ចិនប្រឆាំងយ៉ាងដាច់អហង្ការចំពោះការបើកការស៊ើបអង្កេតសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ក្រោមមាត្រា ៣០១ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិនប្រឆាំងយ៉ាងដាច់អហង្ការចំពោះការបើកការស៊ើបអង្កេតសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ក្រោមមាត្រា ៣០១

ចិនប្រឆាំងយ៉ាងដាច់អហង្ការចំពោះការបើកការស៊ើបអង្កេតសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ក្រោមមាត្រា ៣០១

បរទេស៖ ចិនប្រឆាំងយ៉ាងដាច់អហង្ការចំពោះការសម្រេចចិត្តរបស់អាម៉េរិក ក្នុងការបើកការស៊ើបអង្កេតក្រោមមាត្រា ៣០១ ទៅលើសេដ្ឋកិច្ចចំនួន ៦០ ប្រទេស ដោយសារវាបង្កការរំខានយ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ។ នេះបើយោងតាមការរាយការណ៍ពីព័ត៌មានស៊ីនហួរ។

Advertisement

កាលពីថ្ងៃទី ១២ ខែមីនា អាម៉េរិកបានប្រកាសពីការស៊ើបអង្កេតក្រោមមាត្រា ៣០១ ក្រោមការអះអាងថា ខ្លួនបរាជ័យក្នុងការហាមឃាត់ការនាំចូលទំនិញ ដែលផលិតលើសចំណុះ និងតាមរយៈកម្លាំងពលកម្មដោយបង្ខំ។ អាម៉េរិកនឹងបើកការស៊ើបអង្កេតលើសេដ្ឋកិច្ចចំនួន ៦០ ប្រទេស រួមមានទាំងចិន ផងដែរ។

នៅថ្ងៃចន្ទ នេះ ក្រសួងពាណិជ្ជកម្មចិន បានចេញសេចក្តីថ្លែងការណ៍ថា ចិនបានបញ្ជូនតំណាងរបស់ខ្លួនទៅពិភាក្សាលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ជាមួយភាគីអាម៉េរិកនៅទីក្រុងប៉ារីស ប្រទេសបារាំង។ សេចក្តីថ្លែងការណ៍ បានឱ្យដឹងថា៖

“យើងជំរុញឱ្យភាគីសហរដ្ឋអាម៉េរិកកែតម្រូវកំហុសរបស់ខ្លួនភ្លាមៗ ខណៈដែលបានពិភាក្សាជាមួយចិនពាក់កណ្តាលផ្លូវហើយនោះ ដូចជា ការប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក និងការពិគ្រោះដោយស្មើភាព និងស្វែងរកដំណោះស្រាយចំពោះបញ្ហាតាមរយៈការសន្ទនា និងការពិគ្រោះយោបល់។”

លើសពីនេះ អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មចិន បានច្រានចោលការចោទប្រកាន់របស់អាម៉េរិក ដោយចង្អុលបង្ហាញថា ភាគីអាម៉េរិក បានរៀបចំព្រៀងទុកលើបញ្ហាកម្លាំងពលកម្មដោយបង្ខំជាយូរមកហើយ និងដាក់ការរឹតបន្តឹងពាណិជ្ជកម្មជាបន្តបន្ទាប់លើប្រទេសចិន ដោយផ្អែកលើការចោទប្រកាន់ទាំងនេះ។

អ្នកនាំពាក្យលើកឡើងថា ចិនគឺជាស្ថាបនិកមួយនៃអង្គការពលកម្មអន្តរជាតិ (IL0) បានផ្តល់សច្ចាប័នលើអនុសញ្ញាការងារអន្តរជាតិចំនួន ២៨ និងបានបង្កើតប្រព័ន្ធច្បាប់ការងារ និងបទប្បញ្ញត្តិទូលំទូលាយ ដើម្បីការពារប្រយុទ្ធប្រឆាំងនឹងកម្លាំងពលកម្មដោយបង្ខំ។ អ្នកនាំពាក្យកត់សម្គាល់ថា អាម៉េរិកមិនទាន់បានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីការងារដោយកម្លាំងពលកម្មបង្ខំឆ្នាំ ១៩៣០ នៅឡើយទេ ប៉ុន្តែបែរជារៀបចំព្រៀងទុកលើការស៊ើបអង្កេតពាក់ព័ន្ធបញ្ហាកម្លាំងពលកម្មដោយបង្ខំជាយូរមកហើយ ខណៈដែលច្រានចោលច្បាប់អន្តរជាតិដែលផ្សាភ្ជាប់នឹងបញ្ហានេះ។

អ្នកនាំពាក្យ បានបន្ថែមថា វិធានការណ៍ចុងក្រោយរបស់អាម៉េរិក ដែលជាការស៊ើបអង្កេតក្រោមមាត្រា ៣០១ ប្រឆាំងនឹងប្រទេសចិន និងប្រទេសៗផ្សេងទៀត គឺជាការប៉ុនប៉ងដំឡើងរបាំងពាណិជ្ជកម្មមានលក្ខណៈឯកតោភាគី បំពាន និងរើសអើង ដែលធម្មតាត្រូវបានចាត់ទុកថា ជាការគាំពារនិយម។

ជាលទ្ធផល  វិធានការណ៍នេះនឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល ហើយរំខានយ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិថែមទៀតផង។ ទន្ទឹមនឹងនេះ ចិននឹងតាមដានយ៉ាងដិតដល់នូវដំណើរការស៊ើបអង្កេតនេះ ជាមួយនឹងការត្រៀមចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនយ៉ាងម៉ឺងម៉ាត់៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា