ម៉ូដែល​ ​AI​ ​ចិន ​ដណ្ដើម​យក​ទីផ្សារ​អាហ្វ្រិក ​ដោយ​ឈ្នះ​លើ​តម្លៃ​ ​និង​ភាព​បត់បែន ​ធៀប​នឹង​អាម៉េរិក​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ម៉ូដែល​ ​AI​ ​ចិន ​ដណ្ដើម​យក​ទីផ្សារ​អាហ្វ្រិក ​ដោយ​ឈ្នះ​លើ​តម្លៃ​ ​និង​ភាព​បត់បែន ​ធៀប​នឹង​អាម៉េរិក​

ម៉ូដែល​ ​AI​ ​ចិន ​ដណ្ដើម​យក​ទីផ្សារ​អាហ្វ្រិក ​ដោយ​ឈ្នះ​លើ​តម្លៃ​ ​និង​ភាព​បត់បែន ​ធៀប​នឹង​អាម៉េរិក​

​បរទេស​៖​ ​ម៉ូដែល​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​របស់​ចិន​កំពុង​ពង្រីក​វត្តមាន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីផ្សារ​អាហ្វ្រិក ​ហើយ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​នៅ​តំបន់​នេះ​កំពុង​ងាកចេញ​ពី​ម៉ូដែលរបស់​ក្រុមហ៊ុន​អាម៉េរិក​ មក​ប្រើប្រាស់​ម៉ូដែល​ចិន​ដែល​មាន​តម្លៃ​ទាប​ និង​មាន​ភាព​បត់បែន​ខ្ពស់​ជាង​។ ​នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​ ​The​ ​New​ ​York​ ​Times​។

Advertisement

​អ្នក​អភិវឌ្ឍន៍​កម្មវិធី​នៅ​អាហ្វ្រិក​កំពុង​កាត់បន្ថយ​ការ​ប្រើប្រាស់​ម៉ូដែល​របស់​ក្រុមហ៊ុន​អាម៉េរិក ​ដូចជា​ ​OpenAI​, ​Anthropic​, ​Meta​ ​និង​ ​Google​ ​ហើយ​ងាក​មក​ប្រើ​ម៉ូដែល​របស់​ក្រុមហ៊ុន​ចិន ​ដូចជា​ ​Alibaba​ ​និង​ ​DeepSeek​ ​ដែល​មាន​លក្ខណៈ​បើកចំហ​ជាង​។

​ការ​ផ្លាស់ប្ដូរ​នេះ​ត្រូវបាន​ជំរុញ​ដោយ​កត្តា​ជាច្រើន​ ​រួមមាន​តម្លៃ​ប្រើប្រាស់​ទាប​ជាង​ ​ភាព​ងាយស្រួល​ក្នុង​ការ​ទាញយក​ និង​កែសម្រួល​ម៉ូដែល​ ​ព្រមទាំង​សមត្ថភាព​ក្នុង​ការ​ឆ្លើយតប​បាន​ល្អ​ទៅនឹង​តម្រូវការ​ជាក់ស្តែង​នៅក្នុង​តំបន់​។

​លោក​ ​Ernest​ ​Mwebaze​ ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ជនជាតិ​អ៊ូហ្គង់​ដា ​បាន​សាកល្បង​ទាំង​ម៉ូដែល​ ​AI​ ​របស់​អាម៉េរិក​ ​និង​ចិន ​នៅពេល​បង្កើត​ប្រព័ន្ធ​ «​Sunflower​» ​ដែល​ត្រូវបាន​រចនា​ឡើង​សម្រាប់​ដំណើរការ​ជា​ភាសា​ក្នុង​ស្រុក​។ ​លោក​បាន​រកឃើញ​ថា​ ​ម៉ូដែល​របស់​ ​Alibaba​ ​មាន​សមត្ថភាព​ល្អ​ជាង​ក្នុង​ការ​យល់​ភាសា​ក្នុង​ស្រុក​ជាច្រើន​របស់​អ៊ូហ្គង់​ដា ​ខណៈ​ដែល​មាន​តម្លៃ​ទាប​ជាង​ ​និង​ងាយស្រួល​ក្នុង​ការ​កែសម្រួល​។

​បច្ចុប្បន្ន​ ​ប្រព័ន្ធ​ «​Sunflower​» ​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ដោយ​កសិករ​នៅ​ទូទាំង​អ៊ូហ្គង់​ដា ​ដើម្បី​ទទួលបាន​ព័ត៌មាន​អំពី​ការ​ព្យាករណ៍​អាកាសធាតុ​ ​និង​ការ​ណែនាំ​អំពី​បច្ចេកទេស​កសិកម្ម​ជា​ភាសា​តំបន់​។

​និន្នាការ​ស្រដៀង​គ្នា​នេះ​ក៏​កំពុង​កើតឡើង​នៅ​ប្រទេស​ផ្សេង​ទៀត​ក្នុង​ទ្វីប​អាហ្វ្រិក​។ ​នៅ​កេន​យ៉ា ​ម៉ូដែល​ ​AI​ ​របស់​ចិន​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ធ្វើ​ស្វ័យប្រវត្តិកម្ម​ដំណើរការ​ផ្នែក​ច្បាប់​ ​និង​អាជីវកម្ម ​ខណៈ​នីហ្សេរីយ៉ា​ប្រើប្រាស់​វា​សម្រាប់​បង្កើត​វេទិកា​អប់រំ​។ ​នៅ​ហ្គាណា ​ម៉ូដែល​ ​AI​ ​ចិន​ត្រូវបាន​ប្រើប្រាស់​ក្នុង​ការ​អភិវឌ្ឍ​កម្មវិធី​សន្ទនា​ជាមួយ​បញ្ញា​សិប្បនិម្មិត​ ​(​Chatbots​) ​ក្នុង​ស្រុក​។

​ក្រុម​អ្នកវិភាគ​បាន​កត់សម្គាល់​ថា​ ​សមត្ថភាព​កម្រិត​ខ្ពស់​បំផុត​របស់​ម៉ូដែល​ ​AI​ ​មិន​មែន​ជា​កត្តា​សំខាន់​បំផុត​សម្រាប់​ក្រុមហ៊ុន​ភាគ​ច្រើន​នៅ​អាហ្វ្រិក​នោះ​ទេ​។ ​ផ្ទុយទៅវិញ​ កត្តា​សំខាន់​គឺ​សមតុល្យ​រវាង​ការ​ចំណាយ​ ​និង​សមត្ថភាព​។

​ម៉ូដែល​របស់​អាម៉េរិក ​ដូចជា​ ​OpenAI​ ​មាន​លក្ខណៈ​បិទ​ជិត​ជាង​ ​ខណៈ​ម៉ូដែល​របស់​ចិន​មាន​ភាព​បើកចំហ ​ដែល​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​នៅ​អាហ្វ្រិក​អាច​ដំណើរការ​លើ​ម៉ាស៊ីន​មេ​ផ្ទាល់ខ្លួន​ កែសម្រួល​ឱ្យ​សមស្រប​នឹង​ភារកិច្ច​ជាក់លាក់​ ​និង​កាត់បន្ថយ​ការ​ចំណាយ​លើ​ការ​ប្រើប្រាស់​។

​ប្រជាប្រិយភាព​របស់​ម៉ូដែល​ ​AI​ ​ចិន​កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីផ្សារ​អាហ្វ្រិក ​ដោយ​ក្នុង​ចំណោម​ម៉ូដែល​ ​AI​ ​ពេញនិយម​បំផុត​ចំនួន​ ​២៥​ ​មាន​ដល់​ទៅ​ ​១៩​ ​ម៉ូដែល​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ចិន​។

​ទន្ទឹមនឹង​នេះ​ ​ចិន​ក៏​កំពុង​ជំរុញ​បច្ចេកវិទ្យា​ ​AI​ ​របស់​ខ្លួន​នៅ​អាហ្វ្រិក​ តាមរយៈ​កិច្ចសហការ​ ការ​វិនិយោគ​ ​និង​ការ​គាំទ្រ​ដល់​អ្នក​អភិវឌ្ឍន៍​។ ​ក្រុមហ៊ុន​ចិន​បាន​ផ្តល់​ធនធាន​មួយចំនួន​ដោយ​ឥត​គិត​ថ្លៃ​ ​ជំនួយ​បច្ចេកទេស​ ​និង​សម្រួល​ការ​ចូល​ប្រើប្រាស់​កម្មវិធី​សម្រាប់​អ្នកអភិវឌ្ឍន៍​ ​ខណៈ​វត្តមាន​របស់​ក្រុមហ៊ុន​អាម៉េរិក​នៅក្នុង​ទីផ្សារ​តំបន់​នេះ​មាន​កម្រិត​ជាង​។

​អ្នកជំនាញ​ជឿជាក់​ថា​ ​ស្ថានភាព​នេះ​បង្ហាញ​ពី​ដំណាក់កាល​ថ្មី​នៃ​ការ​ប្រកួតប្រជែង​រវាង​មហា​អំណាច​ក្នុង​វិស័យ​បញ្ញា​សិប្បនិម្មិត​។ ​កាលពី​មុន​ ​ក្រុមហ៊ុន​អាម៉េរិក​ធ្លាប់​គ្របដណ្តប់​ទីផ្សារ​ ​AI​ ​ដោយ​មាន​គូ​ប្រជែង​តិចតួច​ ប៉ុន្តែ​បច្ចុប្បន្ន ​ម៉ូដែល​បើកចំហ​របស់​ចិន​កំពុង​ក្លាយជា​មូលដ្ឋាន​សំខាន់​សម្រាប់​ការ​បង្កើត​ផលិតផល​បច្ចេកវិទ្យា​ថ្មី​ៗ​នៅក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា