អ្នកជំនាញ៖ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ទៅកាន់ទីក្រុងកាហ្សាន គឺជាការបោះជំហានដ៏ឆ្លាតវៃមួយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញ៖ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ទៅកាន់ទីក្រុងកាហ្សាន គឺជាការបោះជំហានដ៏ឆ្លាតវៃមួយ

អ្នកជំនាញ៖ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ទៅកាន់ទីក្រុងកាហ្សាន គឺជាការបោះជំហានដ៏ឆ្លាតវៃមួយ

ភ្នំពេញ៖ អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច លោកបណ្ឌិត ញិល រដ្ឋា បានប្រាប់បណ្តាញសារព័ត៌មាន AMS ថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី គឺជាការបោះជំហានដ៏ឆ្លាតវៃមួយក្នុងការ «សម្របខ្លួនទៅនឹងការប្រែប្រួលនៃសណ្តាប់ធ្នាប់សកល»។

Advertisement

សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ដើម្បីប្រារព្ធខួបលើកទី ៣៥ នៃទំនាក់ទំនងដៃគូកិច្ចសន្ទនាអាស៊ាន-រុស្ស៊ី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី តបតាមការអញ្ជើញរបស់លោក វាឌីមៀ ពូទីន ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី។

លោកបណ្ឌិត ញិល រដ្ឋា បានលើកឡើងថា ទាក់ទងនឹងវិស័យសេដ្ឋកិច្ច ដំណើរទស្សនកិច្ចនេះអាចជាការស្តារពាណិជ្ជកម្មទ្វេភាគី។ ទំហំពាណិជ្ជកម្មកម្ពុជា-រុស្ស៊ីបានធ្លាក់ពី ២៣៩ លានដុល្លារ (២០២១) មកត្រឹម ជាង ៥៥ លានដុល្លារ ដោយសារភូមិសាស្ត្រនយោបាយ និងទណ្ឌកម្ម។

លោកបណ្ឌិត បានថ្លែងថា៖

“វត្តមានគណៈប្រតិភូវិស័យឯកជនជាមួយ  សម្តេចធិបតី គឺដើម្បីស្វែងរកទីផ្សារថ្មីសម្រាប់ទំនិញកម្ពុជា (គ្រាប់ស្វាយចន្ទី វាយនភ័ណ្ឌ) ទៅកាន់រុស្ស៊ី និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី EAEU (The Eurasian Economic Union)ដែលមានសមាជិក ៥ ប្រទេសប្រជាជន ១៨០ លាននាក់។ ពាក់ព័ន្ធនឹងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី( FTA) ជាមួយ EAEU កម្ពុជាកំពុងជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីលុបរបាំងពន្ធ និងពង្រីកការនាំចេញប្រកបដោយចីរភាព។”

លោកបានលើកឡើងថា បញ្ហាប្រឈមធំបំផុតគឺការទូទាត់ (យន្តការហិរញ្ញវត្ថុជំនួស SWIFT)។ កម្ពុជាកំពុងស្វែងរកការប្រើប្រាស់រូបិយប័ណ្ណក្នុងតំបន់ (រៀល/រូប្លិ៍/យ័ន) និងប្រព័ន្ធឌីជីថល ដើម្បីជៀសវាងទណ្ឌកម្មបន្ទាប់បន្សំ (Secondary Sanctions) ពីលោកខាងលិច។

ទាក់ទងនឹងភូមិសាស្ត្រនយោបាយ លោកបណ្ឌិត បានបញ្ជាក់ថា កម្ពុជាបញ្ជាក់ពីអព្យាក្រឹតភាព និងឯករាជ្យភាព។ ការចូលរួមនេះ បន្ទាប់ពីកម្ពុជាបានស្វាគមន៍នាវាអាម៉េរិក និងសហការជាមួយចិន គឺជាសារច្បាស់លាស់ថា កម្ពុជាមិនឈរជើងជាមួយមហាអំណាចណាមួយឡើយ។ ភ្នំពេញរក្សាសិទ្ធិក្នុងការធ្វើពិពិធកម្មដៃគូ ដើម្បីផលប្រយោជន៍ជាតិ។

វេទិកា នឹងផ្តោតទៅលើការពង្រឹងតួនាទីស្នូលរបស់អាស៊ាន (ASEAN Centrality)។ អាស៊ានដើរតួជា “អ្នកសម្របសម្រួល” ក្នុងការប្រជែងអំណាច ដោយផ្តោតលើកិច្ចសហប្រតិបត្តិការបច្ចេកទេស (ថាមពល ឌីជីថល សន្តិសុខស្បៀង) ជាជាងបញ្ហានយោបាយមនោគមវិជ្ជា។

លោកបណ្ឌិត ញិល រដ្ឋា បានបញ្ជាក់ថា៖

“កិច្ចប្រជុំកំពូលនេះ ទោះបីជាមានតែ ៦ លើកប៉ុណ្ណោះក្នុងរយៈពេល ៣៥ ឆ្នាំ ប៉ុន្តែវាជាយន្តការដ៏សំខាន់មួយសម្រាប់អាស៊ាន និងរុស្ស៊ី ក្នុងការថែរក្សាទំនាក់ទំនងយុទ្ធសាស្ត្រ និងកសាងស្ពានសេដ្ឋកិច្ចថ្មីៗ។ សម្រាប់កម្ពុជា ការចូលរួមរបស់សម្តេចធិបតី មិនត្រឹមតែជួយពង្រឹងទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីតួនាទីសកម្មរបស់កម្ពុជាក្នុងការរក្សាតុល្យភាពភូមិ​សាស្ត្រ​នយោបាយ និងស្វែងរកផលប្រយោជន៍សេដ្ឋកិច្ចជាក់ស្តែងសម្រាប់ប្រទេសជាតិ។”

គួរជម្រាបថា អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី រួមមាន៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួនព្រមទាំងតំណាងធុរជនកម្ពុជា​ផងដែរ។

ក្នុងការប្រារព្ធខួបលើកទី៣៥ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-រុស្ស៊ី កិច្ចប្រជុំកំពូលនេះ គឺជាកាលានុវត្តភាពដ៏សំខាន់ ក្នុងការកំណត់ទិសដៅជំរុញបន្ថែមទៀតនូវភាព ជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី។ ថ្នាក់ដឹកនាំក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ដើម្បី ចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងក្រៅតំបន់។

សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងចូលរួមព្រឹត្តិការណ៍អមផ្សេងៗ ព្រមទាំងនឹងមានជំនួបទ្វេភាគីមួយចំនួន ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពហុភាគី ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យដែលផ្តល់ផលប្រយោជន៍រួម និងមានអត្ថប្រយោជន៍ទៅវិញទៅមក៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា