អ្នកជំនាញ ៖ ការទិញអចលនទ្រព្យក្នុងឆ្នាំ២០២៦ កុំផ្ដោតលើ​ទ្រព្យ​ដែលមានប្រាក់ចំណេញ តែត្រូវ​ស្វែងរកទ្រព្យណា​ដែលផ្ដល់​ចំណូល​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញ ៖ ការទិញអចលនទ្រព្យក្នុងឆ្នាំ២០២៦ កុំផ្ដោតលើ​ទ្រព្យ​ដែលមានប្រាក់ចំណេញ តែត្រូវ​ស្វែងរកទ្រព្យណា​ដែលផ្ដល់​ចំណូល​

អ្នកជំនាញ ៖ ការទិញអចលនទ្រព្យក្នុងឆ្នាំ២០២៦ កុំផ្ដោតលើ​ទ្រព្យ​ដែលមានប្រាក់ចំណេញ តែត្រូវ​ស្វែងរកទ្រព្យណា​ដែលផ្ដល់​ចំណូល​

ភ្នំពេញ ៖ ក្នុងស្ថានភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន​ ការ​ទិញ​អចលនទ្រព្យ​គឺជា​រឿង​ងាយស្រួល ប៉ុន្តែវា​ពិបាក​នៅពេល​ត្រូវការលក់​វិញ ហើយពេលខ្លះ​ ម្ចាស់​អចលនទ្រព្យត្រូវ​បង្ខំ​ចិត្ត​លក់​ក្រោមតម្លៃទីផ្សារ ឬ​លក់ទាំង​ខាតដើម ។ ត្រង់ចំណុចនេះ អ្នកជំនាញអចលនទ្រព្យ​បានផ្ដល់យោបល់​ដល់អ្នកកំពុងស្វែងរកទិញអចលនទ្រព្យ​ថា សូមកុំផ្ដោតលើទ្រព្យ​ណាដែល​មានប្រាក់ចំណេញភ្លាមៗ ប៉ុន្តែត្រូវស្វែងរកទ្រព្យ​ណាដែលអាចមានប្រាក់ចំណូល ហើយចំណូលក្នុងរយៈពេលវែង។

Advertisement

អ្នក​ស្រី អាន សុធីតា អគ្គនាយិកា​ក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍ថា ការទិញ​អចលនទ្រព្យក្នុងឆ្នាំ២០២៦​នេះ ឬក្នុងពេល​បច្ចុប្បន្ន​ អ្នកទិញ​អចលនទ្រព្យត្រូវ​សម្លឹង​រកអចលនទ្រព្យ​ណា​ដែលអាច​ផ្ដល់ចំណូល​បាន ដោយកុំ​ផ្ដោតតែលើ​ទ្រព្យ​ណាដែល​មានតែប្រាក់ចំណេញ ពោលគឺត្រូវ​ស្វែងរកអចលនទ្រព្យ​នៅទីតាំង​ដែល​អាច​ដាក់ជួល ឱ្យ​អាជីវករ ឬ​ធុរជនបាន ។

អ្នកស្រីបន្តថា ការទិញអចលនទ្រព្យក្នុងពេល​បច្ចុប្បន្ន​នេះគឺងាយស្រួល​ ពីព្រោះតែមានការដាក់លក់​ច្រើន ប៉ុន្តែនៅពេលចង់លក់​វិញ គឺពិបាកខ្លាំងណាស់ ។ ក្នុងពេល​បច្ចុប្បន្ននេះ អ្នកទិញ​អចលនទ្រព្យ​មានអំណាច​ក្នុង​ការ​ចរចា​ និង​ស្វែងរក​បាននូវទីតាំង​ល្អ​ៗ ។

អ្នក​ស្រីបញ្ជាក់ថា​ ៖

« យើងត្រូវចាំថា អចលនទ្រព្យ​ គឺជាប្រភេទទ្រព្យ​ដែលមិនងាយលក់ចេញទេ​ក្នុងពេលបច្ចុប្បន្ន មានន័យថា ​ជាប្រភេទទ្រព្យ​ដែលមិនងាយផ្លាស់ប្តូរចេញជា​សាច់ភ្លាមៗនោះទេ ដូច្នេះហើយ​ អ្នកទិញអចលនទ្រព្យ​ត្រូវ​ចេះបង្ការខ្លួន​ឯង ត្រូវ​មានលុយខ្លះ​ត្រៀមទុក​ចំណាយ​ និងមានលុយ​សម្រាប់ទុកដំណើរ​ការអាជីវកម្ម​ផ្សេងទៀត​ »​។​

អ្នកស្រីបន្ថែមថា​ ការ​វិនិយោគអចលនទ្រព្យ ​មិនថា​បច្ចុប្បន្ន​ និងទៅអនាគត​ គឺត្រូ​វបែងចែងឱ្យបានច្រើន​ប្រភេទអចលនទ្រព្យ ដោយមិនត្រូវ​ដាក់ទុនលើ​ប្រភេទអចលនទ្រព្យតែមួ​យ ។ ការ​វិនិយោគលើ​ច្រើន​ប្រភេទអចលនទ្រព្យ​នឹងអាច​ឱ្យ​អ្នក​វិនិយោគរកចំណូល​បានផង និងរក​ប្រាក់​ចំណេញបានផង​ ហើយក៏គួរតែ​វិនិយោគនៅលើទីតាំងផ្សេងៗគ្នា ដោយមិនត្រូវ​ប្រមូល​នូវទីតាំង​តែមួយនោះដែរ ។​

លោក​ ចេង វុទ្ធី អគ្គនាយកក្រុមហ៊ុន​ INVA Real Estate Investment and Valuation បានប្រាប់បណ្ដាញព័ត៌មាន​ AMS ដែរថា​ ក្នុងស្ថានភាព​បច្ចុប្បន្ន​នេះ អ្នកវិនិយោគគួរតែ​ចាប់ផ្ដើម​ធ្វើសកម្មភាព​ ដើម្បីទទួលបានឱកាស​រកប្រាក់ចំណេញនៅឆ្នាំខាង​មុខ​ ពីព្រោះថា​ឆ្នាំ២០២៦នេះ វិស័យអចលនទ្រព្យ​កំពុងតែវិលទៅរក​ភាពល្អឡើងវិញជាបណ្រើៗ ប្រៀបដូច​ជាជំងឺ​ដែលកំពុងតែប្រសើរឡើងបន្តិចម្ដងៗ ហើយអាច​នឹង​ប្រសើ​រកាន់តែខ្លាំង​នៅឆ្នាំ២០២៧ ឬ ឆ្នាំ២០២៨ខាងមុខនេះ។​

លោកបន្តថា​ ៖

«វិស័យអចលនទ្រព្យ​វា​មិនអាច​ធ្លាក់​នៅក្រោមនេះទៀតទេ ផ្ទុយទៅវិញ​ វា​នឹង​ងើបឡើង​វិញ​បណ្ដើរៗ​ ដែលជាឱកាស​សម្រាប់អ្នកស្វែងរកអចលនទ្រព្យ ជាពិសេស​អចលនទ្រព្យ​ដែលមានតម្លៃក្រោមទីផ្សារ និងស្ថិតនៅទីតាំងល្អៗ ។​ បច្ចុប្បន្ន​ អ្នកទិញមាន​អំណាច​ខ្ពស់​ក្នុងការចរចា និងស្វែងរកទីតាំង​ល្អៗ ហើយម្យ៉ាងវិញទៀត​ អចលនទ្រព្យ​ដែលបានប្រកាសដាក់​លក់​ពេល​នេះ ភាគច្រើន​គឺដាក់​លក់​ក្រោមតម្លៃទីផ្សារ ដែលជា​ឱកាសល្អសម្រាប់អ្នកស្វែងរក​ទិញអចលនទ្រព្យ ដើម្បីចំណេញ» ។​

គួរ​បញ្ជាក់ថា វិស័យ​អចលនទ្រព្យកម្ពុជា​ បាន​ផ្ដើម​ជួបប្រទះនឹង​បញ្ហា​ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ ក្នុងអំឡុ​ឆ្នាំ២០២០ ហើយបានអូស​បន្លាយជា​បន្ត​បន្ទាប់រហូតដល់បច្ចុប្បន្ន​ ។​ ប៉ុន្តែ ទោះជា​យ៉ាងណា អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​បានបញ្ជាក់ថា បើទោះបីវិស័យ​នេះជួប​បញ្ហា​យ៉ាងណាក៏ដោយ ក៏​វានៅតែមានដំណើរការ​ទិញ-លក់ និងវិនិយោគ​ជា​បន្ត​បន្ទាប់ ជាពិសេស​លើដីធ្លីសម្រាប់​បម្រើ​ក្នុងវិស័យ​ឧស្សាហកម្ម​ ដោយ​សារតែកំណើន​នៃការ​វិនិយោគលើ​ឧស្សាហកម្ម​កើនឡើង​ខ្ពស់ ទាំង​ក្នុង​តំបន់​សេដ្ឋកិច្ចពិសេស និង​ក្រៅតំបន់សេដ្ឋកិច្ចពិសេស ៕​

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា