៊ុន ដែលមានតម្លៃប្រហែល ១,៥ ទ្រីលានដុល្លារ។

សមរភូមិក្នុងដំណើរការច្បាប់ដ៏ក្តៅគគុកនេះ កើតចេញពីការចោទប្រកាន់ដោយរដ្ឋ California រដ្ឋ Colorado រដ្ឋ Kentucky និងរដ្ឋ New Jersey។

បណ្តារដ្ឋទាំងនេះបានអះអាងថា ក្រុមហ៊ុន Meta បានរៀបចំរចនាសម្ព័ន្ធកម្មវិធីចម្បងៗរបស់ខ្លួន ដោយចេតនា ដើម្បីរក្សាអ្នកប្រើប្រាស់វ័យក្មេងឱ្យជាប់ជំពាក់ជាមួយនឹងអេក្រង់ទូរស័ព្ទ ខណៈពេលដែលបានភូតកុហកជាសាធារណៈអំពីសុវត្ថិភាពនៃកម្មវិធីទាំងនោះ។

ដើម្បីកំណត់សំណើពិន័យជាប្រាក់រាប់ពាន់លានដុល្លារនេះ បណ្តារដ្ឋខាងលើបានប្រើប្រាស់វិធីក្នុងការប៉ាន់ប្រមាណនូវចំនួនអ្នកប្រើប្រាស់វ័យក្មេង ដែលរងផលប៉ះពាល់ រួចគុណនឹងចំនួនប្រាក់ពិន័យអតិបរមាដែលត្រូវបានអនុញ្ញាត នៅក្រោមច្បាប់ការពារអ្នកប្រើប្រាស់របស់រដ្ឋរៀងៗខ្លួន។

យ៉ាងណាក្តី ជាការឆ្លើយតបក្រុមហ៊ុន Meta បានចេញមុខទាត់ចោលយ៉ាងខ្លាំងក្លាចំពោះការគណនានេះ ដោយបានបដិសេធថា ការប៉ាន់ប្រមាណប្រាក់ពិន័យរាប់ពាន់លានដុល្លារនោះគឺជារឿងដែលគ្មានមូលដ្ឋាន និងខុសឆ្គងទាំងស្រុងតាមផ្លូវច្បាប់។

នៅក្នុងឯកសារដាក់ជូនតុលាការ ក្រុមអ្នកច្បាប់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបានវែកញែកថា ការពិន័យផ្នែកហិរញ្ញវត្ថុក្នុងទំហំដ៏ធំធេងបែបនេះ មិនធ្លាប់មានប្រវត្តិសោះឡើយ ក្នុងការអនុវត្តច្បាប់ការពារអ្នកប្រើប្រាស់ ហើយបានចាត់ទុកយុទ្ធសាស្ត្ររបស់ដើមបណ្តឹងថាជារឿងហួសហេតុពេក ហើយក្រុមហ៊ុនបានប្តេជ្ញាថានឹងបន្តតស៊ូប្រឆាំងនឹងបណ្តឹងនេះយ៉ាងម៉ឺងម៉ាត់ទៅមុខទៀត។

គួរឱ្យដឹងដែរថា នេះមិនមែនរឿងក្តីមិនធ្លាប់កើតមាននោះទេ ពោលគឺមានបណ្តឹងរាប់ពាន់ដែលកំពុងដំណើរការសំដៅទៅលើក្រុមហ៊ុនបណ្តាញសង្គម និងបច្ចេកវិទ្យាធំៗ រួមមាន Meta, TikTok, YouTube និង Snapchat ផងដែរទៅលើបញ្ហាផលប៉ះពាល់ផ្នែកចិត្តសាស្ត្រតាមរយៈមុខងារ Algorithms របស់កម្មវិធីនីមួយៗ ដែលវានេះហើយគឺជាមុខងារធំបំផុតបង្កឱ្យមានការជក់ងប់ខ្លាំងចំពោះអ្នកប្រើប្រាស់៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា