តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ដល់​ជាង​​១០៧ ​ដុល្លារ​ ​ក្រោយ​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​ ​Hormuz ​កើនឡើង​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ដល់​ជាង​​១០៧ ​ដុល្លារ​ ​ក្រោយ​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​ ​Hormuz ​កើនឡើង​

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ដល់​ជាង​​១០៧ ​ដុល្លារ​ ​ក្រោយ​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​ ​Hormuz ​កើនឡើង​

​បរទេស​៖ ​តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​ជាង​ ២ ​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​ដោយ​តម្លៃ​ប្រេង Brent ​ឡើង​ដល់​ជាង​ ​១០៧ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ក្រោយ​ភាព​តានតឹង​នៅ​មជ្ឈិម​បូព៌ា ​និង​ការ​វាយប្រហារ​លើ​នាវា​ពាណិជ្ជកម្ម​នៅ​តំបន់​ច្រក​សមុទ្រ​ ​Hormuz ​បាន​បង្កើន​ក្តី​បារម្ភ​អំពី​ការ​ផ្គត់ផ្គង់​ប្រេង​ពិភពលោក​។ ​នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​រ៉យទ័រ​។

​តម្លៃ​ប្រេង​ឆៅ ​Brent ​បាន​កើនឡើង​ ​២​,​៧៧ ​ភាគរយ ​ដល់​ ១០៧​,​៥១ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ខណៈ​ប្រេង​ឆៅ​ ​West Texas ​Intermediate ​(​WTI​)​ ​កើនឡើង​ ​២​,​២៧ ​ភាគរយ ​ដល់​ ១០២​,​៣២ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។

​កាលពី​ថ្ងៃ​សុក្រ ​អារ៉ាប៊ី​សាអូឌីត ​ដែល​ជា​ប្រទេស​នាំចេញ​ប្រេង​ធំ​ជាង​គេ​បំផុត​របស់​ពិភពលោក​ ​បាន​បិទ​ដំណើរការ​បំពង់​បង្ហូរ​ប្រេង​ ​East​-​West ​បន្ទាប់ពី​មាន​ការ​វាយប្រហារ​ដោយ​ដ្រូន​ដែល​មាន​ប្រភព​មកពី​ប្រទេស​អ៊ីរ៉ាក់​។

​បំពង់​បង្ហូរ​ប្រេង​នេះ​អនុញ្ញាតឱ្យ​អារ៉ាប៊ី​សាអូឌីត​ដឹកជញ្ជូន​ប្រេង​ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ច្រក​សមុទ្រ​ ​Hormuz ​ដែល​ជា​ច្រក​ដឹក​ជញ្ជូន​ប្រេង​ដ៏​សំខាន់​មួយ​របស់​ពិភពលោក​។ ​ការ​រំខាន​ដល់​ផ្លូវ​ដឹកជញ្ជូន​ទាំងនេះ​បាន​បង្កើន​ការ​ព្រួយបារម្ភ​ថា​ ​ការ​ផ្គត់ផ្គង់​ប្រេង​ពិភពលោក​អាច​រង​ផលប៉ះពាល់​ក្នុង​កម្រិត​រហូតដល់​ ៤​ ​ភាគរយ​។

​កាលពី​ថ្ងៃ​អាទិត្យ​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​អារ៉ាប៊ី​សាអូឌីត​បាន​ផ្សព្វផ្សាយ​វីដេអូ​បង្ហាញ​ពី​ការ​ខូចខាត​ផ្ទះសម្បែង ​និង​វិហារ​ឥស្លាម​មួយ​កន្លែង​ ​បន្ទាប់ពី​ការ​វាយប្រហារ​របស់​ក្រុម​ ​Houthis ​ពី​ប្រទេស​យេ​ម៉ែន ​លើ​ខេត្ត​ ​Jazan ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​។

​ក្រុម​ ​Houthis ​ក៏​បាន​អះអាង​ថា​ ​ខ្លួន​បាន​វាយប្រហារ​មូលដ្ឋាន​យោធា​របស់​អារ៉ាប៊ី​សាអូឌីត​មួយ​កន្លែង​ទៀត​នៅក្នុង​ខេត្ត​ជាប់គ្នា​។ ​ក្រុម​នេះ​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អ៊ីរ៉ង់ ​ក៏​បាន​ទៅ​ដល់​កោះ​យុទ្ធសាស្ត្រ​ Perim ​និង​ព្យាយាម​ពង្រឹង​ការ​គ្រប់គ្រង​របស់​ខ្លួន​លើ​ច្រក​សមុទ្រ​ ​Bab el​-​Mandeb ​ដែល​ជា​ផ្លូវ​ដឹកជញ្ជូន​ប្រេង​ដ៏​សំខាន់​មួយ​ទៀត​ ​និង​មាន​ចំណែក​ប្រមាណ​ ៤ ​ទៅ​ ៥​ ​ភាគរយ​នៃ​ការ​ផ្គត់ផ្គង់​សកល​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​។

​នៅ​ថ្ងៃ​អាទិត្យ​ដដែល​ ទីភ្នាក់ងារ​សន្តិសុខ​នាវាចរណ៍​អង់គ្លេស ​UK​MTO ​បាន​រាយការណ៍​ថា​ នាវា​មួយ​គ្រឿង​បាន​រង​ការ​វាយប្រហារ​ដោយ​គ្រាប់​ផ្លោង ​បណ្តាល​ឱ្យ​មាន​អគ្គិភ័យ ​និង​បង្ខំឱ្យ​ក្រុម​នាវិក​ជម្លៀស​ចេញ​ជា​បន្ទាន់​។

​នៅ​ខាង​ភាគី​អ៊ីរ៉ង់​វិញ​ ​ក៏​មាន​ការ​រាយការណ៍​ថា​ នាវា​ពាណិជ្ជកម្ម​របស់​ខ្លួន​បាន​រង​ការ​វាយប្រហារ បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ ​និង​នាវិក​ ៤ នាក់​ផ្សេងទៀត​រងរបួស​នៅលើ​នាវា​។

​ក្នុង​ខែ​កញ្ញា​នេះ​ ​តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​ប្រមាណ​ ៨ ​ភាគរយ ​ហើយ​តម្លៃ​បាន​កើន​លើស ១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ជា​លើក​ដំបូង ​ចាប់​តាំងពី​ខែ​កក្កដា​មក​។

​លោក​ T​ony Sycamore ​អ្នក​វិភាគ​ទីផ្សារ​នៅ​ក្រុមហ៊ុន​ I​G ​បាន​លើកឡើង​ថា​ ​ប្រសិនបើ​មិន​មាន​ដំណោះស្រាយ​ច្បាស់លាស់​ទេ ​តម្លៃ​ប្រេង​ឆៅ​អាចនឹង​បន្ត​កើនឡើង​ដល់​ប្រមាណ ​១២០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​លុះត្រាតែ​ការ​ចរចា​នៅ​ប្រទេស​អូម៉ង់​ក្នុង​សប្តាហ៍​នេះ​ទទួល​បាន​លទ្ធផល​ជាក់ស្តែង​។

​លោក​បាន​បន្ថែម​ថា​ ​ប្រសិនបើ​មិន​មាន​ការ​វិវឌ្ឍ​ច្បាស់លាស់​ទេ ​បំពង់​បង្ហូរ​ប្រេង​ ​East​-​West ​អាចនឹង​មិន​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ឡើង​វិញ​ក្នុងពេល​ឆាប់​ៗ​នោះ​ទេ​។

​យ៉ាងណា​ក៏ដោយ​ ​លោក​ Badr ​Albusaidi ​រដ្ឋមន្ត្រី​ការ​បរទេស​អូម៉ង់ ​បាន​ប្រកាស​តាម​បណ្តាញ​សង្គម​ ​X​ ថា ​កិច្ច​ប្រជុំ​ដែល​បាន​គ្រោង​ទុក​នៅ​ថ្ងៃ​ចន្ទ​ក្នុង​ប្រទេស​អូម៉ង់ រវាង​បណ្តា​ប្រទេស​ឈូង​សមុទ្រ​ ​និង​អ៊ីរ៉ង់ ​ដើម្បី​ពិភាក្សា​អំពី​ច្រក​សមុទ្រ​ ​Hormuz ​ត្រូវ​បាន​ពន្យារ​ពេល​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា