លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ប្រាក់បញ្ញើ​របស់​ពលករខ្មែរ​ដែល​កំពុងបម្រើ​ការងារ​នៅ​ក្រៅប្រទេស​​បានធ្លាក់ចុះ ២៣,៦ភាគរយ កាលពីឆ្នាំ២០២៥។ ការធ្លាក់ចុះនេះ​បន្ទាប់ពី​ពលករ​ជាង ៩០ម៉ឺននាក់ដែលធ្វើការងារនៅក្នុងប្រទេសថៃ បាននាំគ្នាវិលត្រឡប់មកកម្ពុជាវិញក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ។

Advertisement

របាយការណ៍​ដែល​ទើប​ចេញ​ផ្សាយ​កាលពីពេលថ្មីៗនេះ បានបង្ហាញថា ក្នុងឆ្នាំ២០២៥ ពលករដែលធ្វើការនៅក្រៅប្រទេសបានផ្ញើប្រាក់ជាង ២ពាន់លានដុល្លារ មកឲ្យគ្រួសារក្នុងប្រទេសកម្ពុជា ខណៈដែល​ក្នុងឆ្នាំ២០២៤ ពួកគេ​បាន​ផ្ញើប្រាក់មក​ក្រុមគ្រួសារ​រហូតដល់ជិត ៣ពាន់លានដុល្លារ។ ធនាគារជាតិ សង្កត់ធ្ងន់ថា បញ្ហានេះកំពុងជះឥទ្ធិពលដល់សេដ្ឋកិច្ចគ្រួសារនៅកម្ពុជា និងបង្កើតសម្ពាធថ្មីៗ លើទីផ្សារការងារក្នុងស្រុក។

បណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងសង្គម យល់ឃើញថា​ ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ដែលអាចប៉ះពាល់ដល់ចរន្តសេដ្ឋកិច្ចកម្ពុជា។ ប៉ុន្តែ លោកក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

លោកបណ្ឌិតបានបញ្ជាក់ថា​ ៖

«វាជួយបំពេញនូវកម្លាំងពលកម្មក្នុងទីផ្សារកម្ពុជា ក៏ចូលរួមចំណែកផងដែរក្នុងការរកចំណូល ចាយវាយ ក្នុងចរន្តសេដ្ឋកិច្ចកម្ពុជា»។

ចំណែក បណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានចាត់ទុកការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ គឺជាការបង្កើនឱកាសកម្ពុជា ក្នុងការទាញយកកម្លាំងពលកម្ម និងការបង្កើតអាជីវកម្មលក្ខណៈគ្រួសារក្នុងស្រុកបន្ថែមទៀត។

លោកបណ្ឌិតបន្តថា​ ៖

«ការវិលត្រឡប់នេះអាចបង្កើនឱកាសក្នុងការបង្កើតអាជីវកម្មតូចៗ និងការផ្ទេរជំនាញពីក្រៅប្រទេសមកអភិវឌ្ឍន៍វិស័យផលិតកម្មនៅកម្ពុជា»។

បើតាមធនាគារជាតិកម្ពុជា មុនពេលមានជម្លោះព្រំដែន ការផ្ញើប្រាក់ពីប្រទេសថៃ មានជាង ៧០ភាគរយ នៃលំហូរប្រាក់ពីបរទេសសរុប ប៉ុន្តែ ឆ្នាំ២០២៥ ការផ្ញើប្រាក់ពីថៃ ធ្លាក់មកត្រឹម ២៨ភាគរយ ប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី ក្រសួងការងារកម្ពុជា បានរាយការណ៍ថា ពលករខ្មែរត្រឡប់ពីថៃមកកម្ពុជា ប្រមាណ ៦៥ម៉ឺននាក់ហើយទទួលបានការងារធ្វើ ហើយ​កម្ពុជា កំពុងត្រូវការកម្លាំងពលកម្មច្រើនទៀតទាំងក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម។

យោងតាមរបាយការណ៍​របស់​ក្រសួងការងារ​កាលពីចុងខែមីនា ប្រាក់ខែ​អប្បបរមា​របស់​កម្មករ​នៅ​ក្នុងប្រទេស​កម្ពុជា មានកម្រិតខ្ពស់ជាង​នៅប្រទេសវៀតណាម ឡាវ ឥណ្ឌា និងប៉ាគីស្ថាន ប៉ុន្តែនៅមានកម្រិតទាប់ជាង​ប្រទេសហ្វ៊ីលីពីន និង​ប្រទេសថៃ។


ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ កាលពីឆ្នាំ ២០២៥ បានជះឥទ្ធិពលជាអវិជ្ជមាន​ដល់ពាណិជ្ជកម្មទ្វេភាគី ជាពិសេសពាណិជ្ជកម្មតាមព្រំដែន​របស់​ប្រទេសថៃ៕ ដោយ ៖ខន ណារី AMS

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា