រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ កិច្ចព្រមព្រៀង​ DEFA រំពឹង​ជួយជំរុញទំហំសេដ្ឋកិច្ចឌីជីថល​អាស៊ានកើនឡើង ២ទ្រីលានដុល្លារអាម៉េរិក​ ក្នុងឆ្នាំ២០៣០ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ កិច្ចព្រមព្រៀង​ DEFA រំពឹង​ជួយជំរុញទំហំសេដ្ឋកិច្ចឌីជីថល​អាស៊ានកើនឡើង ២ទ្រីលានដុល្លារអាម៉េរិក​ ក្នុងឆ្នាំ២០៣០

រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ កិច្ចព្រមព្រៀង​ DEFA រំពឹង​ជួយជំរុញទំហំសេដ្ឋកិច្ចឌីជីថល​អាស៊ានកើនឡើង ២ទ្រីលានដុល្លារអាម៉េរិក​ ក្នុងឆ្នាំ២០៣០

ភ្នំពេញ ៖ កិច្ចព្រមព្រៀង DEFA ( Digital Economy Framework Agreement ) ជាកិច្ចព្រមព្រៀង​កម្រិត​តំបន់អាស៊ាន​ដំបូង​គេបង្អស់លើ​ពិភពលោក ដែលផ្ដោតជាពិសេសទៅលើការជួយសម្រួល ​និងពង្រឹង​ពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល​ និងសេដ្ឋកិច្ចឌីជីថលរវាង​ប្រទេស​សមាជិក​អាស៊ាន​ទាំង១០ ។ កិច្ចព្រមព្រៀង​នេះ គ្រោងនឹង​ចុះហត្ថលេខា​នៅអំឡុងខែវិច្ឆិកា​ខាងមុខនេះ​ក្នុងកិច្ច​ប្រជុំ​កំពូលអាស៊ាន​នៅប្រទេសហ្វីលីពីន ដោយរំពឹងថា វា​នឹងជំរុញការ​ធ្វើសេដ្ឋកិច្ចអនឡាញ​កើនឡើង​ទ្វេដង​។​

លោកជំទាវ​ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​បានថ្លែង​ក្នុងពិធីបើកវេទិកា​ពាណិជ្ជកម្មឌីជីថល កម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ កាលពីចុងសប្ដាហ៍កន្លងទៅនេះថា នៅក្នុងក្របខណ្ឌតំបន់​ និង​សកល ការធ្វើពាណិជ្ជកម្ម​ឌីជីថល​ និងការធ្វើពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិច​ត្រូនិក​ កំពុង​តែក្លាយជាសមភាគស្នូល​នៃការធ្វើពាណិជ្ជកម្មក្នុងសម័យទំនើបនេះ  និងបានដាក់បញ្ចូលទៅក្នុង​ក្របខណ្ឌនៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់​ជាច្រើន ដូចជា​ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់​ កិច្ចព្រមព្រៀងអាស៊ាន ស្ដីពីពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិចត្រូនិក​ ការ​ដំឡើងកម្រិត​កិច្ចព្រមព្រៀង​ស្ដីពីការ​បង្កើត​តំបន់ពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី , អាស៊ាន-ណូវែលហ្សេឡង់ និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីអាស៊ាន-ចិន​​ ៣.០ កិច្ចព្រមព្រៀង​ក្របខណ្ឌសេដ្ឋកិច្ចអាស៊ាន  និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​អាស៊ាន-កាណាដា​ជាដើម ។

លោកជំទាវ​បន្តថា​ ​ក្នុងចំណោមកិច្ចព្រមព្រៀង​ដែលបានរៀបរាប់នេះ មានមួយគឺកិច្ចព្រមព្រៀងសេដ្ឋកិច្ច​ឌីជីថល ​ហៅកាត់ថា DEFA ។ កិច្ចព្រមព្រៀង​នេះ ត្រូ​វបានបិទបញ្ចប់​ការ​ចរចា​ដោយជោគជ័យ និងគ្រោង​ចុះហត្ថលេខា​នៅថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន​លើកទី៤៩ នាប្រទេស​ហ្វីលីពីន ​។ កិច្ចព្រមព្រៀង​នេះ​ដែរ ជា​យន្តការ​យុទ្ធសាស្ត្រ​ដ៏សំខាន់​សម្រាប់ធ្វើ​សមាហរណកម្ម​ពាណិជ្ជកម្ម​ឌីជីថល និងការ​តភ្ជាប់ឌីជីថល​នៅក្នុងតំបន់ ។​

លោកជំទាវ​បន្ថែមថា តាមការ​ព្យាករ​ដែល​ទទួលបានពីការ​សិក្សាឱ្យឃើញថា បើសិនជា​សមាជិកក្នុងតំបន់អាស៊ាន អនុវត្តន៍បាននូវអ្វីដែលជា​ផែនការ​សកម្មភាព​សេដ្ឋកិច្ចឌីជីថល​នៅក្នុងក្របខណ្ឌដែលបានចរចាលើកិច្ចព្រមព្រៀង​ DEFAនេះ នឹង​ធ្វើឱ្យពាណិជ្ជកម្មក្នុងតំបន់អាស៊ាន​កើនឡើង​ទ្វេដង ខណៈបច្ចុប្បន្ននេះ ទំហំនៃការធ្វើពាណិជ្ជកម្មតាមអនឡាញនៅអាស៊ាន មានប្រហែលជា​ ១ទ្រីលាន​ដុល្លារអាម៉េរិក​ ដូច្នេះ អាចនឹងកើនឡើង​ដល់​ ២ទ្រីលានដុល្លារអាម៉េរិក​ នៅពេល​ប្រទេស​ទាំងអស់អនុវត្តន៍​បានទៅតាមក្របខណ្ឌ ​។

លោកជំទាវ​បញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងនេះដែរ នឹងអាច​ធ្វើឱ្យកម្ពុជា​សម្រេច​បាននូវ​ចក្ខុវិស័យ​របស់​ខ្លួនក្នុង​ឆ្នាំ២០៣០ ដែលធ្វើឱ្យកម្ពុជា​អាចចាកចេញពីប្រទេស​អភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩ និង​ឡើង​កម្រិតជា​ប្រទេស​មានចំណូលមធ្យមកម្រិត​ខ្ពស់  ។​ លោកជំទាវ​មានប្រសាសន៍ថា ៖

« នៅពេល​កិច្ចព្រមព្រៀង​ DEFA ចូលជាធរមាន សហគ្រិន​របស់យើង​ត្រូវ​ត្រៀមខ្លួនឱ្យរួចរាល់ ដោយរាល់ទំនិញរបស់ខ្លួនមិនត្រឹមតែដាក់លក់​ក្នុង​ហាង​ប៉ុណ្ណោះទេ តែត្រូវ​មាននៅក្នុង​ថ្នាលឌីជីថល​សម្រាប់ដាក់លក់​ជូនអតិថិជន​ឆ្ងាយៗពីទីតាំង​របស់យើង » ។

គួរ​បញ្ជាក់ថា​ កិច្ចព្រមព្រៀង​ DEFA ត្រូវបាន​ប្រកាស​បើក​កិច្ចចរចា​ជាផ្លូវការ​កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំ​កំពូលអាស៊ាន​លើកទី៤៣ នាទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី មានគោលដៅ ជួយសម្រួលពាណិជ្ជកម្មឌីជីថល​ ដោយជំរុញការ​ប្រើប្រាស់​វិក្ក័យ​បត្រ​ឌីជីថល​ ការទូទាត់ប្រាក់ឆ្លងដែន​តាមប្រព័ន្ធឌីជីថល ​និងការ​កាត់បន្ថយរាំង​ស្ទះ​ផ្នែករដ្ឋបាល ។ ក្រៅពីនេះ​កិច្ចព្រមព្រៀងនេះ​​នឹងជំរុញលំហូរ​ចូលនៃទិន្នន័យឆ្លងដែន ការអភិវឌ្ឍជំនាញ​ និង​ធុរកិច្ច​ថ្មី ផងដែរ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា