អឺរ៉ុប ​ត្រៀម​ជួប​ចិន​នៅ​ប៉េកាំង ​​គោលដៅ​ទប់ស្កាត់​សង្គ្រាម​ពាណិជ្ជកម្ម​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អឺរ៉ុប ​ត្រៀម​ជួប​ចិន​នៅ​ប៉េកាំង ​​គោលដៅ​ទប់ស្កាត់​សង្គ្រាម​ពាណិជ្ជកម្ម​

អឺរ៉ុប ​ត្រៀម​ជួប​ចិន​នៅ​ប៉េកាំង ​​គោលដៅ​ទប់ស្កាត់​សង្គ្រាម​ពាណិជ្ជកម្ម​

​បរទេស​៖ ​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម​របស់​សហ​ភាព​អឺរ៉ុប ​លោក​ ​Maros ​Sefcovic ​នឹង​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ ​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ចិន​រយៈពេល​ ២ ​ថ្ងៃ ​ក្នុង​គោលបំណង​ទប់ស្កាត់​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​អាច​កើតមាន​។ ​នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​ ​CNA​។

​យ៉ាងណាក្តី​ ​អ្នក​វិភាគ​មើល​ឃើញ​ថា​ ​កិច្ច​ពិភាក្សា​នៅ​សប្តាហ៍​នេះ​អាច​សម្រេចបាន​ត្រឹមការ​ជជែក​ត្រូវ​គ្នា​លើ​បញ្ហា​តូចតាច​មួយ​ចំនួន​ប៉ុណ្ណោះ​ ​ខណៈ​ការ​ឈាន​ទៅ​រក​កិច្ចព្រមព្រៀង​ធំ​ៗ​អាច​មាន​ការ​លំបាក​។ ​ប្រទេស​សមាជិក​មួយចំនួន​ ​ដូចជា​ អាល្លឺម៉ង់ ​ក៏​នៅតែ​មាន​ភាព​ប្រុងប្រយ័ត្ន​ខ្ពស់ ​ដោយសារ​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ខ្លួន​ ​និង​មាន​ការ​ព្រួយបារម្ភ​អំពី​ផលប៉ះពាល់​កាន់តែ​ខ្លាំង​ដល់​សេដ្ឋកិច្ច​។

​បច្ចុប្បន្ន​ ​សហ​ភាព​អឺរ៉ុប​កំពុង​បង្កើន​ជំហរ​ម៉ឺងម៉ាត់​ប្រឆាំង​នឹង​ទីក្រុង​ប៉េកាំង​ ​ដើម្បី​ការពារ​ក្រុមហ៊ុន​ក្នុង​ស្រុក​ពី​ការ​ប្រកួតប្រជែង​មិន​ស្មើ​ភាព​នៅក្នុង​វិស័យ​សំខាន់​ៗ​ជា​ច្រើន​ ​ជាពិសេស​វិស័យ​ផលិត​រថយន្ត​។ ​មេ​ដឹកនាំ​ ​និង​អ្នក​វិភាគ​នៅ​អឺរ៉ុប​ជា​ច្រើន​ក៏​កាន់តែ​ព្រួយបារម្ភ​អំពី​វិបត្តិ ​«​China ​Shock ​2​.​0​» ​ដែល​អាច​កើតឡើង​ជា​លើក​ទី​ពីរ ​ដោយសារ​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់​របស់​ចិន​កំពុង​គំរាមកំហែង​ដល់​ឧស្សាហកម្ម​ប្រពៃណី​របស់​អឺរ៉ុប​។​

​វិបត្តិ​នេះ​អាច​ធ្ងន់ធ្ងរ​ជាង​វិបត្តិ​លើក​ទី​មួយ​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​ ​២០០០ ​ដែល​ពេលនោះ​ចិន​បាន​នាំចេញ​ទំនិញ​ថោក​ៗ​ ​និង​មាន​បច្ចេកវិទ្យា​ទាប​ជា​ចម្បង​។

​ទន្ទឹម​នឹង​នេះ​ ​គោលដៅ​ចម្បង​របស់​សហ​ភាព​អឺរ៉ុប ​គឺ​ចង់​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន ​ដែល​បាន​កើនឡើង​ដល់​ប្រមាណ​ ​៣៦០ ពាន់​លាន​អឺរ៉ូ ​ឬ​ជិត​ ៤០៤ ពាន់​លាន​ដុល្លារ​ ​ក្នុង​ឆ្នាំ​ ​២០​២៥ ​ដោយសារ​ការ​នាំចូល​ទំនិញ​ពី​ចិន​ច្រើន​លើសលប់ ​ដូចជា​ ​គ្រឿង​ចក្រ​ ​ក្រណាត់​ ​សម្លៀកបំពាក់​ លោហធាតុ​ និង​សារធាតុ​គីមី​។

​ក្នុង​ជំនួប​នេះ​ ​លោក​ ​Maros ​Sefcovic ​នឹង​បង្ហាញ​គោលដៅ​ធំ​ៗ​ចំនួន​ ៣ ​របស់​សហ​ភាព​អឺរ៉ុប រួម​មាន​ ការ​ទប់ស្កាត់​ការ​កើនឡើង​នៃ​ទំនិញ​នាំចេញ​ពី​ចិន​ចូល​ទីផ្សារ​អឺរ៉ុប​ ការ​បង្កើន​ការ​នាំចេញ​ទំនិញ​ពី​អឺរ៉ុប​ទៅកាន់​ចិន ​និង​ការ​បង្កើត​ប្រព័ន្ធ​អាជ្ញាប័ណ្ណ​នាំចេញ​សម្រាប់​រ៉ែ​កម្រ ​បន្ទាប់ពី​ចិន​បាន​រឹតបន្តឹង​ការ​នាំចេញ​រ៉ែ​ទាំងនោះ​កាលពី​ឆ្នាំ​មុន​។

​សហ​ភាព​អឺរ៉ុប​សង្ឃឹម​ថា​ ​ចិន​នឹង​ស្ម័គ្រចិត្ត​កាត់បន្ថយ​កូតា​នាំចេញ ​ដូចជា​ ​រថយន្ត​កូន​កាត់​ Hybrid ​ជាដើម​។ ​ប៉ុន្តែ​ ភាគី​ចិន​បាន​បដិសេធ​ដាច់ខាត​ចំពោះ​ការ​កំណត់​កូតា​នាំចេញ​នេះ​ ​ដោយសារ​សេដ្ឋកិច្ច​របស់​ខ្លួន​កំពុង​ប្រឈម​នឹង​តម្រូវការ​ក្នុង​ស្រុក​ខ្សោយ ​ដែល​ធ្វើឱ្យ​ចិន​ចាំបាច់​ត្រូវ​ពឹងផ្អែក​ខ្លាំង​លើ​ការ​នាំចេញ ​ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច​។

​ទោះជា​យ៉ាងណា​ ​សហ​ភាព​អឺរ៉ុប​ក៏​មិន​រំពឹង​ថា​នឹង​មាន​ការ​ផ្លាស់ប្តូរ​ខ្លាំងក្លា​ពី​ភាគី​ចិន​ដែរ​។ ​ដូច្នេះ​ ​សហ​ភាព​អឺរ៉ុប​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​ការពារ​ពាណិជ្ជកម្ម​ថ្មី​ៗ ​ដែល​ស្រដៀង​នឹង​ច្បាប់​ Section 301 ​របស់​អាម៉េរិក​ ​ដែល​អនុញ្ញាតឱ្យ​មាន​ការ​ស៊ើបអង្កេត ​និង​ដាក់​ពន្ធ​សង​សឹក​លើ​សកម្មភាព​ពាណិជ្ជកម្ម​អយុត្តិធម៌ ​ព្រមទាំង​ផ្តល់​ថវិកា​ជួយ​ក្រុមហ៊ុន​អឺរ៉ុប​ឱ្យ​ស្វែងរក​ប្រភព​ផ្គត់ផ្គង់​ផ្សេង​ក្រៅ​ពី​ចិន​។

​ទីក្រុង​ប៉េកាំង​បាន​ព្រមាន​ថា​ ​ខ្លួន​នឹង​ឆ្លើយតប​វិញ​យ៉ាង​ម៉ឺងម៉ាត់ ​ដោយ​កន្លង​មក​ចិន​ក៏​ធ្លាប់​ដាក់​ពន្ធ​សង​សឹក​លើ​ស្រា​កូញ៉ាក់​របស់​អឺរ៉ុប ​និង​ស៊ើបអង្កេត​លើ​ការ​នាំចូល​សាច់​ជ្រូក​ ​និង​ផលិតផល​ទឹកដោះគោ​ពី​អឺរ៉ុប​រួច​មក​ហើយ​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា