ចិន​ប្រមូល​ទិញ​មាស​ជាង​​ ២០ តោន​ក្នុង​ខែ​សីហា ​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន​ប្រមូល​ទិញ​មាស​ជាង​​ ២០ តោន​ក្នុង​ខែ​សីហា ​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​

ចិន​ប្រមូល​ទិញ​មាស​ជាង​​ ២០ តោន​ក្នុង​ខែ​សីហា ​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​

​បរទេស​៖​ ធនាគារ​កណ្តាល​ចិន​បានប្រមូល​ទិញ​មាស​បន្ថែម​ចំនួន​ ​២០​,​២ តោន ​ចូល​ក្នុង​ទុន​បម្រុង​របស់​ខ្លួន​កាលពី​ខែ​សីហា ​ដែល​ជា​កម្រិត​ទិញ​ប្រចាំ​ខែ​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​។ ​នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​ Kitco​។​

​ការ​ទិញ​មាស​បន្ថែម​នេះ​បាន​ជំរុញ​ឱ្យ​ទុន​បម្រុង​មាស​សរុប​របស់​ចិន​កើនឡើង​ដល់​ប្រមាណ ២​ ៣៨៧​ តោន​។ ​គិត​មក​ទល់​ពេលនេះ​ ​ចិន​បាន​បង្កើន​ទុន​បម្រុង​មាស​របស់​ខ្លួន​អស់​រយៈពេល​ ២២ ​ខែ​ជាប់​ៗ​គ្នា​។

​ជាមួយគ្នា​នេះ​ តម្លៃ​ទុន​បម្រុង​មាស​របស់​ចិន​ក៏​បាន​កើនឡើង​យ៉ាង​ខ្លាំង​ផងដែរ​ ​ដោយ​កើន​ពី​ ​៣០​៦​,​៣៥ ​ពាន់​លាន​ដុល្លារ ​ក្នុង​ខែ​កក្កដា ​ដល់​ ​៣៥០​,​០៨ ​ពាន់​លាន​ដុល្លារ ​ក្នុង​ខែ​សីហា ​ពោល​គឺ​កើនឡើង​ប្រមាណ​ ៤៣​,​៧ ពាន់​លាន​ដុល្លារ ​ក្នុង​រយៈពេល​ត្រឹម​មួយ​ខែ​។​

ធនាគារ​កណ្តាល​ចិន​បាន​ជំរុញ​ការ​ទិញ​មាស​បន្ថែម​យ៉ាង​ខ្លាំង ​បន្ទាប់ពី​តម្លៃ​មាស​បាន​ថយចុះ​បន្តិច​កាលពី​ដើម​ឆ្នាំ​នេះ​។ ការ​បង្កើន​ការ​កាន់កាប់​មាស​បាន​ធ្វើឱ្យ​ចិន​ក្លាយជា​ប្រទេស​ដែល​មាន​ទុន​បម្រុង​មាស​ច្រើន​ជាង​គេ​លំដាប់​ទី ​៦​ ​នៅលើ​ពិភពលោក​។

យោង​តាម​របាយការណ៍​ស្តីពី​ការ​ទិញ​មាស​របស់​ធនាគារ​កណ្តាល​ពី​ក្រុមប្រឹក្សា​មាស​ពិភពលោក​ ​(​WGC​)​ ​បាន​ឱ្យ​ដឹង​ថា​ ​ធនាគារ​កណ្តាល​ចិន ​និង​ប៉ូឡូញ​នៅតែ​ជា​អ្នក​ទិញ​មាស​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​ ​២០​២៦​។

​លោក​ស្រី​ ​Marissa Salim ​ប្រធាន​ផ្នែក​ស្រាវជ្រាវ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​ W​G​C ​បាន​សរសេរ​ក្នុង​របាយការណ៍​ថា​ ​ចិន​បាន​ទិញ​មាស​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ធនាគារ​កណ្តាល​ ​ដោយ​មាន​ចំនួន​ ​២០​ តោន ​ខណៈ​ប៉ូឡូញ​ទិញ​ ៨ តោន​។

​អ្នក​ទិញ​សំខាន់​ៗ​ផ្សេងទៀត​រួមមាន​ ធនាគារ​ជាតិ​សាធារណរដ្ឋ​ឆែក ​ដែល​ទិញ​មាស​ ២ តោន និង​ធនាគារ​ជាតិ​កាហ្សាក់​ស្ថាន​ ​ធនាគារ​កណ្តាល​ម៉ាឡេស៊ី ​និង​ធនាគារ​កណ្តាល​បូលីវី ​(​CBB​)​ ​ដែល​ទិញ​មាស​ចំនួន​ ​១ តោន​រៀង​ៗ​ខ្លួន​កាលពី​ខែ​កក្កដា​។

​គិត​ចាប់​តាំងពី​ដើម​ឆ្នាំ​រហូត​មក​ទល់​ពេលនេះ​ ប៉ូឡូញ​នៅតែ​គ្រង​តំណែង​ជា​អ្នក​ទិញ​មាស​កំពូល ​ដោយ​បាន​ទិញ​សរុប​ ៩០ តោន​ក្នុង​ឆ្នាំ​នេះ​។​ ​បច្ចុប្បន្ន​ ប៉ូឡូញ​មាន​ទុន​បម្រុង​មាស​ចំនួន​ ៦៤០ តោន ​ដែល​ខិតជិត​ដល់​គោលដៅ ៧០០​ តោន​របស់​ខ្លួន​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា