គយអាចបាត់បង់ចំណូល ៤៧ លានដុល្លារក្នុងមួយខែ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញវិធានការចំនួន ២ នេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គយអាចបាត់បង់ចំណូល ៤៧ លានដុល្លារក្នុងមួយខែ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញវិធានការចំនួន ២ នេះ

គយអាចបាត់បង់ចំណូល ៤៧ លានដុល្លារក្នុងមួយខែ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញវិធានការចំនួន ២ នេះ

វិធានការចំនួន ២ ដែលរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ ក្នុងស្ថានការណ៍នៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈជាសកល នឹងធ្វើឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាត់បង់ចំណូលប្រមាណ ៤៧ លានដុល្លារអាម៉េរិក ក្នុងមួយខែ។ នេះបើយោងតាមការប៉ាន់ស្មានជាបឋម របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

Advertisement

ការប៉ាន់ស្មាននេះ ត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំយន្តការភាពជាដៃគូគយ-ផ្នែកឯកជន (CPPM) លើកទី១០ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានិងជាសហប្រធាន CPPM និង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាសហប្រធាន CPPM និងជាប្រធានគណ:កម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ការងារពាក់ព័ន្ធសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមួយចំនួន ដែលជាវិធានការរបស់រាជរដ្ឋាភិបាលដាក់ចេញដើម្បីសម្រាលបន្ទុករបស់ធុរជននិងប្រជាពលរដ្ឋ ក្នុងស្ថានការណ៍នៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈជាសកលរួមមាន (១.) ការកែសម្រួលអត្រាពន្ធនិងអាករសម្រាប់អនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដែលមានខ្លឹមសារចម្បងគឺការបញ្ចុះពន្ធគយលើយានយន្តអគ្គិសនី, អាគុយ, បរិក្ខារសូឡា, និងចង្ក្រានអគ្គិសនី ដែលជាសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និង (២.) ការបន្ធូរបន្ថយបន្ទុកពន្ធ និងអាករនាំចូលប្រេង និងឧស្ម័នឥន្ធនៈ ដើម្បជួយបញ្ចុះតម្លៃ និងធានានិរន្តរភាពនៃការផ្គត់ផ្គង់។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា៖

“តាមការប៉ាន់ស្មានជាបឋម ការអនុវត្តវិធានការទាំង ២ នេះនឹងធ្វើឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបាត់បង់ចំណូលប្រមាណ ៤៧ លានដុល្លារអាម៉េរិក ក្នុងមួយខែ។”

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើបញ្ហា សំណូមពរ និងសំណើដំណោះស្រាយលើកឡើងដោយផ្នែកឯកជន ចំនួន ១០ បញ្ហារួមមាន ការប្រកាសនាំចូល និងការដឹកជញ្ជូនក្នុងផ្ទៃប្រទេសនូវធាតុចូលផលិតកម្ម (ក្រណាត់) ដោយគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs), កម្រៃបំពេញបែបបទគយ, ចំណាត់ថ្នាក់តាមតារាងពន្ធគយនូវផលិតផលសុខាភិបាល, ការកំណត់លក្ខណៈសម្បត្តិរថយន្តថ្មីដើម្បីអនុវត្តនីតិវិធីនាំចូលរថយន្តជាប់សិទ្ធិផ្ដាច់មុខ, សំណើកែសម្រួលការអនុវត្តពន្ធនិងអាករលើសន្និធិពាណិជ្ជកម្មប្រេងនិងឧស្ម័នឥន្ធនៈ និងពន្ធលើប្រេងសាំងយន្តហោះ ជាដើម។

គួររំលឹកឡើងវិញថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសពីការកែសម្រួលអត្រាពន្ធគយលើមុខទំនិញសំខាន់ៗជាច្រើនប្រភេទ ជាពិសេសរថយន្តអគ្គិសនី។ ការកែសម្រួលថ្មីនេះ នឹងត្រូវអនុវត្តជាផ្លូវការចាប់ពី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ។

ក្នុងសេចក្តីប្រកាសមួយចុះថ្ងៃទី២៨ ខែមីនា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជូនដំណឹងពីការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការកែសម្រួលអត្រាពន្ធគយលើមុខទំនិញមួយចំនួនដូចតទៅ។

មុខទំនិញដែលត្រូវបានបញ្ចុះអត្រាពន្ធនាំចូលពី ៧ ភាគរយ មក ០ ភាគរយ មានដូចជាឧបករណ៍សាកអាគុយរថយន្តអគ្គិសនី, ឆ្នាំងដាំបាយអគ្គិសនី និងចង្កៀងសូឡា។

ចំណែកមុខទំនិញដែលទទួលបានការបញ្ចុះអត្រាពន្ធនាំចូលពី ១៥ ភាគរយ មក ០ ភាគរយ មានដូចជា ម៉ូទ័រសម្រាប់យានយន្តអគ្គិសនី, ប្រព័ន្ធថាមពលសូឡា, និងអាគុយលីចូម ដូចជាអាគុយកុំព្យូទ័រយួរដៃ, អាគុយយន្តហោះ, អាគុយយានយន្ត, អាគុយសូឡា និងឧបករណ៍ផ្ទុកថាមពលដូចជា Power bank, Power station, ថ្មទូរសព្ទ។

អត្រាពន្ធក៏ត្រូវបញ្ចុះមកនៅ ០ ភាគរយ ផងដែរ ចំពោះចង្ក្រានកម្ដៅអគ្គិសនី, កំសៀវអគ្គិសនី, រថយន្តដឹកអ្នកដំណើរ និងដឹកទំនិញប្រភេទ HEV, PHEV និង EV។

ក្រៅពីនេះ រដ្ឋក៏បានបញ្ចុះអត្រាពន្ធនាំចូលពី ៣៥ ភាគរយ មក ៧ ភាគរយ លើមុខទំនិញរថយន្តគ្រួសារប្រភេទ PHEV និងបញ្ចុះអត្រាពន្ធនាំចូលពី ៣៥ ភាគរយ មក ០ ភាគរយ លើមុខទំនិញ ចង្ក្រានអគ្គិសនី, ចង្ក្រានអាំងនំប៉័ង និងរថយន្តគ្រួសារប្រភេទ EV។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានសម្រេចបញ្ចុះអត្រាអាករនាំចេញពី ២៥ ភាគរយ មក ១០ ភាគរយ លើមុខទំនិញរ៉ែបុកស៊ីត (រ៉ែអាលុយមីញ៉ូម)។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ស្របពេលដែលតម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់នៅលើទីផ្សារ បានធ្វើឱ្យពលរដ្ឋមួយចំនួន មានទំនោរងាកទៅរកការប្រើប្រាស់រថយន្តអគ្គិសនី ស្របពេលនេះដែរឈ្មួញខិលខូចមួយចំនួន ក៍បានឆ្លៀតតម្លើងថ្លៃលក់រថយន្តអគ្គិសនីផងដែរ។

លោកបណ្ឌិត បានបន្តថា ការប្រកាសបញ្ចុះអត្រាពន្ឋនាំចូល នឹងធ្វើឱ្យទីផ្សាររថយន្តអគ្គិសនីធ្លាក់ថ្លៃបានមួយកម្រិត ដែលជាគោលការណ៍លើកទឹកចិត្តដល់ពលរដ្ឋ ប្រើប្រាស់រថយន្តអគ្គិសនីដោយសន្សំសំចៃ និងចូលរួមថែរក្សាបរិស្ថាន។

លោកបណ្ឌិត បានថ្លែងថា៖

“នេះជាការរួមចំណែករបស់រាជរដ្ឋាភិបាល ក្នុងការទប់ទល់ជាមួយការឡើងថ្លៃប្រេងផង ការលើកទឹកចិត្តឱ្យប្រើប្រាស់រថយន្តអគ្គិសនីកាន់តែច្រើនផង និងដើម្បីបរិស្ថានផង ហើយរួមចំណែកទប់កុំឱ្យរថយន្តអគ្គសិនីឡើងថ្លៃខ្ពស់ ដោយសារអ្នកលក់រថយន្តអគ្គិសនីឆ្លៀតឱកាសតម្លើងថ្លៃកាន់តែខ្ពស់ ដើម្បីកេងយកផលចំណេញ។”

គិតត្រឹម ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានយានយន្តអគ្គិសនីចុះបញ្ជីសរុបចំនួន ១៤ ៥៣៤គ្រឿង ក្នុងនោះ៖ ទោចក្រយានយន្ត៣ ៤៤៩គ្រឿង,ត្រីចក្រយានយន្ត ៧២២គ្រឿង និងរថយន្តចំនួន ១០ ៣៦៣គ្រឿង។

ពេញមួយខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ១ ០៧៨គ្រឿង (រថយន្ត ៨៨៩គ្រឿង) ខណៈដែលពេញមួយខែមករា ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ៤៨៨គ្រឿង (រថយន្ត ៤០៩គ្រឿ) ខណៈដែលនិន្នាការនេះមានការកើនឡើងជាបន្តបន្ទាប់៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា