ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

បរទេស ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ ក្រោមកិច្ចទទួលស្វាមគមន៍ពីសំណាក់មេដឹកនាំកំពូល លោក គីម ជុងអ៊ុន និងភរិយា រី ស៊ុលជូ និងអាចចាត់ទុកបានថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ប្រទេសមហាអំណាចយោធាទាំងពីរ។

Advertisement

ជាមួយនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រចាំឆ្នាំ២០២៦នេះ បានឆ្លុះបង្ហាញពីការចាប់ផ្តើមឡើងវិញនៃកិច្ចទំនាក់ទំនងកម្រិតកំពូលរវាងប្រទេសទាំងពីរបន្ទាប់ពីខកខានអស់រយៈពេលជាច្រើនឆ្នាំ ដោយសារការបិទខ្ទប់ព្រំដែនក្នុងអំឡុងពេលរាតត្បាតនៃជំងឺសកលកូវីដ-19 ។

នៅថ្ងៃចន្ទ ដើមសប្ដាហ៍នេះ មេដឹកនាំចិន លោក ស៊ី ជីនពីង បានលើកឡើងថា ៖

«ទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើង កំពុងស្ថិតនៅលើរបត់ប្រវត្តិសាស្ត្រថ្មី ហើយយើងត្រូវតែប្រឆាំងនឹងអំណាចផ្តាច់ការ និងរាល់ការប៉ុនប៉ងទាំងឡាយណាដែលចង់ស្តារឡើងវិញនូវលទ្ធិយោធាដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ ចិន បានប្តេជ្ញាសហការជាមួយកូរ៉េខាងជើង ដើម្បីលើកកម្ពស់ពហុភាគីនិយមដោយស្មើភាព និងមានសណ្តាប់ធ្នាប់ រក្សាស្ថិរភាពក្នុងតំបន់ឲ្យបានយូរអង្វែង និងសកលភាវូបនីយកម្មសេដ្ឋកិច្ចរួមបញ្ចូល ដើម្បីផ្តល់ផលប្រយោជន៍ដល់ពិភពលោក»។

យ៉ាងណាក៏ដោយ តាមរយៈព្រឹត្តិការណ៍ដ៏កម្រខាងលើនេះ គេរំពឹងថា លោក ស៊ី ជីនពីង នឹងជួបពិភាក្សាជាមួយលោក គីម ជុងអ៊ុន យ៉ាងស៊ីជម្រៅ និងច្រើនវិស័យ ខណៈកូរ៉េខាងជើងឥឡូវនេះក៏កំពុងទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ច និងយោធាពីការចងសម្ព័ន្ធភាពជាមួយរុស្ស៊ី ដែលជួយជំរុញមេដឹកនាំកូរ៉េខាងជើងមានទំនុកចិត្តជាងមុនក្នុងកិច្ចពិភាក្សា។

លោក Craig Singleton អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកកិច្ចការប្រទេសចិននៅវិទ្យាស្ថាន Foundation for Defense of Democracie បានលើកឡើងថា កិច្ចជំនួបកំពូលរវាងមេដឹកនាំទាំងពីរបានបង្ហាញថា ទីក្រុងប៉េកាំង នៅតែមើលឃើញទីក្រុងព្យុងយ៉ាងជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រ។ ការរួបរួមគ្នារវាងចិន កូរ៉េខាងជើង រុស្ស៊ី និងអ៊ីរ៉ង់ គឺជាគោលដៅដ៏ធំរួមគ្នា ដែលអាចនឹងឈានទៅរកការកាត់បន្ថយអំណាចរបស់សហរដ្ឋអាម៉េរិក និងទាញអំណាយឱ្យចុះខ្សោយជាមួយនឹងសម្ព័ន្ធមិត្ត។ មិនត្រឹមតែប៉ុណ្ណោះ អ្នកវិភាគផ្សេងទៀតក៏បានយល់ឃើញដែរថា ការពង្រឹងទំនាក់ទំនងរវាងកូរ៉េខាងជើងជាមួយរុស្ស៊ី និងចិន អាចធ្វើឲ្យលោក គីម ជុងអ៊ុន មិនសូវអើពើនឹងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលនោះខ្លាំងទៀតឡើយ ព្រោះដៃគូសហការទាំងពីរសុទ្ធតែជាកំពូលប្រទេសយោធា និងសព្វាវុធបច្ចេកវិទ្យា៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា