ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ភ្នំពេញ៖ ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ មានទុនវិនិយោគសរុបជាង ២៥លានដុល្លារអាម៉េរិក បានដាក់គោលដៅមកវិនិយោគ សាសង់រោងចក្រផលិតជីកសកម្ម និងថ្នាំសម្លាប់សត្វល្អិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំនាពេលខាងមុខនេះ ។

Advertisement

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានប្រាប់ AMS Economy ថា៖ ក្រុមហ៊ុនរបស់ប្រទេសកូរ៉េចំនួន ៤ បានគោលដៅវិនិយោគចំនួន ៥ គម្រោង និងបានចុះហត្ថលេខា​លើ​អនុស្សរណៈនៃការយោគយល់ជាមួយរដ្ឋបាលខេត្តកំពង់ធំ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ កាលពីថ្ងៃដើមសប្តាហ៍​នេះ ហើយនឹងលេចចេញជារូបរាងបានឆាប់ៗ។

ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានបញ្ជាក់ឱ្យដឹងថា ៖ ក្រុមហ៊ុនទាំង ៤ នោះ មាន៖

១- ក្រុមហ៊ុន BIONEL CO., LTD សិក្សាលើការវិនិយោគលើរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតក្នុងវិស័យកសិកម្ម (Agricultural Pesticide Manufacturing Plant) ចំនួន ១ គម្រោង។

 ២- ក្រុមហ៊ុន HanTech Co., Ltd សិក្សាលើការវិនិយោគលើរោងចក្រផលិតជីកសិកម្មសេរីរាង្គ (Organic Fertilizer Manufacturing Plants) ចំនួន ២ គម្រោង។

 ៣- ក្រុមហ៊ុន Sam Kwang Biotech Co., Ltd សិក្សាលើការវិនិយោគលើរោងចក្រផលិតទឹកជីកសិកម្ម (Liquid Fertilizer Manufacturing Plant) ចំនួន ១ គម្រោងនិងទី៤- ក្រុមហ៊ុន ENDA Company Ltd សិក្សាលើការវិនិយោគលើរោងចក្រផលិតជីស៊ីលីកា (Silicate Fertilizer Manufacturing Plant) ចំនួន ១ គម្រោង។

ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា៖

« បច្ចុប្បន្ន ការងារកំពុងដំណើរការទៅមុខ ហើយយើងកំពុងសិក្សាពីលទ្ធភាពផ្សេងទៀត ដូចជាទីតាំង ដីធ្លី ជូនដល់ក្រុមហ៊ុន»។

ចំពោះហេតុផលដែលក្រុមហ៊ុនកូរ៉េចាប់អារម្មណ៍វិនិយោគនៅលើទឹកដីខេត្តកំពង់ធំ ដោយសារកំពង់ធំជាខេត្តដែលមានសកម្មភាពកសិកម្មច្រើន និងមានតម្រូវការប្រើប្រាស់ជីកសិកម្ម ក៏ដូចជាថ្នៃសម្លាប់សត្វល្អិតដែលមិនប៉ះពាល់សុខភាពច្រើន ហើយតាមរយៈការបង្កើតរោងចក្រកែច្នៃជីទាំងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយតម្លៃវត្ថុធាតុដើមក្នុងវិស័យកសិកម្ម។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងផងដែរថា៖ នៅក្នុងខេត្តកំពង់ធំ មានសក្តានុពលធំជាងគេគឺវិស័យកសិកម្ម ដែលមានផ្ទៃដីដាំដុះរហូតដល់ទៅជាង៦០ម៉ឺនហិកតា រួមមានដូចជា ដំណាំស្រូវ ស្វាយចន្ទី ដំឡូង​មី ​កៅស៊ូ ស្វាយ ទុរេន និងដំណាំផ្សេងៗទៀត លើសពីនេះ កំពង់ធំតក៏ជាទីតាំងដែលសមស្របសម្រាប់ការធ្វើវារីវប្បកម្ម ហើយម្យ៉ាងវិញទៀត គឺជាចំណុចកណ្ដាលនៃប្រទេស ដែលមានលក្ខណៈងាយស្រួលសម្រាប់ការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម ជាពិសេស ងាយស្រួលប្រមូលផលិតផលកសិកម្មមកពីបណ្តាខេត្តផ្សេងៗ និងខេត្តជុំវិញ ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ AMS Economy ថា ក្នុងនាមជាវិស័យឯកជន សូមអបអរសាទរ និងគាំទ្រនូវបេសកកម្មនៃការដើរទាក់ម៉ូយរបស់ឯកឧត្តមអភិបាលខេត្តកំពង់ធំ តាមគោលនយោបាយរបស់ថ្នាក់ដឹកនាំ ដែលតែងតែដើរកៀងគរអ្នកវិនិយោគពីបណ្តាប្រទេសនានាមកកាន់ប្រទេសកម្ពុជា។ នេះជាដំណឹងល្អសម្រាប់ប្រជាកសិករ ជាពិសេសអ្នកដាំដុះវិស័យកសិកម្ម ដែលកំពុងត្រូវការជីដែលមានគុណភាព មានប្រសិទ្ធភាព ហើយមានតម្លៃសមរម្យ។

អ្នកឧកញ៉ា បានលើកឡើងថា៖

«សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឱ្យធ្វើយ៉ាងម៉េចផលិតជីដើម្បីធានានូវសុវត្ថិភាព ។កន្លងមក ប្រសិនបើគេបិទមិនឱ្យនាំជីចូលពីបណ្តាប្រទេសជិតខាង យើងក៏មានបញ្ហាដែរ។ ដល់អ៊ីចឹងទៅ ប្រសិនបើយើងមានរោងចក្រសម្រាប់ផលិតជីខ្លួនឯង យើងធានាបាននូវការផ្គត់ផ្គង់ជីក្នុងស្រុក ដើម្បីបម្រើឱ្យវិស័យកសិកម្មក្នុងការប្រកួតប្រជែងថ្លៃដើម ក៏ដូចជាការនាំចេញទៅបណ្តាប្រទេសផ្សេងៗហ្នឹងឯង ដែលមានគុណភាព ជាភូតគាមអនាម័យ ដែលស្តង់ដារដែលគេអាចទទួលយកបាន»។

អ្នកឧកញ៉ា បានអំពាវនាវដល់អភិបាលខេត្តទាំងអស់ដែលមានតួនាទីទាំងនយោបាយ និងសេដ្ឋកិច្ច ចូលរួមស័យសេដ្ឋកិច្ចឱ្យបានសកម្ម ដើម្បីអភិវឌ្ឍខេត្តរបស់ខ្លួន និងភាពរីកចម្រើន លើកស្ទួយជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត។

យោងតាមក្រសួងពាណិជ្ជកម្មបានបង្ហាញថា នៅឆ្នាំ២០២៥ កម្ពុជាបានចំណាយលើការនាំចូលជីកសិកម្មពីបរទេស មានទំហំទឹកប្រាក់ ៤១៩,៨៣លានដុល្លារ។ ចំនួននេះ កើនឡើង ៦,៦៤ភាគរយ បើធៀបនឹងឆ្នាំ២០២៤  ដែលមានទំហំទឹកប្រាក់ ៣៩៣,៧០ លានដុល្លារ ។ ជា​មួយគ្នានេះ ការនាំចូលថ្នាំសម្លាប់សត្វល្អិត​​ និងថ្នាំកម្ចាត់ស្មៅ ដែលបម្រើក្នុងវិស័យកសិកម្ម មានក្នុងទំហំ ២១៧,៨០ លានដុល្លារ ថយចុះ​ជាង១ភាគរយ។  ប្រភពជី និងថ្នាំកសិកម្មដែលកម្ពុជានាំចូលភាគច្រើន មកពី​ វៀតណាម ថៃ កូរ៉េ ជប៉ុន និងប្រទេសចិន ៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា