កសិករ ​សេល ​រក្សា​ ​អាច​រក​ចំណូល​បាន​ដល់​ ​៣០០០​ ​ដុល្លារ​/​មួយ​ខែ ​ពីរបរ​ចិញ្ចឹម​កង្កែប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កសិករ ​សេល ​រក្សា​ ​អាច​រក​ចំណូល​បាន​ដល់​ ​៣០០០​ ​ដុល្លារ​/​មួយ​ខែ ​ពីរបរ​ចិញ្ចឹម​កង្កែប

កសិករ ​សេល ​រក្សា​ ​អាច​រក​ចំណូល​បាន​ដល់​ ​៣០០០​ ​ដុល្លារ​/​មួយ​ខែ ​ពីរបរ​ចិញ្ចឹម​កង្កែប

ការ​ចិញ្ចឹម​កង្កែប​លក្ខណៈ​គ្រួសារ​ ​គឺជា​មុខរបរ​មួយ​ជួយ​លើកកម្ពស់​ជីវភាព​បាន​យ៉ាង​ល្អ ​ដោយសារ​កង្កែប​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​។ ​ជាក់ស្តែង​ កសិករ​ចិញ្ចឹមកង្កែបមួយ​រូប​ ​នៅ​ស្រុក​សង្កែ ​ខេត្ត​បាត់ដំបង​ ​កំពុង​ទទួលបាន​ជោគជ័យ​យ៉ាង​ខ្លាំង​។​

Advertisement

​លោក​ ​សេល ​រក្សា​ ​ជា​កសិករ​ម្នាក់​រស់​នៅក្នុង​ភូមិ ​តា​ហែន ​២​ ​ឃុំ​រកា ​ស្រុក​សង្កែ ​ខេត្ត​បាត់ដំបង​ ​បាន​ចាប់​យក​មុខរបរ​ចិញ្ចឹម​កង្កែប​ជា​លក្ខណៈ​គ្រួសារ​ មាន​រយៈពេល​ជាង​ ៥​ ឆ្នាំ​មកហើយ​ ​ចាប់តាំងពី​ឆ្នាំ​ ​២០២១​ ​ហើយតាមរយៈ​ការ​ភ្ញាស់​កូន​កង្កែប​លក់​ ​និង​លក់​កង្កែប​សាច់​ទទួលបាន​ជោគជ័យ​ ​លោកអាច​រក​ប្រាក់​ចំណូល​ជា​មធ្យម​ ពី​ចំនួន​ ១៥០០​ ​ទៅ​ ​៣០០០​ ​ដុល្លារ​ ក្នុង​មួយ​ខែ​ ​ធ្វើឱ្យ​ជីវភាព​ក្នុង​គ្រួសារ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​។

​លោក​ ​រក្សា​ ​បាន​ឱ្យដឹង​ថា​ ការ​ចិញ្ចឹម​កង្កែប​យក​សាច់​ ​និង​ចិញ្ចឹម​កង្កែប​មេ​ពូជ​ភ្ញាស់​យក​កូន​លក់​ ​អាច​រក​ប្រាក់​ចំណូល​បន្ថែម​ ​ខណៈ​កង្កែប​ងាយស្រួល​ក្នុង​ការ​ចិញ្ចឹម​ ​ហើយ​ស្រួល​រក​ទីផ្សារ​ដែរ​។​ ក្រោយពេល​ធ្វើ​ការ​ភ្ញាស់​កូន​មួយ​វគ្គ​ៗ គឺទទួល​ការ​គាំទ្រ​ពី​អ្នកបញ្ជាទិញ​យក​ទៅ​ចិញ្ចឹម​យក​សាច់​លក់​បន្ត​។

​លោក​ ​រក្សា​ ​បាន​បន្ថែម​ថា​ ​បច្ចុប្បន្ន​ ​មុខរបរ​ចិញ្ចឹម​កង្កែប​របស់​លោក​នេះ​ ​គឺ​ធ្វើ​ទាំង​ព្រម ​ទាំង​ភ្ញាស់​យក​កូន​ដើម្បី​លក់​ ​និង​ចិញ្ចឹម​កង្កែប​យក​សាច់​ក្នុង​ការ​ចិញ្ចឹម​ឆ្លាស់​វិល​ជុំ ​ដោយ​មាន​អាង​សម្រាប់​ការ​ភ្ញាស់​ប្រមាណ​ជាង​ ​១០​ ​អាង​ និង​មាន​អាង​ចិញ្ចឹម​កង្កែប​យក​សាច់​ចំនួន​ប្រមាណ​ ​៥០​ ​អាង​។

​ទោះបីជា​មាន​ភាព​ប្រកួតប្រជែង​ រវាង​កសិករ​ក្នុង​ស្រុក​ក៏ដោយ​ចុះ​ ​ក៏​កសិករ​ភាគ​ច្រើន​ទទួលបាន​ជោគជ័យ​ ​អាច​រក​ប្រាក់​ចំណូល​លើកកម្ពស់​ដល់​ជីវភាព​គ្រួសារ​បាន​ល្អ​ប្រសើរ​។

​លោក​បាន​ឱ្យដឹង​ថា​ ​តាំងពី​លោក​ចាប់​យក​មុខរបរ​នេះ​មក​ ​គឺ​អាច​ផ្គត់ផ្គង់​ទីផ្សារ​មិន​លំបាក​ទេ ​ដោយ​បាន​ចែកចាយ​ស្ទើរ​គ្រប់​ខេត្ត​ក្រុង​ ​លើកលែងតែ​ខេត្ត​មណ្ឌលគីរី ​និង​ស្ទឹងត្រែង ​ដោយ​លោក​អាច​លក់​កង្កែប​សាច់​បោះ​ដុំ​ តាម​ត្រូវការ​ក្នុង​ ​១​ ​គីឡូក្រាម​តម្លៃ​ ​៦៥០០​ ​រៀល ​ហើយ​កូន​កង្កែប​ទំហំ​ប៉ុន​ៗ​មេ​ដៃ​កូន​មួយ​ តម្លៃ​ ​៣០០​ ​រៀល​។

​បច្ចុប្បន្ន ​កូន​កង្កែប​លក់​ចូល​ទីផ្សារ​ក្នុង​ ​១​ ​ថ្ងៃ​ ​ចាប់ពី​ ​១០០០​ ​កូន​ រហូត​ ​១០,០០០​កូន​ ​តាម​ការ​បញ្ជាទិញ​ ​និង​លក់​កង្កែប​សាច់​ចាប់ពី​ ​៥០​ ​ទៅ​ ​២៥០​ ​គីឡូក្រាម​ក្នុង​ ​១​ ​ថ្ងៃ​។ ​បើ​គិត​រយៈពេល​ ​១​ ​ខែ ​បាន​ចេញ​លក់​កង្កែប​សាច់​ចំនួន​ប្រមាណ​ពី​ ​២​-​៣​ ​តោន​។ ​ដូច្នេះ​ ប្រាក់​ចំណូល​ដែល​ទទួលបាន​ ​បើ​គិត​ជា​មធ្យម​ពី​ចំនួន​ ​១,៥០០​ ​ទៅ​ ​៣,០០០​ដុល្លារ​ ក្នុង​មួយ​ខែ​។ នេះបើយោងតាមការបញ្ជាក់របស់ ​លោក​ ​សេល ​រក្សា។

​លោក​  ​រក្សា​ ​បាន​និយាយ​ថា​ ​ការ​ចិញ្ចឹម​កង្កែប​យក​សាច់​ ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចិញ្ចឹម​ណាស់​ ​ហើយ​ក្នុង​ដំណាក់កាល​ ​ការ​ចិញ្ចឹម​មេ​ពូជ​ភ្ញាស់​យក​កូន​ក៏​មិន​ជា​ពិបាក​ប៉ុន្មាន​ទេ​។ ​ដំណាក់កាល​ពិបាក​ជាង​គេ​នោះ​ ​គឺ​ក្នុង​ពេល​ដែល​វា​ស្ថិត​នៅ​ជា​កូន​ក្អុក ​ពិបាក​ថែ ​និង​ងាយ​ងាប់​ តែ​បើ​អ្នក​ចិញ្ចឹម​ព្យាយាម​មើល​ថែ​ឱ្យ​បាន​ដិតដល់​ ​នោះ​គឺ​លទ្ធផល​បាន​ទៅ​តាម​ការ​មើល​ថែ​របស់​អ្នក​ចិញ្ចឹម​។

​លោក​ ​បាន​ឱ្យដឹង​ទៀត​ថា​ ​មិន​មាន​ភាព​ប្រឈម​ធំ​ដុំ​ទេ ​ព្រោះ​ងាយស្រួល​ថែទាំ ​ដោយ​គ្រាន់តែ​ប្តូរ​ទឹក​ឱ្យ​បាន​ទៀងទាត់​ និង​ផ្ដល់​ចំណី​ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់​ ​នោះ​ជា​ការ​ស្រេច​។ ​តែ​បើ​គិត​ទូទាត់​ទៅលើ​ចំណី ​និង​ការ​ចំណាយ​ផ្សេង​ៗ​ ​គឺ​មាន​ភាព​ធំធេង ​ព្រោះ​សម្រាប់​ការ​ចិញ្ចឹម​ឆ្លាស់​វិល​ជុំ ​មាន​ប្រភេទ​កង្កែប​ផ្សេងគ្នា​ ​ដែលលោក​ត្រូវ​ធ្វើ​ការងារ​នេះ​ម្នាក់ឯង​។

​លោក​រក្សា​បញ្ជាក់​ថា​ ​ការ​ផ្តល់​ចំណី​ប្រចាំ​ថ្ងៃ​សម្រាប់​កង្កែប​សាច់​ចំនួន​ ​១០០០​ ​កូន​ ​ដែល​កង្កែប​ទាំងនោះ​ពេញ​តម្រូវការ​ទីផ្សារ​ ​គឺ​ចំនួន​៤​ ​ទៅ​៦​ ​កង្កែប​ស្មើនឹង​ ​១​គីឡូក្រាម​ ​ដោយ​ប្រើ​ចំណី​មាន​គុណភាព​ចំនួន​ ​៥​ ការ៉ុង ​ដែល​ ​១​ ការ៉ុង​មាន​ទម្ងន់​ ​២៥​ ​គីឡូក្រាម​ និង​មាន​តម្លៃ​ ​២១​ ​ដុល្លារ​។

​គួរឱ្យដឹងផងដែរ​ថា​ ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ ​និង​នេសាទ ​បាន​លើកទឹកចិត្ត​ដល់​ប្រជាកសិករ​ ​ដែល​រស់​នៅ​តាម​ទី​ជនបទ ​ខិតខំ​អភិវឌ្ឍ​វិស័យ​វារី​វប្បកម្ម​ តាមរយៈ​ការ​ចិញ្ចឹម​ត្រី​ ​បង្កង​ ក្ដាម​ កង្កែប​ និង​ប្រភេទ​សត្វ​ទឹក​សាប​ផ្សេង​ៗ​ទៀត​ ​សម្រាប់​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ឱ្យ​បាន​កាន់តែ​ច្រើន​  ​ក្រសួង​កសិកម្ម​ ​បាន​យកចិត្តទុកដាក់​ជំរុញ​ការងារ​ស្រាវជ្រាវ​ និង​បង្កាត់​ពូជ​ ​ថែ​បំប៉ន ​និង​បង្កាត់​ភ្ញាស់​នូវ​ប្រភេទ​វារី​សត្វ​កម្រ ​និង​មាន​តម្លៃ​សេដ្ឋកិច្ច​ ​ដើម្បី​ផ្គត់ផ្គង់​ ​និង​ចែកចាយ​ដល់​វារី​វប្បករ​ផងដែរ​៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា