តម្លៃប្រេងឆៅឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ៩០ ដុល្លារក្នុងមួយបារ៉ែល ដោយសារអាម៉េរិក និង អ៊ីរ៉ង់ បន្តវាយប្រហារគ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃប្រេងឆៅឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ៩០ ដុល្លារក្នុងមួយបារ៉ែល ដោយសារអាម៉េរិក និង អ៊ីរ៉ង់ បន្តវាយប្រហារគ្នា

តម្លៃប្រេងឆៅឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ៩០ ដុល្លារក្នុងមួយបារ៉ែល ដោយសារអាម៉េរិក និង អ៊ីរ៉ង់ បន្តវាយប្រហារគ្នា

បរទេស៖ តម្លៃប្រេងឆៅបានបន្តឡើងថ្លៃ ៣% នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយសារអាម៉េរិក និងអ៊ីរ៉ង់ ពង្រីកការវាយប្រហារគ្នានៅតំបន់មជ្ឈិមបូព៌ា ដែលកាន់តែបង្កការរំខានដល់ការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រ Hormuz ។

Advertisement

នៅព្រឹកថ្ងៃចន្ទនេះ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ៣,០៥ ភាគរយ ឬ ៩០,៧៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ២,៦៥ ភាគរយ ឬ ៨៤,៦៨ ដុល្លារក្នុងមួយបារ៉ែល។ បើគិតជាកំណើនប្រចាំសប្តាហ៍​ Brent ឡើងថ្លៃ ១៥,៩ ភាគរយ ខណៈដែល WTI ឡើងថ្លៃ ១៥,៥ ភាគរយ ធៀបនឹងសប្តាហ៍មុន។ នេះគឺជាកំណើនប្រចាំសប្តាហ៍កើនឡើងដល់កម្រិតខ្ពស់បំផុតបើគិតចាប់តាំងពីខែមេសារហូតមក។ សូមជម្រាបថា កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ជម្លោះនៅតំបន់មជ្ឈិមបូព៌ាបានផ្ទុះឡើងកាន់តែខ្លាំង ដោយអាម៉េរិកបានបើកការវាយប្រហារ ៩ ដងជាប់ៗគ្នាប្រឆាំងនឹងអ៊ីរ៉ង់ ខណៈប្រទេសគុយវ៉ែត និងបារ៉ែន ដែលជាសម្ព័ន្ធមិត្តរបស់អាម៉េរិក បានរាយការណ៍អំពីការវាយប្រហារបន្ថែមទៀតពីសំណាក់អ៊ីរ៉ង់មកលើខ្លួន។

ជាការកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ភាគីទាំងពីរបានតម្រង់ទិសដៅវាយប្រហារលើការដឹកជញ្ជូនតាមផ្លូវសមុទ្រ ដោយអាម៉េរិកបញ្ជាក់ថា ខ្លួនកំពុងអនុវត្តការបិទខ្ទប់ផ្លូវទឹកលើកំពង់ផែអ៊ីរ៉ង់។ ដោយឡែក នៅខាងអ៊ីរ៉ង់វិញ បានអះអាងថា ខ្លួនក៏កំពុងតម្រង់ទិសដៅទៅលើនាវាទាំងឡាយណាដែលល្មើសនឹងវិធានការនាវាចរណ៍តាមច្រកសមុទ្រ Hormuz។ នៅព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ ភ្នាក់ងារប្រតិបត្តិការពាណិជ្ជកម្មផ្លូវសមុទ្រចក្រភពអង់គ្លេស (UKMTO) បានរាយការណ៍ថា នាវាដឹកជញ្ជូនមួយគ្រឿងបានឆាបឆេះនៅភាគពាយ័ព្យនៃតំបន់ Kumzar ប្រទេសអូម៉ង់។ ទិន្នន័យពី LSEG បានបង្ហាញថា មានតែនាវា ៤ គ្រឿងប៉ុណ្ណោះដែលបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz កាលពីថ្ងៃអាទិត្យ ដែលថយចុះពី ៨ គ្រឿងកាលពីថ្ងៃសៅរឹ៍។

លោក Amarpreet Singh អ្នកវិភាគរបស់ធនាគារ Barclays បានព្យាករណ៍ថា ឥឡូវនេះ អ្នកវិនិយោគ ឬអ្នកជួញដូរប្រេងហាក់ដូចជាមិនទាន់បារម្ភខ្លាំងអំពីហានិភ័យនៃភាពខ្វះខាតប្រេងនៅឡើយទេ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ វានឹងបង្ហាញរូបភាពកាន់តែច្បាស់ពីសកម្មភាពនាំចេញប្រេងបានកម្រិតណាពីតំបន់ដែលកំពុងមានភ្លើងសង្គ្រាមមួយនេះក្រោមការបិទខ្ទប់ដោយទ្វេភាគីសាជាថ្មី។ ច្បាស់ណាស់ថា ប្រសិនបើភាគីទាំងពីរបន្តវាយប្រហារគ្នា នោះការផ្គត់ផ្គង់ប្រេងអាចនឹងត្រូវបានកាត់ផ្តាច់ ហើយតម្លៃប្រេងអាចនឹងស្ទុះឡើងថ្លៃខ្លាំង ដោយសារពិភពលោកគ្មានប្រេងបម្រុងក្នុងស្តុកគ្រប់គ្រាន់សម្រាប់ទប់ទល់ដូចកាលពីដំបូងនោះឡើយ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា