ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

​បរទេស​៖ ​ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់​។ ​នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​ The ​Guardian​។​

​ស្ថាប័ន​ហិរញ្ញវត្ថុ​ជា​ច្រើន​បាន​បង្ហើប​ថា​ ​ពួក​គេ​នឹង​ទទួល​បាន​ដើមទុន​រាប់​ពាន់​លាន​យ័ន​ពី​ស្ថាប័ន​រដ្ឋ ​ដូចជា​ ​ក្រសួង​ហិរញ្ញវត្ថុ​ ​និង​ក្រុមហ៊ុន​រដ្ឋ​ដែល​ប្រកប​អាជីវកម្ម​លើ​ផលិតផល​ថ្នាំ​ជក់​ផ្តាច់​មុខ​។

​កញ្ចប់​ថវិកា​នេះ​ត្រូវ​បាន​រៀបចំឡើង​ដើម្បី​បង្កើន​សមត្ថភាព​របស់​វិស័យ​ហិរញ្ញវត្ថុ​ចិន ​ក្នុង​ការ​វិនិយោគ​លើ​ទីផ្សារ​ភាគហ៊ុន​ ​និង​ផ្តល់​កម្ចី​ដល់​អាជីវកម្ម​នានា​ ​ខណៈ​មាន​សញ្ញា​បង្ហាញ​ពី​ភាព​ខ្សោយ​នៃ​កំណើន​សេដ្ឋកិច្ច​។

​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត​ធំ​បំផុត​របស់​ចិន​ ​China ​Life ​Insurance ​នឹង​ទទួល​បាន​ថវិកា​ចំនួន​ ៣៥​ ​ពាន់​លាន​យន់ ​ឬ​ប្រមាណ​ ​៤​,​៨៣​ ពាន់​លាន​ដុល្លារ​ ​ខណៈ​ ​China Taiping ​Insurance ​Group ​នឹង​ទទួល​បាន​ ៧ ​ពាន់​លាន​យន់ ​ឬ​ប្រមាណ​ ៩៧០​ ​លាន​ដុល្លារ​។

​ជាមួយគ្នា​នេះ​ គ្រឹះស្ថាន​ផ្តល់​កម្ចី​របស់​រដ្ឋ​ចំនួន​ ៣​ ​ទៀត ​ក៏​បាន​ប្រកាស​ថា​ ​ពួក​គេ​នឹង​ទទួល​បាន​ដើមទុន​សរុប​ចំនួន​ ​២៩០ ពាន់​លាន​យន់ ​ឬ​ប្រមាណ​ ​៤០ ពាន់​លាន​ដុល្លារ​។

​ផែនការ​នេះ​ត្រូវ​បាន​ប្រកាស​ជា​លើក​ដំបូង​នៅក្នុង​កិច្ច​ប្រជុំ​សភា​ប្រចាំ​ឆ្នាំ​កាលពី​ខែ​មីនា ​ក្នុង​គោលបំណង​ពង្រីក​ឧបករណ៍​ហិរញ្ញវត្ថុ​ ​ដើម្បី​ជួយ​ពង្រឹង ​និង​ទប់ទល់​ភាព​រឹងមាំ​របស់​ធនាគារ​រដ្ឋ​ធំ​ៗ​ផ្សេងទៀត​។​

បច្ចុប្បន្ន​ ​វិស័យ​ធានារ៉ាប់រង​របស់​ចិន​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​ប្រាក់​ចំណេញ ​ដោយសារ​អត្រា​ការប្រាក់​បន្ត​ស្ថិត​ក្នុង​កម្រិត​ទាប​។ ទុន​ដែល​ទទួល​បាន​ ​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​បំពេញ​សាច់​ប្រាក់​បម្រុង​ឡើង​វិញ​ ​ព្រមទាំង​ជួយ​រក្សា​ការ​ពង្រីក​ឥណទាន​សម្រាប់​អាជីវកម្ម​នានា​។

​China ​Life ​Insurance ​បាន​គូសបញ្ជាក់​ថា​ ​ការ​ចាក់​បញ្ចូល​ថវិកា​នេះ​ ​គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ​របស់​ប្រទេស​ក្នុង​ការ​លើកកម្ពស់​សមត្ថភាព​វិស័យ​ហិរញ្ញវត្ថុ ​ដើម្បី​បម្រើ​សេដ្ឋកិច្ច​ពិតប្រាកដ​ ​និង​ជំរុញ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ ​និង​ធានារ៉ាប់រង​ប្រកបដោយ​គុណភាព​ខ្ពស់​ ​ព្រមទាំង​ពង្រឹង​សមត្ថភាព​ក្នុង​ការ​ទប់ទល់​នឹង​ហានិភ័យ​ផ្សេង​ៗ​។​

ការ​ប្រកាស​នេះ​ធ្វើឡើង​ចំពេល​ទីក្រុង​ប៉េកាំង​កំពុង​មាន​គោលបំណង​កែទម្រង់​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​ច្រើន​ ដូចជា​ ការ​ថយចុះ​នៃ​កម្លាំង​ពលកម្ម​ វិបត្តិ​អចលន​ទ្រព្យ​ដែល​អូសបន្លាយ​រាប់​ឆ្នាំ​ ​និង​ការ​ប្រកួតប្រជែង​ផ្នែក​ពាណិជ្ជកម្ម ​និង​បច្ចេកវិទ្យា​ជាមួយ​អាម៉េរិក​។​

​កំណើន​សេដ្ឋកិច្ច​របស់​ចិន​បាន​ថយចុះ​យ៉ាង​ខ្លាំង​នៅ​ចន្លោះ​ដើម​ខែ​មេសា ​និង​ចុង​ខែ​មិថុនា ​ដោយសារ​តម្រូវការ​ក្នុង​ស្រុក​មាន​កម្រិត​ទាប ​និង​ផលប៉ះពាល់​ផ្សេង​ៗ​។​ ​សេដ្ឋកិច្ច​ចិន​មាន​កំណើន​ ៤​,​៣ ​ភាគរយ​នៅក្នុង​ត្រីមាស​ទី​ពីរ ​ដែល​ទាប​ជាង​គោលដៅ​ប្រចាំ​ឆ្នាំ​របស់​ទីក្រុង​ប៉េកាំង​ ​និង​ធ្លាក់ចុះ​ពី​កំណើន ៥​ ​ភាគរយ​នៅក្នុង​ត្រីមាស​ទី​មួយ​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា