សារព័ត៌មាន CNA វិភាគពីមូលហេតុដែលតំបន់អាស៊ីរងផលប៉ះពាល់ពីសង្រ្គាមនៅមជ្ឈិមបូព៌ាខ្លាំងជាងតំបន់ផ្សេងៗ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សារព័ត៌មាន CNA វិភាគពីមូលហេតុដែលតំបន់អាស៊ីរងផលប៉ះពាល់ពីសង្រ្គាមនៅមជ្ឈិមបូព៌ាខ្លាំងជាងតំបន់ផ្សេងៗ

សារព័ត៌មាន CNA វិភាគពីមូលហេតុដែលតំបន់អាស៊ីរងផលប៉ះពាល់ពីសង្រ្គាមនៅមជ្ឈិមបូព៌ាខ្លាំងជាងតំបន់ផ្សេងៗ

បរទេស៖ ការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវសម្រាប់ដឹកជញ្ជូនថាមពលដ៏សំខាន់បំផុតមួយរបស់ពិភពលោក បានរំខានដល់ការផ្គត់ផ្គង់ប្រេង និងជំរុញឱ្យតម្លៃឡើងថ្លៃនៅទូទាំងពិភពលោក ជាពិសេសកំពុងប៉ះពាល់សេដ្ឋកិច្ចនៅទ្វីបអាស៊ី។ នេះបើយោងតាមការរាយការណ៍ពី CNA។

Advertisement

យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងថា ប្រេងប្រហែល ២០ លានបារ៉ែលត្រូវឆ្លងកាត់ច្រកសមុទ្រ Hormuz ជារៀងរាល់ថ្ងៃ ហើយប្រហែល ៨០ ភាគរយ នៃការដឹកជញ្ជូនទាំងនោះមានទិសដៅទៅកាន់អាស៊ី។ នេះមានន័យថា ទោះបីជាទ្វីបអាស៊ីមានចម្ងាយរាប់ពាន់គីឡូម៉ែត្រពីតំបន់សង្រ្គាមក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចរបស់ពួកគេនៅតែប្រឈមនឹងការរំខាន ដោយសារពឹងផ្អែកខ្លាំងលើការនាំចូលថាមពលពីមជ្ឈិមបូព៌ា។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក Vivian Balakrishnan បានពណ៌នាស្ថានភាពនេះថាជា “វិបត្តិអាស៊ី”។ ថ្វីត្បិតតែច្រក Hormuz គឺជាផ្លូវសមុទ្រតូចចង្អៀតក្តី ប៉ុន្តែជាវាផ្លូវពាណិជ្ជកម្មដ៏សំខាន់សម្រាប់ការនាំចេញពីតំបន់មជ្ឈិមូព៌ាទៅកាន់ទិសដៅផ្សេងៗជាច្រើននៅលើពិភពលោក។ ការដឹកជញ្ជូនប្រេង និងឧស្ម័នដែលផលិតដោយអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម គុយវ៉ែត កាតា អ៊ីរ៉ាក់ បារ៉ែន និងអ៊ីរ៉ង់ត្រូវឆ្លងកាត់ផ្លូវមួយនេះ ខណៈដែលតំបន់អាស៊ីគឺជាគោលដៅចម្បង។

ឧស្ម័នធម្មជាតិរាវ (LNG) ជិត ៩០ ភាគរយ ត្រូវបាននាំចេញតាមរយៈច្រកមួយនេះ ហើយទីផ្សារអាស៊ីដែលមានចំណែកប្រហែល ២៧ ភាគរយ នៃការនាំចូល LNG សរុប។ ជាក់ស្តែង ប្រទេសបង់ក្លាដែស ឥណ្ឌា និងប៉ាគីស្ថាននាំចូល LNG ដែលឆ្លងកាត់ច្រក Hormuz ស្ទើរតែពីរភាគបី នៃការនាំចូលសរុបរបស់ពួកគេក្នុងឆ្នាំ ២០២៥។ ប្រទេសអាស៊ីស្ទើរតែទាំងអស់ជាពិសេស ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង និងអាស៊ីអាគ្នេយ៍មួយចំនួន ពឹងផ្អែកខ្លាំងលើការនាំចូលប្រេង និងឧស្ម័នពីមជ្ឈិមបូព៌ា។

ស្របពេលដែលសេដ្ឋកិច្ចអាស៊ីនៅតែពឹងផ្អែកខ្លាំងលើការនាំចូលប្រេង និងឧស្ម័ន អាម៉េរិកបានឆ្លងកាត់ការផ្លាស់ប្តូរដ៏ធំមួយក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ និងបានក្លាយជាអ្នកនាំចេញថាមពលសំខាន់មួយចាប់តាំងពីឆ្នាំ ២០១៩។ កាលពីឆ្នាំ ២០១៦ អាមេរិចបានវ៉ាដាច់អារ៉ាប៊ីសាអូឌីតក្លាយជាប្រទេសផលិតប្រេងធំបំផុត និងបានក្លាយជាអ្នកផលិតឧស្ម័ន LNG ធំបំផុតនៅឆ្នាំ ២០១៧ ។

ទោះជាយ៉ាងណាក្តី តំបន់អាស៊ីពឹងផ្អែកលើការនាំចូលពីមជ្ឈិមបូព៌ាខ្លាំងជាងអាម៉េរិក ​ដែលធ្វើឱ្យសេដ្ឋកិច្ចជាច្រើននៅអាស៊ីងាយ នឹងរងផលប៉ះពាល់ពីសង្គ្រាម។ ជាក់ស្តែង ជាងពាក់កណ្តាលនៃប្រេងរបស់ឥណ្ឌា និងពីរភាគបីនៃការនាំចូល LNG គឹមានប្រភពមកពីមជ្ឈិមបូព៌ា។

ចិននាំចូលប្រេង ៥០ ភាគរយ និងនាំចូល LNG មួយភាគបីនៃចំនួនសរុបពីមជ្ឈិមបូព៌ា។ ជប៉ុននាំចូលប្រេង​ ៩៥ ភាគរយ និង LNG ១១ ភាគរយ ពីមជ្ឈិមបូព៌ា។ កូរ៉េខាងត្បូងនាំចូលប្រេង ៧០ ភាគរយ និង LNG ២០ ភាគរយ ពីមជ្ឈិមបូព៌ា។​ លោក Balakrishnan លើកឡើងថា បញ្ហានេះកើតឡើងចំពេលដែលរដ្ឋាភិបាលនៅអាស៊ីភាគច្រើនកំពុងមានសង្ឃឹមថា កំណើនសេដ្ឋកិច្ចរបស់ពួកគេនឹងមានស្ថិរភាពជាងមុន។ ជាលទ្ធផល​ ការបិទច្រកសមុទ្រ Hormuz បង្កឱ្យមានផលប៉ះពាល់ខ្លាំងទាំងសេដ្ឋកិច្ច និងនយោបាយអាស៊ី​។

យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា តំបន់អាស៊ីមានចំណែក ២/៣ នៃកំណើនផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំណែក ៤០ ភាគរយ នៃពាណិជ្ជកម្មពិភពលោក។ លោក Lawrence Anderson ដែលធ្លាប់ជាឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា អារ៉ាប៊ីសាអូឌីត និងបារ៉ែន លើកឡើងថា ស្របពេលដែលប្រេង និងឧស្ម័នគឺជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់សេដ្ឋកិច្ចអាស៊ី នោះពួកគេងាយរងគ្រោះខ្លាំងចំពោះការរំខាននៃការផ្គត់ផ្គង់ថាមពលពីរដ្ឋឈូងសមុទ្រ។

មិនត្រឹមតែប៉ុណ្ណោះ ហានិភ័យដ៏គ្រោះថ្នាក់មួយទៀត គឺអ៊ីរ៉ង់គំរាមវាយប្រហារថាមពលក្រោមសមុទ្រ និងខ្សែកាបអុបទិកនៅក្នុងឈូងសមុទ្រពែក្ស។ ប្រសិនបើអ៊ីរ៉ង់ធ្វើបែបនោះមែន វានឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងចំពោះការតភ្ជាប់អ៊ីនធឺណិតអន្តរជាតិ និងលំហូរទិន្នន័យសកល ជាពិសេសធនាគារ និងសកម្មភាពហិរញ្ញវត្ថុផ្សេងទៀតរវាងអឺរ៉ុប និងអាស៊ី។

លើសពីនេះ ផលប៉ះពាល់ពីការបិទច្រកសមុទ្រ Hormuz មិនត្រឹមជំរុញតម្លៃប្រេង និងឧស្ម័នឡើងថ្លៃនោះទេ ប៉ុន្តែកំពុងជំរុញឱ្យអត្រាអតិផរណាកាន់តែខ្ពស់។ នៅក្នុងឆ្នាំ ២០២៤ ប្រហែល ១/៣ នៃជីដឹកតាមផ្លូវសមុទ្រពិភពលោកបានឆ្លងកាត់ច្រកសមុទ្រ Hormuz ។ ដូច្នោះហើយ នៅពេលដែលតម្លៃឧស្ម័នឡើងថ្លៃ  តម្លៃជីក៏ឡើងថ្លៃដែរ ដូចទៅនឹងតម្លៃអាហារឡើងថ្លៃតាមតម្លៃប្រេងដែរ។ លើសពីនេះ ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនប្រឈមមុខនឹងបំណុលខ្ពស់ ថវិកាជាតិមានកម្រិត និងលទ្ធភាពចូលទៅប្រភពហិរញ្ញវត្ថុតឹងរឹងជាងមុន។

លោក Anderson ព្រមានដែរថា អាជីវកម្ម និងអ្នកប្រើប្រាស់ធម្មតា នឹងត្រូវប្រឈមមុខនឹងការឡើងថ្លៃនៃទំនិញ និងសេវាកម្ម ដោយសារការឡើងចុះនៃរូបិយប័ណ្ណ។ បញ្ហានេះនឹងប៉ះពាល់មិនត្រឹមតែតម្លៃអាហារ ​និងតម្រូវការមូលដ្ឋានផ្សេងទៀតតែប៉ុណ្ណោះទេ ប៉ុន្តែនឹងប៉ះពាល់ដល់ទេសចរណ៍ថែមទៀតផង។ បន្ថែមពីនេះ ​ទីផ្សារ​ហិរញ្ញវត្ថុ​អាស៊ី ​ដូចជា ​ភាគហ៊ុន មូលបត្រ​បំណុល និង​ការ​វិនិយោគ​ក៏​នឹង​ត្រូវ​រង​ផលប៉ះពាល់​ដែរ ​ប្រសិនបើ​វិបត្តិ​នេះ​បន្ត​អូសបន្លាយ​ក្នុង​រយៈពេល​ជាច្រើន​ខែ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា