អន្ទង់​ចិញ្ចឹម​ក្នុង​ស្រុក​មាន​តម្លៃ​ខ្ពស់ ​​ប៉ុន្តែ​ប្រឈម​ការ​ប្រកួតប្រជែង​ពី​អន្ទង់​នាំចូល​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អន្ទង់​ចិញ្ចឹម​ក្នុង​ស្រុក​មាន​តម្លៃ​ខ្ពស់ ​​ប៉ុន្តែ​ប្រឈម​ការ​ប្រកួតប្រជែង​ពី​អន្ទង់​នាំចូល​

អន្ទង់​ចិញ្ចឹម​ក្នុង​ស្រុក​មាន​តម្លៃ​ខ្ពស់ ​​ប៉ុន្តែ​ប្រឈម​ការ​ប្រកួតប្រជែង​ពី​អន្ទង់​នាំចូល​

​ភ្នំពេញ​៖​ ​មុខរបរ​ចិញ្ចឹម​អន្ទង់​សាច់​នៅ​កម្ពុជា​មាន​សក្ដានុពល​បង្កើន​ប្រាក់​ចំណូល​កសិករ ​ដោយសារ​មាន​តម្រូវការ​ទីផ្សារ​ ​និង​តម្លៃ​លក់​អាច​ឡើង​ដល់​ ៤ ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ​ទោះជា​យ៉ាងណា​ ​កសិករ​ក្នុង​ស្រុក​កំពុង​ប្រឈម​សម្ពាធ​ប្រកួតប្រជែង​ពី​អន្ទង់​ចិញ្ចឹម​នាំចូល​ពី​ប្រទេស​វៀតណាម ​ដែល​មាន​តម្លៃ​ថោក​ជាង ​និង​ធ្វើឱ្យ​ទីផ្សារ​កាន់តែ​ចង្អៀត​។

​តាម​ការ​អង្កេត​ទីផ្សារ ​អន្ទង់​ជា​វារី​សត្វ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់​ ​និង​មាន​ការ​ពេញនិយម​ពី​អ្នក​បរិភោគ​។ ​នៅលើ​ទីផ្សារ​ទូទៅ ​អន្ទង់​សាច់​អាច​លក់​បាន​ក្នុង​តម្លៃ​ចន្លោះ​ពី​ ​២៥​ ០០០​ ​ទៅ​ ៤០​ ០០០​ រៀល​ក្នុង​មួយ​គីឡូក្រាម​ ​អាស្រ័យ​លើ​ទំហំ​។ ​ផ្ទុយ​ទៅវិញ​ ​អន្ទង់​ចិញ្ចឹម​នាំចូល​ពី​វៀតណាម​មាន​តម្លៃ​ត្រឹម​ ​១៤​ ០០០​ ​ទៅ​ ​១៥​ ០០០​ រៀល​ក្នុង​មួយ​គីឡូក្រាម ​ដែល​បង្កើន​សម្ពាធ​លើ​កសិករ​ចិញ្ចឹម​ក្នុង​ស្រុក​។

​លោក​ ពិន​ ​ប្រសើរ​ ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​អន្ទង់​គំរូ ​ស្ថិត​នៅ​ភូមិ​គោក​ជួន ​ឃុំ​ពួក​ ​ស្រុក​ពួក​ ​ខេត្ត​សៀមរាប​ ​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ AMS ថា​ ​បច្ចុប្បន្ន​ទីផ្សារ​អន្ទង់​មាន​សភាព​ចង្អៀត​ ​ដោយសារ​ការ​នាំចូល​អន្ទង់​ពី​ប្រទេស​ជិតខាង​ក្នុង​បរិមាណ​ច្រើន​ ​ធ្វើឱ្យ​កសិករ​ក្នុង​ស្រុក​ពិបាក​លក់​ក្នុង​តម្លៃ​ខ្ពស់​។ ​បញ្ហា​នេះ​ក៏​បាន​ធ្វើឱ្យ​លោក​ត្រូវ​ផ្អាក​គម្រោង​រៀបចំ​ទីតាំង​បង្កាត់​ពូជ​អន្ទង់​ក្នុង​ស្រុក​ ​ដែល​មាន​គោលបំណង​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ការ​នាំចូល​ពូជ​ពី​ខាង​ក្រៅ​។

​លោក​បាន​មានប្រសាសន៍​ថា​៖​ ​«​បញ្ហា​ទីផ្សារ​អន្ទង់​សព្វ​ថ្ងៃ​ចង្អៀត ​ដោយសារ​អន្ទង់​ត្រូវ​បាន​នាំចូល​ពី​ប្រទេស​វៀតណាម​ក្នុង​ចំនួន​មួយ ​ដែល​ធ្វើឱ្យ​កសិករ​ចិញ្ចឹម​អន្ទង់​លក់​មិន​បាន​តម្លៃ​ខ្ពស់​ ​ហើយ​ក៏​ទើបតែ​កើតមាន​នៅ​ឆ្នាំ​នេះ​ទេ​»​។​

​ទោះបី​ជា​ប្រឈម​បញ្ហា​ទីផ្សារ​ក៏​ដោយ​ ​លោក​ ពិន​ ​ប្រសើរ ​ដែល​មាន​បទពិសោធន៍​ចិញ្ចឹម​អន្ទង់​ជាង​ ​៣ ​ឆ្នាំ ​បាន​បន្ត​អភិវឌ្ឍ​កសិដ្ឋាន​របស់​ខ្លួន​ ​ដោយ​បច្ចុប្បន្ន​មាន​អាង​ចិញ្ចឹម​ចំនួន​ ២១ ​និង​អន្ទង់​សរុប​ជាង​ ៦ ​ម៉ឺន​ក្បាល​។ ​លោក​បាន​អនុវត្ត​បច្ចេកទេស​ចិញ្ចឹម​ក្នុង​អាង​ស៊ីម៉ង់ត៍ ​ដោយ​ដាក់​អន្ទង់​រហូតដល់​ ៧០០ ​ក្បាល​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ​ខ្ពស់​ជាង​កម្រិត​ទូទៅ​ដែល​មាន​ប្រមាណ ៥០០ ​ក្បាល​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​។

តាម​បទ​ពិសោធន៍​របស់​លោក​ ការ​ចិញ្ចឹម​អន្ទង់​ក្នុង​អាង​ប្លាស្ទិក​គួរ​ដាក់​កូន​អន្ទង់​ប្រមាណ​ ៥០០ ​ក្បាល​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ​ដើម្បី​ជួយ​ធានា​អត្រា​រស់​របស់​កូន​ពូជ ​កាត់បន្ថយ​ការ​ចំណាយ​ពេល​ ​និង​ទទួល​បាន​ទិន្នផល​ល្អ​។ ការ​លែង​កូន​អន្ទង់​ចូលក្នុង​អាង​គួរ​ធ្វើ​នៅពេល​អាកាសធាតុ​ត្រជាក់ ​ដូចជា​ពេលព្រឹក​ ​ឬ​រសៀល ​ដោយ​លែង​សន្សឹម​ៗ​ ​និង​បន្ថែម​ទឹក​ចូលក្នុង​ថង់​ ​ឬ​ធុង​បន្តិច​ម្ដង​ៗ ​ដើម្បីឱ្យ​អន្ទង់​ស៊ាំ​នឹង​បរិស្ថាន​ថ្មី​។

​លោក​បាន​បញ្ជាក់​ថា​ ការ​ចិញ្ចឹម​អន្ទង់​ត្រូវ​ចំណាយ​ពេល​ប្រមាណ ៨ ​ខែ ​ទើប​អាច​ប្រមូល​ផល​បាន​ ​ដោយ​អន្ទង់​មួយ​ក្បាល​មាន​ទម្ងន់​ចន្លោះ​ពី​ ​១៥០ ​ទៅ​ ​២២០ ​ក្រាម ​និង​ទទួល​បាន​ទិន្នផល​ពី​ ​៣០០ ​ទៅ​ ​៤០០​ ​គីឡូក្រាម​ក្នុង​មួយ​អាង​។

​ចំពោះ​ការ​ថែទាំ ​អន្ទង់​ត្រូវការ​ទឹក​ស្អាត ​និង​ចំណី​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់​ ​ដូចជា​ កាក​សំណល់​ត្រី​ ​ខ្យង ​និង​ជន្លេន​ ​លាយ​ជាមួយ​កន្ទក់ ​ម្សៅ​ត្រី​ ​និង​ម្សៅ​មី​។​ ​កសិដ្ឋាន​របស់​លោក​ចំណាយ​ចំណី​ប្រមាណ​ ​២៥ ​ទៅ​ ​៣០​ ​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ​ ​ស្មើនឹង​ថវិកា​ប្រមាណ​ ​២៥ ​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​។

​ដោយ​អនុវត្ត​ការ​ចិញ្ចឹម​ជា​លក្ខណៈ​វិលជុំ ​លោក​អាច​ប្រមូល​ ​និង​ផ្គត់ផ្គង់​អន្ទង់​ទៅ​ទីផ្សារ​បាន​ប្រមាណ​ ​៣០​ គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ ​ក្នុង​តម្លៃ​បោះ​ដុំ​ចន្លោះ​ពី​ ​១៤​ ០០០ ​ទៅ​ ​១៦​ ០០០​ រៀល​ក្នុង​មួយ​គីឡូក្រាម​ ​ឬ​ប្រហែល​ ៤ ​ដុល្លារ​អាម៉េរិក​។​

​ទោះ​បី​ការ​ចិញ្ចឹម​អន្ទង់​ក្នុង​អាង​ប្លាស្ទិក ​និង​អាង​ស៊ីម៉ង់ត៍​ជារបរ​ដែល​អាច​អនុវត្ត​បាន​នៅ​តាម​តំបន់​ផ្សេង​ៗ ​និង​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ក៏​ដោយ​ ​ក៏​ការ​ប្រកួតប្រជែង​តម្លៃ​ជាមួយ​អន្ទង់​នាំចូល​នៅតែ​ជា​បញ្ហា​ប្រឈម​សម្រាប់​កសិករ​ក្នុង​ស្រុក​។

តាម​ការ​សង្កត់ធ្ងន់​របស់​អ្នក​ជំនាញ ​និង​កសិករ​គំរូ ​ដើម្បី​ធានា​ចីរភាព​នៃ​មុខរបរ​នេះ​ ​និង​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ជាមួយ​ផលិតផល​នាំចូល​ ​កម្ពុជា​ចាំបាច់​ត្រូវ​បង្កើត​ខ្សែ​ច្រវាក់​ផលិតកម្ម​ពូជ​អន្ទង់​ក្នុង​ស្រុក​ដោយ​ខ្លួនឯង​ ព្រមទាំង​មាន​ការ​គាំទ្រ​ក្នុង​ការ​កាត់បន្ថយ​ថ្លៃ​ដើម​ចំណី ​ដើម្បី​ជួយ​កសិករ​បង្កើន​ប្រសិទ្ធភាព​ផលិតកម្ម ​និង​រក្សា​ប្រៀប​ប្រកួតប្រជែង​លើ​ទីផ្សារ​៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា