“កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៥” ពង្រឹងសមត្ថភាពធុរកិច្ចថ្មីលើការអភិវឌ្ឍផលិតផល ឬ សេវាកម្មឌីជីថល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
“កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៥” ពង្រឹងសមត្ថភាពធុរកិច្ចថ្មីលើការអភិវឌ្ឍផលិតផល ឬ សេវាកម្មឌីជីថល

“កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៥” ពង្រឹងសមត្ថភាពធុរកិច្ចថ្មីលើការអភិវឌ្ឍផលិតផល ឬ សេវាកម្មឌីជីថល

ភ្នំពេញ៖ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” បានបើកដំណើរការជាផ្លូវការនូវ “កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ៥” ដើម្បីពង្រឹងសមត្ថភាពធុរកិច្ចថ្មីលើការអភិវឌ្ឍផលិតផល ឬ សេវាកម្មឌីជីថលឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារជាក់ស្តែង តាមរយៈការតម្រង់ទិសពីអ្នកជំនាញ ការកំណត់យុទ្ធសាស្ត្រទីផ្សារ ការត្រៀមខ្លួនសម្រាប់កៀរគរទុនវិនិយោគ និងការបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចថ្មីក្នុងការផ្សារភ្ជាប់បណ្តាញទំនាក់ទំនងជាមួយដៃគូយុទ្ធសាស្ត្រនានា។

Advertisement

ពិធីបើកដំណើរការជាផ្លូវការនៃ“កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ៥ ដែលមានរយៈពេល ១៨ សប្តាហ៍ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈ​មណ្ឌល​បណ្តុះធុរកិច្ចថ្មី “តេជោ” និងមានការចូលរួមពីតំណាងពីដៃគូសហការរៀបចំកម្មវិធី សហគ្រិនខ្មែរ និងដៃគូឧបត្ថម្ភធំពីធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ហៅកាត់ថា ធនាគារ ABA) ព្រមទាំងដៃគូអភិវឌ្ឍន៍, ដៃគូសារព័ត៌មាន, វិនិយោគិន, ធុរកិច្ចថ្មី និង តួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជា ប្រមាណ ៧០ រូប នៅការិយាល័យកណ្តាលនៃមជ្ឈ​មណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”។

ឯកឧត្តមបណ្ឌិត តាំង ងួនលី បានថ្លែងថា៖

“ធុរកិច្ចថ្មីមិនមែនគ្រាន់តែជាផ្នែកតូចមួយនៃសេដ្ឋកិច្ចប៉ុណ្ណោះទេ​ ប៉ុន្តែជាផ្នែកសំខាន់មួយនៃអនាគតសេដ្ឋកិច្ច។ធុរកិច្ចថ្មីនាំមកនូវគំនិតច្នៃប្រឌិតគំរូអាជីវកម្មថ្មី និងបច្ចេកវិទ្យាថ្មីដើម្បីដោះស្រាយបញ្ហាជាក់ស្តែងជូនប្រជាពលរដ្ឋ ស្ថាប័ន និងទីផ្សារ » ។



ឯកឧត្តមបណ្ឌិត ក៏បានគូសរំលេចពីសមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ដែលមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” តាមរយៈកម្មវិធីពន្លឿនអាជីវកម្ម បានគាំទ្រធុរកិច្ចថ្មីសរុបចំនួន ៨១ ។ ក្នុងនោះ ធុរកិច្ចថ្មីចំនួន ៥១ (ស្មើនឹង ៦៣%) នៅតែបន្តប្រតិបត្តិការយ៉ាងសកម្មក្នុងទីផ្សារ។ កម្មវិធីបានផ្តល់ទុនវិនិយោគដែលមិនយកភាគហ៊ុនសរុបចំនួន ៣២ ០០០០ ដុល្លារសហរដ្ឋអាមេរិក ដែលទោះបីចំនួននេះមិនទាន់មានទំហំធំ ប៉ុន្តែបានរួមចំណែកក្នុងការជំរុញធុរកិច្ចថ្មីក្នុងជំហានដំបូង។ ជាលទ្ធផល រហូតមកដល់បច្ចុ​ប្បន្ន មានធុរកិច្ចថ្មីចំនួន ១៧ អាចកៀរគរទុនវិនិយោគបន្ថែមពីប្រភពផ្សេងៗទៀតបានដោយជោគជ័យ។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតក៏បានរំលេចផងដែរអំពីការរៀបចំយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ដែលគ្រោងនឹងផ្សព្វផ្សាយជាផ្លូវការក្នុងឆ្នាំនេះ។យុទ្ធសាស្ត្រជាតិនេះនឹងផ្តោតលើយុទ្ធសាស្ត្រអាទិភាពចំនួន៥ រួមមាន៖ ១. ការរៀបចំលិខិតបទដ្ឋានគាំទ្រ, ២. ការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន, ៣. ការបង្កើនចំនួនបុគ្គលមានទេពកោសល្យ, ៤. ការពង្រឹងសមត្ថភាពតួអង្គក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី, និង ៥. ការតភ្ជាប់បណ្តាញ និងការពង្រីកទីផ្សារ។ 


ឯកឧត្តមបណ្ឌិត បានបន្តផ្តល់នូវអនុសាសន៍ដ៏សំខាន់ថា៖

“នៅពេលដែលនិយាយអំពីការអភិវឌ្ឍរបស់ធុរកិច្ចថ្មីនៅកម្ពុជា គឺមិនត្រឹមតែផ្តោតលើនវានុវត្តន៍សម្រាប់ទីផ្សារថ្មីនោះទេ តែក៏សំដៅទៅលើនវានុវត្តន៍សម្រាប់ទីផ្សារដែលមានស្រាប់។ ធុរកិច្ចថ្មីកម្ពុជាអាចបង្កើតនូវគុណតម្លៃទីផ្សារ តាមរយៈការធ្វើទំនើបកម្មវិស័យប្រពៃណី, ការអភិវឌ្ឍសេវាកម្មសម្រាប់ជីវភាពប្រចាំថ្ងៃ ការដោះស្រាយ បញ្ហាអប្រសិទ្ធភាពក្នុងស្រុក និងការបើកឱ្យមានកាលានុវត្តភាពថ្មីៗនៅក្នុងវិស័យបច្ចុប្បន្ន។”

សូមជម្រាបថា កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល នារដូវកាលទី ៥ នេះ ទទួលបានពាក្យស្នើសុំចូលរួមពីធុរកិច្ចថ្មីសរុបចំនួន ៦៦ ដែលក្នុងនោះ ធុរកិច្ចថ្មីចំនួន ១២ ត្រូវបានជ្រើស រើសយ៉ាងសម្រិតសម្រាំង ដើម្បីចូលរួមក្នុងកម្មវិធី។ បន្ថែមពីនេះ កម្មវិធីនារដូវកាលនេះ បានធ្វើការកែសម្រួលវិធីសាស្ត្រគាំទ្រធុរកិច្ចថ្មីបន្ថែមដោយផ្តោតលើ ការគាំទ្រតាមដំណាក់កាល ដើម្បីផ្តល់ការណែនាំ និងការគាំទ្រឱ្យកាន់តែសមស្របទៅនឹងតម្រូវការរបស់ធុរកិច្ចថ្មីនៅក្នុងដំណាក់កាលនីមួយៗ នៃការអភិវឌ្ឍអាជីវកម្ម។ ធុរកិច្ចថ្មីត្រូវបានបែងចែកជា បីក្រុមសំខាន់ៗ រួមមាន៖ ១. ដំណាក់កាលស្វែងយល់, ២. ដំណាក់កាលការវាស់ស្ទង់ទីផ្សារ និង ៣. ដំណាក់កាលពង្រីកទំហំអាជីវកម្ម។ ការរៀបចំតាមដំណាក់កាលនេះ មានគោលបំណងធ្វើឱ្យការគាំទ្រកាន់តែមានភាពចំគោលដៅ និងឆ្លើយតបបានល្អប្រសើរទៅនឹងបញ្ហា និងតម្រូវការជាក់ស្តែងរបស់ធុរកិច្ចថ្មី។ នៅចុងបញ្ចប់នៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល រដូវកាលទី ៥ នឹងមានការជ្រើសរើស ធុរកិច្ចថ្មីឆ្នើមចំនួន ៥ ដែលនឹងមានឱកាសប្រកួតប្រជែង ដើម្បីទទួលបានថវិកាគាំទ្រជា ទុនឧបត្ថម្ភដែលមិនយកភាគហ៊ុន (Equity-free Investment) សរុបចំនួន ១២០ លានរៀល។

មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនឹងបន្តបេសកកម្មក្នុងការចូលរួមចំណែកអនុវត្តដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញសេដ្ឋកិច្ចឌីជីថល និង លើកកម្ពស់ការរីកលូតលាស់នៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជាប្រកបដោយបរិយាបន្ន៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា